Dear my សង្សារ! អាចទេ សន្យានឹងខ្ញុំថាអ្នកនៅបែបនេះជារៀងរហូត មិនប្រែ?

  • 2019-06-13 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​នេះ​ម៉ោង​នេះ​ខ្ញុំ​កំពុង​ឱប​អ្នក ខ្ញុំ​មិន​និយាយ​អ្វី តែ​ខ្ញុំ​កំពុង​តែ​ត្រូវ​បាន​គំនិត​មួយ​រត់​ត្របាញ់​ពេញ​ខួរ​ក្បាល នោះ​គឺ តើ​ខ្ញុំ​អាច​ឱប​អ្នក​ដល់​ពេល​ណា? តើ​យើង​នៅ​មាន​ពេល​សេស​សល់​បាន​ប៉ុន្មាន​ទៀត? តើ​អ្នក​នឹង​នៅ​តែ​ជា​អ្នក​របៀប​នេះ​បាន​ដល់​ពេល​ណា? តើ​អ្នក​នឹង​ផ្លាស់​ប្ដូរ​ទៅ​ជា​ធុញ​ទ្រាន់​នឹង​ខ្ញុំ​ដូច​សង្សារ​ចាស់​ខ្ញុំ​ទេ? បើ​អ្នក​ផ្លាស់​ប្ដូរ តើ​ខ្ញុំ​នឹង​យំ ខូច​ចិត្ត​យ៉ាង​ណា​ទៅ?

វា​ជា​អារម្មណ៍​មួយ​ដែល​នៅ​ដក់​ជាប់​នឹង​បេះដូង​មួយ​នេះ​រហូត​មក។ ខ្ញុំ​ទទួល​ស្គាល់​ថា ដោយសារ​ខ្ញុំ​មិន​ចូល​ចិត្ត​បើក​ចំហ​ទំនាក់ទំនង វា​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​រង​គំនិត​ដែល​គាប​សង្កត់​អារម្មណ៍​មួយ​ចំនួន​បែប​នោះ ។ អារម្មណ៍​ដែល​អាច​បាត់​បង់​គេ អារម្មណ៍​ដែល​គិត​ថា​គេ​អាច​នឹង​ក្បត់ និង​អារម្មណ៍​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​មិន​សុខ​ផ្សេង​ៗ​ទៀត។ ប៉ុន្តែ​រាល់​ថ្ងៃ​នេះ​ ខ្ញុំ​ចង់​ប្រាប់​អ្នក​ថា ខ្ញុំ​មាន​ក្តី​សុខ​ខ្លាំង​ណាស់ ពេល​នៅ​ជា​មួយ​អ្នក អ្នក​ព្យាយាម​រក្សា​ទឹក​ចិត្ត​ខ្ញុំ​ទោះ​បី​ខ្ញុំ​រក​រឿង ង៉ក់​ង​នឹង​អ្នក​យ៉ាង​ណា​ក៏​ដោយ។

ទង្វើ​អ្នក​ ទោះ​ថា​វា​មិន​រ៉ូ​មែន​ទិក​ដូច​អ្នក​ដទៃ តែ​វា​ក៏​គ្រប់​គ្រាន់​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​បាន។ អ្នក​មិន​បាន​ទុក​ខ្ញុំ​ឲ្យ​នៅ​ម្នាក់​ឯង​ដូច​អ្នក​ដទៃ អ្នក​ព្យាយាម​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត នាំ​ខ្ញុំ​ញ៉ាំ​អ្វី​ដែល​ខ្ញុំ​ចង់​ញ៉ាំ កំដរ​មើល​រឿង ចែក​រំលែក​នំ​ចំណី​ដែល​អ្នក​មាន​ឲ្យ​ខ្ញុំ អាវ​ក្រៅ​របស់​អ្នក​ដែល​ឲ្យ​ខ្ញុំ​ពាក់ ចិញ្ចៀន​អ្នក​ដែល​ខ្ញុំ​ពាក់​រាល់​ថ្ងៃ ។គ្រប់​យ៉ាង​នេះ ទោះ​ថា​អ្នក​ក្រៅ​មើល​មក​ថា​យើង​មិន​សម​នឹង​គ្នា​បែប​ណា តែ​វា​មាន​ន័យ​ណាស់​សម្រាប់​ខ្ញុំ។ ខ្ញុំ​មិន​ដឹង​ទេ​ថា យើង​នឹង​នៅ​បែប​នេះ​បាន​រហូត​ដល់​ពេល​ណា។

ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា អ្នក​នឹង​នៅ​ក្បែរ​ខ្ញុំ​រហូត កំដរ​ខ្ញុំ ឱប​ខ្ញុំ​ពេល​ខ្ញុំ​យំ និង​មិន​លែង​ដៃ​ក្មេង​ល្ងង់​ម្នាក់​នេះ​ដូច​អ្នក​ដទៃ​នោះ​ទេ។ ខ្ញុំ​មិន​ចេះ​ប្រើ​ពាក្យ​ស្រលាញ់​នឹង​ផ្អែម​ល្ហែម​ដូច​គេ​ទេ ប៉ុន្តែ​ខ្ញុំ​អាច​សន្យា​បាន​ថា​ខ្ញុំ​នឹង​មិន​បោះ​បង់​អ្នក ឬ​ ក្បត់​អ្នក​ដូច​ស្រី​ផ្សេង​ទៀត​ដែរ។

ចុចអាន៖ ​​ ក្តីសុខបំផុត ពេលមនុស្សអ្នកលួចស្រលាញ់សារភាពថា គេក៏ស្រលាញ់អ្នកវិញដែរ

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម