ច្បាប់ធម្មជាតិនៃមិត្តភាព៣នាក់៖ នឹងមានម្នាក់ត្រូវខ្ទាតចេញក្រៅ

  • 2019-05-16 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្តភាព​៣​នាក់​ពេល​ខ្លះ​ប្រៀប​ដូចនឹង​ស្នេហា​ត្រី​កោណ​ដែរ ព្រោះ​នឹង​មាន២​នាក់​ស្និទ្ធិស្នាល​នឹង​គ្នា និង​​មាន​ម្នាក់​កណ្ដោចកណ្ដែង​កណ្ដល​ហ្វូង​មនុស្ស​ជា​ច្រើន ហើយ​ទី​បញ្ចប់​ក៏​ដក​ខ្លួន​ចេញ​ដោយ​ខ្លួន​ឯង។

ចំណង​មិត្តភាព​មិត្តភ័ក្ដិ​ពេល​ខ្លះ​គឺ​ស្មុគស្មាញ​ជាង​ស្នេហា​ទៅ​ទៀត។ ប្រសិនបើ​ស្នេហា មាន​ការ​ប្រចណ្ឌ​ ខឹង អន់​ចិត្ត​នឹង​គ្នា​នោះ ក្នុង​មិត្តភាព​ក៏​មាន​ដូច​គ្នា ពេល​ខ្លះ​ជ្រាលជ្រៅ​ជាង​ស្នេហា​ផង។ ស្នេហា​ត្រូវ​ការ​មាន​ទៅ​មាន​មក ថែ​រក្សា​គ្នា មិត្ត​ភាព​ក៏​មិន​ខុស​គ្នា បើ​ខ្វះ​កត្តា​ទាំង​នេះ មិត្តភាព​មួយ​នឹង​មិន​អាច​បាន​យូរ​ឡើយ។

បើ​ដូច​ស្នេហា​ហើយ ប្រាកដ​ជា​មិន​អាច​​ជៀស​ផុតករណី​មិត្តភាព​ត្រី​កោណ​ឡើយ នៅ​ពេល​ដែល​កំពុង​ស្និទ្ធិស្នាល​តែ​២​នាក់​សុខ​ៗ ក៏​មាន​វត្តមាន​មិត្តភក្ដិ​ទី​៣។ ដំបូង​ឡើយ មិត្ត​ទី​៣​នេះ​ចូល​មក​ជីវិត​អ្នក​ទាំង​២​ ធ្វើ​ឲ្យ​ការ​ជួប​ជុំ​របស់​អ្នក​ទាំង​៣​កាន់​តែ​សប្បាយ តែ​យូរ​ៗ​ទៅ គេ​នឹង​ឆក់​យក​មិត្ត​របស់​អ្នក​ចេញ​ពី​អ្នក ហើយ​យើង​នឹ​ង​ក្លាយ​ទៅ​ជា​ចំណែក​លើស។ មិន​យូរ​ប៉ុន្មាន អ្នក​ក៏​នឹង​ដក​ខ្លួន​ចេញ​ដោយ​ខ្លួន​ឯង ព្រោះ​ដឹង​ថា​វត្តមាន​ខ្លួន​លែង​សំខាន់។

មាន​ឈ្មោះ​ហៅ​ថា​មិត្តភ័ក្ដិ​៣នាក់​មែន​ពិត តែ​តាម​ការ​ពិត​ស្និទ្ធិ​តែ​​២នាក់ ហើយ​ម្នាក់​ទៀត​ប្រៀប​ដូច​អ្នក​កំដរ តើ​មាន​ន័យ​អ្វី​ មិន​យូរ​មិន​ឆាប់ ម្នាក់​ដែល​ជា​ចំណែក​លើសនឹង​បាត់​ខ្លួន​ដោយ​ខ្លួន​ឯង។ ទើប​គេ​និយាយ​ថា អ្វី​ដែល​ច្រើន​ពេក​គឺ​គ្មាន​អ្វី​ល្អ​ទេ ២​នាក់​គឺ​ល្មម បើ​មាន​បី​នាក់ ប្រាកដ​ជា​លើស​ម្នាក់​អត់​ប្រយោជន៍៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel