កុំឲ្យប្រាសាទខ្នារឯកាទៀត បបួលគ្នាទៅលេងទេសភាពផ្ការីក ទាក់ចិត្តមិនធម្មតា

  • 2019-06-10 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​នេះ​ជា​​ទេសភាព​ស្អាត​​ជាប់​ចិត្ត​​ មាន​ផ្កា​ព្រៃ​និង​រុក្ខជាតិ​បៃ​តង​ដុះ​តាម​​​ដង​ជណ្ដើរ​ជាង​២​ពាន់​កាំ ​កំដរ​លោក​អ្នក​ឡើង​ទៅ​កំពូល​ប្រាសាទ ស្ថិត​នៅ​តាម​​ជួរ​ភ្នំ​ដង​រែក ព្រំដែន​កម្ពុជា​ថៃ ​ក្នុង​ទឹក​ដី​ឧត្តរមានជ័យ​។ នោះ​គឺ​នៅ​​ប្រាសាទ​ខ្នារ ​ដែល​​ស្ថិត​ក្នុង​ភូមិ​ទឹក​ចោល ​សង្កាត់​កូន​ក្រៀល ក្រុង​សំ​រោង ​ ដែល​ធ្វើ​ឲ្យ​លោក​អ្នក​បំ​បាត់​ទុក្ខ​កង្វល់​ពេល​បាន​ទៅ​លេង​នៅ​​ប្រាសាទ​នេះ ​ដែល​ធ្លាប់​តែ​ឯកោ​ មិន​សូវ​មាន​អ្នក​ទេស​ចរ​ណា​ទៅ​ដល់។

​ថ្វី​​បើ​​ប្រាសាទ​នេះ​រង​ការ​បែក​បាក់​ ខូច​ខាត​ស្ទើរ​ទាំង​ស្រុង ​តែ​អ្វី​ដែល​ចង​ភ្ជាប់​ចិត្ត​ភ្ញៀវ​ទេសចរ​​ឲ្យ​​លាន់​មាត់​សរសើរ​​គឺ​ ទី​នោះ​មាន​ខ្យល់​បរិសុទ្ធ​ ​ព្រៃឈើ​ខៀវខ្ចី​ ​ហើយ​នៅ​ផ្នែក​ខាងក្រោម​ក្បែរ​ជើងភ្នំ​ មាន​វាល​ស្រែ​ និង​ដំណាំ​ចម្ការ​ចម្រុះ​ពណ៌​បៃតង​។ ​

​លោក​អ្នក​ត្រូវ​ដើរ​តាម​ជណ្ដើរ​ឈើ​ទើប​សាង​សង់​មាន​ចំនួន ១១៨១ កាំ ដើម្បី​ឃើញ​​​ឲ្យ​ជាក់​នឹង​ភ្នែក​នូវ​ទិដ្ឋភាព​ស្អាត​គ្មាន​ពីរ​ ក្នុង​រដូវ​កាល​នេះ។ ​​ទោះ​បី​ខ្ពស់​បន្តិច និង​ប្រើ​រយៈ​ពេល​យូរ​គួរ​សម​ដើម្បី​ឡើង​ដល់​ តែ​នៅ​តាម​ដង​ផ្លូវ​លោក​​អ្នក​នឹង​ភ្ញាក់​ផ្អើល​ជាមួយ​ទេសភាព​បៃ​តង​ខ្ចី​ ដុះ​អម​សង​ខាង​ជណ្ដើរ ប្រៀប​ដូច​បរិវារ​ហែរ​ហម​មិន​ឲ្យ​អ្នក​អផ្សុក​​ឡើយ។ ​លើស​ពី​នេះ ផ្កា​រីក​ចម្រុះ​នឹង​រុក្ខជាតិ លតាវល្លិ៍​បន្សំ​គ្នា ​បង្កើត​ជា​ទេសភាព​មួយ​បែ​ប​ទៀត ឲ្យ​អ្នក​បាន​ទៅ​លេង​ថត​រូប​មិន​ជិន​ណាយ។ ​

​  បច្ចុប្បន្ន​ប្រាសាទ​ខ្នារ ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ និង​កង​កម្លាំងយោធា​ការពារ​ព្រំដែន​បាន​ស្ថាបនា​ផ្លូវ​ ដោយធ្វើ​ជណ្ដើរ​ឈើ​ឡើង ។ ដូច្នេះ​មាន​មនុស្សម្នា​ទៅ​កម្សាន្ត​​ច្រើនតែ​ចំ​ថ្ងៃ​ចុង​សប្ដាហ៍​ ឬ​មុន​ថ្ងៃបុណ្យ​ធំ​ៗ​ ចូលឆ្នាំ​និង​រដូវ​ភ្ជុំបិណ្ឌ​មកដល់​តែប៉ុណ្ណោះ​។ កុំ​ឲ្យ​​ប្រាសាទ​នេះ​បន្ត​​ឯកា​ទៀត កុំ​ភ្លេច​មក​លេង​ឲ្យ​បាន​ច្រើន​ទាំង​អស់​គ្នា៕ ​

​រូបភាព៖ ​ទេសចរណ៍

​ចុចអាន៖ ​ ស្មានសួននៅជប៉ុន! តាមពិតផ្កា​ស្មៅ​ពណ៌​ផ្កាឈូក ខេត្ត​បាត់​ដំ​បង រីកស្គុះស្គាយស្អាតខ្លាំងកម្រជួប

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម