មិនចង់ខុសម្តងហើយម្តងទៀតក្នុងរឿងស្នេហា គួរអានអត្ថបទនេះ

  • 2019-06-03 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាំ​ពី​ស្នេហា​មុន​ៗ​របស់​អ្នក​ទេ​?​ តើ​អ្នក​ធ្លាប់​ស្ដាយ​ក្រោយ​ ហើយ​ចង់​ឲ្យ​ពេល​វេលា​វិល​ថយ​ក្រោយ​ដើម្បី​ទៅ​កែ​ប្រែ​កំហុស​នោះ​វិញ​ទេ​?​ ប្រាកដ​ណាស់​គ្រប់​គ្នា​នឹង​​ធ្លាប់​មាន​អារម្មណ៍​មួយ​នេះ​យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ជីវិត​។​ យើង​ភាគ​ច្រើន​ដឹង​ថា​វា​ហួស​ពេល​ ហើយ​ម្នាក់​ៗ​តែង​តែ​នឹក​ដល់​ទំនាក់​ទំនង​ដែល​ល្អ​មួយ​។​

មុន​នឹង​ចង់​បង្កើត​ស្នេហា​ ត្រូវ​ប្រាកដ​ថា​អ្នក​ទាំង​ពីរ​ជ្រើស​រើស​យក​គ្នា​ដោយ​សារ​ហេតុផល​ដែល​ល្អ​មួយ

មិន​មែន​គ្រប់​ទំនាក់​ទំនង​ទាំង​អស់​សុទ្ធ​តែ​ល្អ​ទេ​។ បើ​សិន​ជា​អ្នក​មាន​ការ​សង្ស័យ​តិចតួច​ក្នុង​ការ​ស្រលាញ់​របស់​អ្នក​ ត្រូវ​គិត​ពី​ហេតុផល​ល្អ​ៗ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រលាញ់​គេ​។ បើ​អ្នក​ជ្រើស​រើស​ពួក​គេ​ដោយសារ​តែ​ហេតុផល​ដែល​បាន​សរសេរ​ប្រាប់​ដូច​ខាង​ក្រោម​នេះ​ វា​ដល់​ពេល​ហើយ​ដែល​អ្នក​គួរ​តែ​គិត​ឡើង​វិញ​ម្ដង​ទៀត​៖

១. ដោយ​សារ​អ្នក​មាន​សម្ពាធ​ពី​គ្រួសារ​ សង្គម​ មិត្ត​ភក្តិ …

២. ដោយ​សារ​អ្នក​មិន​ចង់​បន្ត​ការ​ស់​នៅ​ម្នាក់​ឯង​ទៀត​

៣. ដោយ​សារ​អ្នក​មាន​អារម្មណ៍​ថា​បើ​សិន​ជា​អ្នក​មាន​អ្នក​ស្រលាញ់​ម្នាក់​ប្រហែល​ជា​ល្អ​ វា​ប្រហែល​ជា​ធ្វើ​ឲ្យ​ស្ថាន​ភាព​ក្នុង​ពេល​ថ្មី​ៗ​នេះ​ល្អ​ ឬ​ក៏​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាង​មុន

៤. ដោយ​សារ​អ្នក​ចង់​ឲ្យ​នរណា​ម្នាក់​មក​ជួយ​ជួសជុល​និង​ផ្លាស់​ប្តូរ​បញ្ហា​របស់​អ្នក

៥. ដោយ​សារ​តែ​អ្នក​នៅ​ក្មេង​ ហើយ​ត្រូវ​ការ​សេចក្ដី​ស្រលាញ់​។

ហេតុផល​​ខាង​លើ​នេះ​មិន​ប្រាកដ​ថា​ជា​ហេតុផល​ដែល​បង្ខំ​ឲ្យ​អ្នក​បែក​គ្នា​ទេ​ គ្រាន់​តែ​អ្នក​ត្រូវ​ការ​ចំណាយ​ពេល​គិត​ពី​វា​ អ្នក​នឹង​ដឹង​ពី​បញ្ហា​របស់​អ្នក​ ហើយ​នឹង​មាន​អារម្មណ៍​ល្អ​ជាង​មុន​។​

បើ​សិន​ជា​ទំនាក់​ទំនង​មិន​ល្អ​ទេ​ បោះ​បង់​ចោល​ទៅ

វា​ពិបាក​ណាស់​ក្នុង​ការ​វាយ​តម្លៃ​លើ​ទំនាក់​ទំនង​របស់​អ្នក​។ តែ​វា​មាន​តម្លៃ​បើ​សិន​ចំណាយ​ពេល​ធ្វើ​វា​។​ បើ​សិន​ជា​មាន​សញ្ញា​ដូច​ខាង​ក្រោម​នេះ​បង្ហាញ​ខ្លួន​ឡើង​ក្នុង​ស្នេហា​របស់​អ្នក​ ច្បាស់​ណាស់​នឹង​មាន​អ្វី​មិន​ប្រក្រតី​កើត​ឡើង​ក្នុង​ទំនាក់​ទំនង​នោះ​ហើយ​៖

១​. អ្នក​មាន​អារម្មណ៍​ថា​អ្នក​ និង​គេ​មិន​ដែល​សម្រេច​ចិត្ត​ដូច​គ្នា​

២. អ្នក​មិន​អាច​សម្រប​សម្រួល​ការ​ខ្វែង​គំនិត​បាន​

៣. អ្នក​រង​ការ​គំរាម​កំហែង

៤. មាន​ម្នាក់​ ឬ​អ្នក​ទាំង​ពីរ​កុហក​គ្នា​

៥. គេ​ដូច​ជា​ត្រូវ​បាន​គ្រប់​គ្រង​ ឬ​រៀប​ចំ​ដោយ​នរណា​ម្នាក់

៦. អ្នក​មើល​មិន​ឃើញ​ពី​ពន្លឺ​អនាគត​ជា​មួយ​គ្នា​។

បញ្ហា​ខ្លះ​អាច​ដោះ​ស្រាយ​បាន​ ប៉ុន្តែ​បញ្ហា​ខ្លះ​ទៀត​ការ​បញ្ចប់​គឺ​ជា​ផ្លូវ​ចេញ​ដ៏​ល្អ​បំផុត។​

ពេល​អ្នក​ដឹង​ថា​វា​មាន​តម្លៃ​ អ្នក​ត្រូវ​​តែ​ចេះ​លៃលក​រក្សា​សុភមង្គល​មួយ​នោះ

មិន​ថា​អ្នក​ស្រលាញ់​គ្នា​បាន​ ២ ខែ​ ឬ​បាន​រស់​នៅជាមួយ​គ្នា​លើស​ ២០​ ឆ្នាំ​ហើយ​ក៏​ដោយ​អ្នក​ត្រូវ​តែ​ចង​ចាំ​ថា​ស្នេហា​របស់​អ្នក​ជា​ស្នេហា​ថ្មី​ជា​និច្ច​។​ ទំនាក់​ទំនង​មួយ​ដែល​មើល​ចេះ​មើល​ថែ​គ្នា​ដោយ​ភាព​រ៉ូមែនទិក​ ហើយ​និង​ពោរពេញ​ដោយ​ភាព​រីករាយ​គឺ​ពិត​ជា​សំខាន់​ណាស់​។​ កុំ​ភ្លេច​ចំណាយ​ពេល​ណាត់​ជួប​គ្នា​ ទោះ​បី​ជា​អ្នក​ទាំង​ពីរ​រស់​នៅ​ជា​មួយ​គ្នា​ក៏​ដោយ​។​ អ្នក​អាច​លៃ​លក​ពេល​ល្ងាច​ជា​រៀងរាល់​អាទិត្យ​ ឬ​ប្រចាំ​ខែ​ធ្វើ​អ្វី​ដែល​រ៉ូមែនទិក​ជា​មួយ​គ្នា​។​ វា​នឹង​កាន់​តែ​អស្ចារ្យ​ប្រសិន​បើ​អ្នក​ឧស្សាហ៍​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ឆ្ងាយ​ៗ​ជា​មួយ​គ្នា​រៀង​រាល់​ឆ្នាំ​។​

ឈប់​ប្រៀប​ធៀប​ស្នេហា​ខ្លួន​ឯង​ជា​មួយ​ស្នេហា​របស់​អ្នក​ដទៃ

គ្មាន​នរណា​ម្នាក់​មាន​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ដូច​អ្នក​ដទៃ​ទេ​។​ ក្តី​ស្រលាញ់​​របស់​មនុស្ស​ប្រុស​ពីរ​នាក់​មិន​ដូច​គ្នា​នោះ​ទេ​។​ លើស​ពី​នេះ​វា​មាន​រឿង​ជា​ច្រើន​នៅ​ពី​ក្រោយ​ខ្នង​ដែល​អ្នក​មិន​បាន​ដឹង​ ប្រហែល​ជា​អ្វី​ៗ​គ្រប់​យ៉ាង​មិន​ស្រស់​ស្អាត​ដូច​ដែល​អ្នក​បាន​ឃើញ​នោះ​ទេ​។​ ជំនួស​ឲ្យ​ការ​ប្រៀប​ធៀប​ស្នេហា​ខ្លួន​ឯង​ជា​មួយ​ស្នេហា​អ្នក​ដទៃ​ អ្នក​គួរ​តែ​ផ្ដោត​លើ​រឿង​សំខាន់​ក្នុង​ទំនាក់​ទំនង​របស់​អ្នក។​

យក​ក្ដី​ស្រលាញ់​ផ្សំ​ជា​មួយ​នឹង​ការ​ប្ដេជ្ញា​ចិត្ត

គ្រាន់​តែ​ការ​ស្រលាញ់​តែ​ម៉្យាង​គឺ​មិន​គ្រប់​គ្រាន់​ទេ​ សួរ​អ្នក​ដែល​ចាស់​ទុំ​ជាង​អ្នក​ទៅ​គេ​នឹង​ប្រាប់​ចម្លើយ​បែប​នេះ​ដូច​គ្នា​។ វា​នឹង​មាន​ពេល​ខ្លះ​ដែល​ធ្វើឲ្យ​អ្នក​ស្អប់​ និង​មិន​ពេញ​ចិត្ត​ជា​មួយ​ដៃ​គូ​របស់​អ្នក​ ប៉ុន្តែ​មិន​អាច​ចាក​ចេញ​ពី​គេ​បាន​។​ នោះ​ហើយ​ជា​អត្ថន័យ​របស់​ពាក្យ​ថា​ ប្ដេជ្ញា​ ជា​ការ​សន្យា​ មិន​បោះ​បង់​ចោល​គ្នា​ក្នុង​ពេល​លំបាក​ណា​មួយ​។​ ការ​ប្ដេជ្ញា​ចិត្ត​ក៏​ជា​គន្លឹះ​រក្សា​ទំនាក់​ទំនង​ឲ្យ​នៅ​បាន​យូរ​អង្វែង​ដែរ​៕

ចុចអាន៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម