មានតែអ្នកធ្លាប់លួចស្រលាញ់សង្សារគេទេទើបយល់អារម្មណ៍មួយនេះ
- 2019-05-10 09:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានតែអ្នកធ្លាប់លួចស្រលាញ់សង្សារគេទេទើបយល់អារម្មណ៍មួយនេះ
ធ្លាប់លួចស្រលាញ់សង្សារគេអត់? បើត្រឹមលួចស្រលាញ់គេមិនទាន់មានម្ចាស់មិនសូវឈឺទេ តែមកលួចស្រលាញ់សង្សារគេនេះវិញឈឺចាប់ជាងត្រូវបានគេក្បត់ទៀត។ ត្រូវលាក់អារម្មណ៍ក្នុងចិត្តទុកតែម្នាក់ឯងហើយ ត្រូវមកឃើញគេស្វីតជាមួយអ្នកផ្សេងរាល់ថ្ងៃទៀត។ ដឹងទេថាអារម្មណ៍មួយនេះវាពិបាកទ្រាំ។
ពេលមិនទាន់ដឹងថាគេមានសង្សារ គ្រាន់តែឃើញគេអារម្មណ៍ពោះកញ្ជ្រោល ញញឹមញញែមម្នាក់ឯង អៀនគេម្នាក់ឯង។ ចង់និយាយរកគេណាស់ តែមិនហ៊ាន ឲ្យតែពេលហាមាត់តែងតែមានអារម្មណ៍ថាដូចមានអីនៅជាប់បំពង់ក និយាយមិនចេញ ខួរក្បាលងងឹតស្លុបរកនឹកនិយាយអីក៏មិនឃើញ។ មិនថាឲ្យតែទៅកន្លែងណាងាករកមើលតែម្នាក់ហ្នឹងចង់បាក់កហើយ (រកមើលក្រែងគេមកកន្លែងដូចយើងដែរ) ព្រោះភ្នែកនិងបេះដូងចង់ឃើញតែម្នាក់ហ្នឹង។ ពេលគេផុសរូបវិញមិនហ៊ានខមមិនទេ បានត្រឹមចុច like រូបបេះដូង ហើយមួយថ្ងៃៗចូលមើល account គេមិនដឹងប៉ុន្មានទេ បើ story facebook និង instragram គេវិញមើលគ្មានឲ្យរំលងមួយទេ ព្រោះចង់ថាថ្ងៃហ្នឹងគេទៅណាខ្លះ ធ្វើអីខ្លះជាមួយនរណា។ ទោះបីមិនបានសារភាពត្រឹមលួចស្រលាញ់គេ តាមមើលគេពីចម្ងាយក៏មានអារម្មណ៍ថាខ្លួនឯងមានក្ដីសុខដែរ។ ទាំងមិនដឹងថាខ្លួនឯងកំពុងតែលង់ស្រលាញ់សង្សារគេដោយមិនបានដឹងខ្លួន។
តែពេលដឹងថាគេកំពុងតែទាក់ទងមនុស្សម្នាក់ផ្សេងទៀតរួចហើយ អារម្មណ៍ដែលធ្លាប់តែមានក្ដីសុខពេលឃើញគេស្រាប់តែប្រែប្រួល ព្រោះវាហាក់ដូចជាអស់សង្ឃឹម និងមានអារម្មណ៍ថាបាត់បង់អ្វីម្យ៉ាងដែលមិនមែនជារបស់ខ្លួនឯង។ មិនចង់ជួបមុខគេនៅខាងក្រៅទេព្រោះពិបាកធ្វើចិត្ត រឹតតែមិនចង់ឃើញពេលគេនៅជាមួយគ្នាពីរនាក់។ មិនស្អប់សង្សារគេទេ តែស្អប់ខ្លួនឯងមិនព្រមដកចិត្តមកវិញ ហើយនៅតែលួចមានក្ដីសង្ឃឹមថាថ្ងៃណាមួយគេគង់តែបែកពីសង្សារ ហើយមកទាក់ទងយើងវិញ។ រូបគេផុសក៏មិនហ៊ាន like រូបបេះដូងដូចលើក ឃាត់ចិត្តមិនឲ្យឃើញអ្វីដែលពាក់ព័ន្ធនឹងគេទៀតព្រោះតែចង់កាត់ចិត្តពីគេឲ្យបាន តែពិបាកខ្លាំងពេកហើយ។ អារម្មណ៍មួយនេះវាឈឺចាប់ខ្លាំងជាងត្រូវបានគេក្បត់ទៀត៕