ទង្វើបែបនេះ បញ្ជាក់ថាគេគ្រាន់តែមានអារម្មណ៍ល្អនឹងអ្នក តែមិនបានស្រលាញ់ទេ

  • 2019-05-28 07:44:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ខ្លះ​សុខ​ចិត្ត​អន់​ទោស​ឲ្យ​គេ​ ព្រោះ​គិត​ថា​ពួក​គេ​គិត​ថា​វា​នឹង​កន្លង​ផុត​ ហើយ​នឹង​ប្រែ​ជា​ល្អ​ប្រសើរ​។​ ធ្វើ​បែប​ហ្នឹង​ប្រៀប​ដូច​ជា​អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​ធ្លាក់​ចូល​ក្នុង​ភាព​ឈឺ​ចាប់​ សូម​ព្យាយាម​គិត​សារ​ជា​ថ្មី​ មើល​ឲ្យ​ច្បាស់​ម្ដង​ទៀត។​ បើ​សិន​ជា​មនុស្ស​ដែល​អ្នក​កំពុង​តែ​ទាក់​ទង​ធ្វើ​រឿង​ទាំង​ ៤​ យ៉ាង​នេះ​ អ្នក​គួរ​តែ​​ផ្ដាច់​ទំនាក់​ទំនង​ចេញ​ពី​គេ​ទៅ​។​ វា​នឹង​ល្អ​សម្រាប់​បេះ​ដូង​អ្នក​។​

១. គាត់​មិន​ច្បាស់​លាស់ (តែ​អ្នក​គិត​តែ​ម្នាក់​ឯង​ថា​វា​ជា​ស្នេហា)

សម្ដី​រាប់​លាន​ម៉ាត់​ ជួន​កាល​វា​មិន​សំខាន់​ដូច​ទង្វើ​នោះ​ទេ​។​ ថ្ងៃ​នេះ​គេ​ប្រាប់​ថា​ស្រលាញ់​អ្នក​ចង់​រស់​នៅ​ជា​មួយ​អ្នក​ ប៉ុន្តែ​ទង្វើ​ដែល​បង្ហាញ​ចេញ​មក​មិន​ដូច​អ្វី​ដែល​គេ​និយាយ​ទាល់​តែ​សោះ​។​ ពេល​ខ្លះ​អ្នក​មិន​ច្បាស់​ក្នុង​ចិត្ត​ទេ​ តែ​ធ្វើ​ដូច​ជា​ដឹង​រឿង​គ្រប់​យ៉ាង​ច្បាស់​ ហើយ​លួច​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​គេ​នឹង​ច្បាស់​លាស់​ជា​មួយ​អ្នក​។​ អ្នក​ដើរ​ប្រាប់​គេ​គ្រប់​គ្នា​ថា​បុរស​ម្នាក់​នេះ​ជា​ប្រុស​ដែល​ខ្ញុំ​ស្រលាញ់​ តែ​គេ​ដើរ​ប្រាប់​អ្នក​គ្រប់​គ្នា​ថា​អ្នក​គ្រាន់​តែ​ជា​មនុស្ស​ដែល​គេ​ណាត់​ជួប​តែ​ប៉ុណ្ណោះ​ ព្រោះ​តែ​គេ​មិន​ច្បាស់​លាស់​ជា​មួយ​អ្នក។

២. សុំ​ពេល​អ្នក​ម្ដង​ហើយ​ម្ដង​ទៀត​ទៅ​ជម្រះ​រឿង​ចាស់​ៗ​ជា​មួយ​អ្នក​ផ្សេង

គេ​សួរ​អ្នក​ថា​តើ​ស្រលាញ់​គេ​ទេ​ តែ​គេ​វិញ​បែរ​ជា​សុំ​ពេល​ទៅ​បញ្ចប់​រឿង​ជា​មួយ​អ្នក​ផ្សេង​។​ បើ​សិន​ជា​គិត​ឲ្យ​បាន​ច្បាស់​ទៅ​ ពេល​មនុស្ស​ម្នាក់​ប្រាកដ​ជា​ស្រលាញ់​យើង​មែន​ គេ​នឹង​បញ្ចប់​រឿង​គ្រប់​យ៉ាង​ជា​មួយ​អ្នក​ផ្សេង​ឲ្យ​បាន​រួច​រាល់​ហើយ​ ទើប​មក​ទាក់​ទង​យើង​ មិន​មែន​ទុក​ឲ្យ​ទំនាក់​ទំនង​មួយ​នេះ​នៅ​មិន​ច្បាស់​លាស់​ហើយ​ប្រទាក់​ក្រឡា​គ្នា​បែប​នេះ​ទេ​។ គេ​នឹង​មិន​សុំ​អ្នក​ឲ្យ​នៅ​រង​ចាំ​គេ​ទេ​ តែ​បើ​សិន​ជា​អ្នក​យល់​ព្រម​ចាំ​គេ​ដោយ​ខ្លួន​ឯង​ នោះ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​គ្មាន​តំណែង​ច្បាស់​លាស់​ក្នុង​បេះ​ដូង​គេ​ទេ​។

៣. ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ ហើយ​ប្រាប់​​ឲ្យ​អ្នក​អត់​ធ្មត់​និង​រង​ចាំ

អ្នក​នឹង​ធ្វើ​ឲ្យ​បេះ​ដូង​ខ្លួន​ឯង​ឈឺ​ចាប់​ បើ​អ្នក​ប្រើ​ប្រាស់​ការ​អត់​ធ្មត់​ខ្លួន​ឯង​រង់​ចាំ​មនុស្ស​ម្នាក់​ទាំង​ដែល​មិន​ដឹង​ពី​គោល​ដៅ​ច្បាស់​លាស់​ ហើយ​នៅ​តែ​គិត​ថា​គេ​កំពុង​តែ​ពុះ​ពារ​គ្រប់​យ៉ាង​ក្នុង​ក្ដី​ស្នេហា​មួយ​នេះ​។​ ស្នេហា​ដែល​ត្រូវ​រង​ចាំ​សម្រាប់​តែ​ការ​ឈឺ​ចាប់​ រង់​ចាំ​តែ​ម្នាក់​ឯង​ តើ​អ្នក​គិត​ថា​វា​ជា​ស្នេហា​ដែរ​ទេ​?

៤. គេ​គ្រាន់​តែ​មាន​អារម្មណ៍​ល្អ​ តែ​មិន​បាន​ស្រលាញ់​អ្នក​ទេ

ដោយ​សារ​តែ​គេ​តែង​តែ​និយាយ​ថា​គាត់​មាន​អារម្មណ៍​ល្អ​គ្រប់​ពេល​ដែល​នៅ​ជា​មួយ​អ្នក​ (​ទាំង​ដែល​គេ​មិន​ច្បាស់​ថា​អ្នក​នឹង​គេ​ជា​អ្វី​នឹង​គ្នា​)​ អ្នក​ដឹង​ទេ​ ពេល​ខ្លះ​អារម្មណ៍​ល្អ​មិន​មែន​សុទ្ធ​តែ​ជា​ស្នេហា​ទាំង​អស់​ទេ​ បើ​គេ​ពិត​ជា​ស្រលាញ់​អ្នក​ គេ​នឹង​បង្កើត​ទំនាក់​ទំនង​ និង​តំណែង​ដែល​ច្បាស់​លាស់​មួយ​ឲ្យ​អ្នក​៕

ចុចអាន៖ ដឹង​ពី​ភាសា​កាយវិការ ដើម្បី​ដឹង​ច្បាស់​ថា​គេ​មាន​ចិត្ត​លើ​អ្នក​ឬ​អត់

ប្រភព៖ pentahugs ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម