ស្រលាញ់​មនុស្ស​ម្នាក់​ចាំ​បាច់​មាន​ហេតុ​ផល​ដែរ? តែ​ស្រលាញ់​គឺ​ស្រលាញ់​ហើយ!

  • 2019-05-21 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​ដែល​ល្អ​ឥត​ខ្ចោះ​នៅ​លើ​ពិភពលោក​នេះ​ប្រហែល​ជា​គ្មាន​ឡើយ តែ​បើ​ស្នេហា​ចេះ​ពឹង​ផ្អែក​គ្នា​ដើម្បី​ដើរ​ទៅ​មុខ​នោះ បែប​មិន​ខ្វះ​ឡើយ ហើយ​ពេល​ខ្លះ ចិត្ត​ស្រលាញ់​គឺ​កើត​មក​ដោយ​ឯង​ៗ​ដោយ​មិន​ចាំ​បាច់​មាន​ហេតុផល​ពិសេស​អ្វី​ទាំង​អស់។

ពេល​ខ្លះ​មនុស្ស​ស្រលាញ់​គ្នា តែ​សួរ​ថា ហេតុ​អ្វី​ក៏​ស្រលាញ់​ខ្ញុំ​ខ្លាំង​ម្ល៉េះ ទាំង​ដែល​ខ្ញុំ​មិន​ស្អាត មិន​គួរ​ឲ្យ​ស្រលាញ់​ដូច​អ្នក​ដទៃ។ សំនួរ​នេះ​គឺ​ពិបាក​ឆ្លើយ​ជា​ទី​បំផុត ព្រោះ​តែ​ចិត្ត​ស្រលាញ់​គឺ​ស្រលាញ់​ហើយ គ្មាន​ហេតុ​ផល​អ្វី​ជាក់​លាក់​ឡើយ។ ពី​គ្រា​ដំបូង គេ​អាច​ចាប់​អារម្មណ៍ ឬ​យើង​ចាប់​អារម្មណ៍​គេ​ដោយ​សារ​តែ​រូប​សម្បត្តិ​ក៏​ពិត​មែន តែ​ក្រោយ​មក​មនោសញ្ចេតនា​នេះ​ក៏​កើន​ឡើង​ចាប់​តាំង​ពី​ពេល​ណា​ក៏​មិន​ដឹង​ខ្លួន។

បុរស​ម្នាក់​ដែល​សម​ឲ្យ​យើង​ប្រគល់​ក្ដី​ទុក​ចិត្ត​ឲ្យ ជា​ដំបូង​បំផុត​គឺ​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ។ បើ​គេ​បង្ហាញ​ឲ្យ​ឃើញ​ថា គេ​ពេញ​វ័យ​គ្រប់​គ្រាន់​ហើយ​មាន​ទំនួលខុសត្រូវ​នោះ យើង​អាច​បន្ត​មើល​ចិត្ត​ទៀត​បាន។ ក៏​នៅ​កំឡុង​ពេល​នេះ​ដែរ ដែល​មនុស្ស​ជា​ច្រើន ចាប់​ផ្ដើម​ដឹង​ថា​ខ្លួន​ក៏​មាន​ចិត្ត​លើ​គូ​ភាគី​ដោយ​មិន​ដឹង​ខ្លួន។ ក្រោយ​មក​ត្រូវ​គេ​សួរ​ថា​ស្រលាញ់​គេ​ដោយ​សារ​អ្វី ក៏​ឆ្លើយ​មិន​បាន ព្រោះ​ពី​ដំបូង​មាន​ស្រលាញ់​ឯណា។ យូរ​ៗ​ទៅ មាន​ចិត្ត​ពី​ពេល​ណា​ក៏​មិន​ដឹង។

មាន​មនុស្ស​មួយ​ចំនួន នៅ​មាត់​និយាយ​មិន​ដាច់ ថា​ស្រលាញ់​យើង តែ​លួច​ចាក់​ពី​ក្រោយ​ខ្នង រីឯ​ប្រភេទ​មនុស្ស​ដែល​ឆ្លើយ​មិន​បាន​ថា​ស្រលាញ់​យើង​ត្រង់​ចំណុច​ណា​នោះ គឺ​មិន​ដែល​ហើប​មាត់​ថា​ឡើយ​ថា​ស្រលាញ់​យើង តែ​ក្នុង​ចិត្ត​មាន​តែ​យើង​ម្នាក់​គត់។ តាម​នោះ​ដែរ ស្រី​ៗ​កុំ​ជឿ​តែ​ពាក្យ​ផ្អែម តែ​ត្រូវ​មើល​លើ​សកម្មភាព​ជាក់​ស្ដែង​វិញ ទើប​គួរ​ឲ្យ​ទុក​ចិត្ត។

ក្ដី​ស្រលាញ់​មិន​អាច​បង្ហាញ​តាម​រយៈ​តែ​ពាក្យ​សម្ដី​នោះ​ទេ តែ​វា​ស្ថិត​នៅ​លើ​ការ​បង្ហាញ​របស់​ពួក​គេ។ គេ​ ឬ​យើង​​អាច​ឆ្លើយ​មិន​បាន​ថា​ហេតុ​អ្វី​បាន​ជា​ស្រលាញ់​គ្នា​ក៏​ពិត​មែន តែ​អ្វី​ដែល​យើង​ហ៊ាន​ធ្វើ​ចំពោះ​គេ គឺ​លើស​​ពី​អ្នក​ដែល​ម្ង៉ៃៗ និយាយ​ថា​ស្រលាញ់​គ្នា​មិន​ដាច​ពី​មាត់​ទៅ​ទៀត។ ព្រោះ​នៅ​ពេល​ស្រលាញ់​គ្នា​មែនទែន គេ​លែង​ចាប់​អារម្មណ៍​ពី​ចំណុច​ខាង​ក្រៅ​ដូច​ជា​ទ្រព្យ​សម្បត្តិ​ក៏​ដូចជា​រូបរាង​ទៀត​ហើយ។

ស្នេហា​មិន​អាច​ចង​បាន​ដោយ​សម្ភារៈនិយម​បាន​ឡើយ តែ​ចង​ដោយ​មនោសញ្ចេតនា​ដែល​ធ្វើ​ដាក់​គ្នា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​វិញ​ទេ។ ដូច​នេះ​ហើយ ប្រសិន​បើ​អ្នក​ឆ្លើយ​មិន​បាន​ថា​ខ្លួន​ស្រលាញ់​ដៃ​គូ​នៅ​ចំណុច​ណា​ក៏​គ្មាន​បញ្ហា​ដែរ ព្រោះ​ស្រលាញ់​គឺ​ស្រលាញ់​ហើយ គ្មាន​ហេតុផល​ឡើយ៕

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម