វិធី៣យ៉ាងស្រោចស្រង់ខ្លួនឯងឱ្យរស់ឡើងវិញ ក្រោយបែកបាក់ស្នេហា

  • 2019-05-23 03:51:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​ពេល​បែក​គ្នា​ដោយ​វិធី​ណា​ក៏​ដោយ យើង​តែង​ចង់​បែក​គ្នា​ដោយ​​សន្តិភាព និង​អាច​មើល​មុខ​​គ្នា​ដូច​ពី​មុន។ ប៉ុន្តែ​វា​ប្រហែល​គ្រាន់​តែ​ជា​ទ្រឹស្ដី​ប៉ុណ្ណោះ ចំណែក​ការ​អនុវត្ត​ពិត​ជា​មិន​ងាយ​ធ្វើ​បាន​ឡើយ ព្រោះ​ពី​មនុស្ស​ធ្លាប់​ស្រលាញ់​គ្នា ទៅ​ជា​បែក​បាក់ អ្នក​ណា​ទៅ​អាច​ញញឹម មិន​ឈឺ​ចាប់​បាន​នោះ។ អ៊ីចឹង ​ថ្ងៃ​នេះ​កញ្ញា​ចង់​បង្ហាញ​វិធី​៣​យ៉ាង​ដែល​អាច​ជួយ​ស្រោច​ស្រង់​អ្នក​ពី​អារម្មណ៍​ឈឺ​ចាប់​ទាំង​ឡាយ ក្រោយ​បែក​គ្នា និង​រស់​បន្ត​បាន​ដោយ​ចំណាយ​ពេល​ខ្លី។

១. យក​តែ​ចំណុច​អវិជ្ជមាន​ដែល​គេ​មាន​មក​គិត​បាន​ហើយ

ចង់​មិន​ចង់ ពេល​បែក​គ្នា​ច្បាស់​ជា​មាន​អ្នក​ត្រូវ​អង្គុយ​យំ ស្ដាយ​អនុស្សាវរីយ៍​ និង​សួរ​រក​ហេតុផល​ហេតុ​អី​ក៏​អ្នក​ទាំង​ពីរ​បែក​គ្នា។ ដូច្នេះ​វិធី​ដំបូង​ដើម្បី​បំភ្លេច​គេ​ឱ្យ​បាន​ឆាប់ គឺ​នឹក​ឃើញ​តែ​ចំណុច​អាក្រក់​របស់​គេ​ដែល​ធ្លាប់​ធ្វើ​ដាក់​អ្នក។ លុប​អំពើ​ល្អ​របស់​គេ​ចោល​ឱ្យ​អស់ ព្រោះ​កាល​ណា​ទង្វើ​អាក្រក់​របស់​គេ​លេច​ឡើង​មក​ច្រើន នោះ​ខួរ​ក្បាល​របស់​អ្នក​ក៏​លែង​ចាត់​ទុក​គេ​ជា​មនុស្ស​សំខាន់ ហើយ​ក៏​លែង​មាន​ចិត្ត​ស្រលាញ់​អី​ទៀត​ដែរ។

២. ឆ្លុះ​កញ្ចក់​មើល​ខ្លួន​ឯង​ឱ្យ​បាន​ញឹកញាប់

ដល់​ពេល​បែក​គ្នា មនុស្ស​ភាគ​ច្រើន​ឃុំ​ខ្លួន​ឯង​តែ​ក្នុង​បន្ទប់ បាយ​ក៏​មិន​នឹក ទឹក​ក៏​មិន​ស្រេក ខ្លួន​ក៏​មិន​តុបតែង​ដែរ។ ប៉ុន្តែ​​បើ​អ្នក​ចង់​រស់​នៅ​បន្ត និង​ចង់​ដើរ​ទៅ​មុខ​សម្រេច​ក្ដី​ស្រមៃ​ដែល​ធ្លាប់​មាន ហេតុ​អី​ត្រូវ​មក​អង្គុយ​កើត​ទុក្ខ​ក្នុង​បន្ទប់​ងងឹត​ដូច​ក្នុង​មឈូស​បែប​នេះ? ត្រូវ​ឧស្សាហ៍​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន​ឯង ថា​តើ​ពេល​នេះ​អាក្រក់​យ៉ាង​ណា​ហើយ។

បើ​អាក្រក់​ខ្លាំង ស្គម​ខ្លាំង ភ្នែក​រូង​ខ្មៅ​ព្រោះ​តែ​យំ​នឹក​គេ​ច្រើន​ថ្ងៃ​ហើយ​នោះ ល្មម​ដល់​ពេល​ងើប​ចេញ​ទៅ​បើក​បង្អួច​ឱ្យ​ពន្លឺ​ជះ​ចូល ហើយ​តុបតែង​ខ្លួន​ចេញ​ទៅ​ក្រៅ ជួប​មនុស្ស​ថ្មី ព្រោះ​ជីវិត​យើង​មិន​មែន​បញ្ចប់​ព្រោះ​តែ​ស្នេហា​មួយ​នេះ​ទេ។

៣. ប្រាប់​ខ្លួន​ឯង​ថា អ្នក​គឺ​ជា​ម្ចាស់​ជីវិត​ខ្លួន​ឯង​ មិន​មែន​គេ​ទេ

ទោះ​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏​ដោយ ដាច់​ខាត​កុំ​បណ្ដោយ​ឱ្យ​មនុស្ស​ប្រុស​ម្នាក់​មក​ធ្វើ​ជា​អ្នក​គ្រប់គ្រង​ជីវិត​និង​ព្រេង​វាសនា​របស់​អ្នក​ ព្រោះ​បើ​​អ្នក​ផ្ដល់​សិទ្ធិ​ឱ្យ​គេ​បែប​នេះ ពេល​គ្មាន​គេ អ្នក​នឹង​មិន​អាច​រស់​បាន​ទៀត​ទេ។ ត្រូវ​ប្រាប់​ខ្លួន​ឯង គឺ​ម្ដាយ​ឪពុក​របស់​អ្នក​ទៅ​វិញ​ទេ ដែល​ជា​អ្នក​ផ្ដល់​ជីវិត​មួយ​នេះ​ដល់​អ្នក ឯ​គេ​នោះ​ត្រឹម​តែ​ជា​អ្នក​ដទៃ​ដែល​កាល​ពី​គ្មាន​គេ​ក៏​យើង​នៅ​តែ​រស់​ជាមួយ​ម៉ាក់ប៉ា​បាន​យ៉ាង​មាន​ក្ដី​សុខ។

វា​ប្រហែល​ជា​កុហក​ខ្លួន​ឯង​បន្តិច ព្រោះ​ពេល​គេ​ចូល​មក​ក្នុង​ជីវិត​យើង គេ​បាន​ធ្វើ​អំពើ​ល្អ ផ្ដល់​ក្ដី​ស្រលាញ់​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​យើង ពិបាក​បំភ្លេច តែ​ក៏​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​ដែរ​ថា ស្នេហា​មាន​អានុភាព​ត្រឹម​តែ​ពេល​អ្នក​ទាំង​ពីរ​នៅ​ជាមួយ​គ្នា​ប៉ុណ្ណោះ បើ​គេ​ទៅ​បាត់​ហើយ នៅ​អាឡោះអាល័យ​ ចោល​ជីវិត​ខ្លួន​ឯង​ធ្វើ​អី?

​​ចុចអាន៖

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម