អត្ថប្រយោជន៍ច្រើនលើសលប់ ដែលមានតែអ្នកងើបពីព្រលឹមទើបទទួលបាន
- 2019-05-09 07:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍ច្រើនលើសលប់ ដែលមានតែអ្នកងើបពីព្រលឹមទើបទទួលបាន
ជំនួសឲ្យការគេងរហូតដល់ជិតថ្ងៃត្រង់នោះ អ្នកគួរតែឆាប់ចូលគេង និងងើបពីព្រលឹមវិញដើម្បីទទួលបានសុខភាពល្អ និងរឿងល្អៗក្នុងជីវិតជាច្រើនទៀត។
១. ជួយឲ្យអ្នកមានពេលគ្រប់គ្រាន់ដើម្បីស្វាង
សូម្បីតែពេលងូតទឹកត្រជាក់ ឬផឹកកាហ្វេក៏អ្នកមិនអាចមានអារម្មណ៍ថាស្វាងបានដែរប្រសិនបើងើបយឺតពេក។ យោងតាមការស្រាវជ្រាវ រាងកាយមនុស្សត្រូវការរយៈពេល២ ទៅ៤ម៉ោងដើម្បីស្វាងមែនទែន។ នៅក្នុងកំឡុងពេលនេះ ការចងចាំ ប្រតិកម្ម និងការផ្ចង់អារម្មណ៍សុទ្ធតែមិនដំណើរការបានពេញលេញទាំងអស់។
២. បង្កើនគុណភាពដំណេក
អ្នកវិទ្យាសាស្ត្របានរកឃើញថា អ្នកដែលឆាប់ងើបពីគេង តែងមានគុណភាពដំណេកខ្ពស់ជាងអ្នកដែលក្រងើបជាង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក្រងើបអាចប្រឈមមុខនឹងការជ្រួលច្របល់ដំណេក ដែលអាចធ្វើឲ្យពួកគេគិតថា ថ្ងៃដូចជាយប់ យប់ដូចជាថ្ងៃវិញ។
៣. ជួយឲ្យអ្នកមានរាងស្វែល
ទម្លាប់ចូលគេងយប់ជ្រៅ ហើយងើបពីដំណេកយឺតធ្វើឲ្យមានការប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ នាំឲ្យអ្នកឡើងទម្ងន់។ ដើម្បីជៀសវាងបញ្ហានេះ អ្នកត្រូវចូលគេងឲ្យបានមុនកណ្ដាលអធ្រាត្រ។
៤. រៀនសូត្រ និងធ្វើការបានទិន្នផលខ្ពស់
ការពិសោធន៍បានរកឃើញថា ចំពោះអ្នកងើបយឺត ទិន្នផលការងាររបស់ពួកគេក៏ធ្លាក់ចុះ តែសារមានភ័យព្រួយដូចជា ទៅធ្វើការមិនទាន់ និងចុករោយក្នុងខ្លួន។ រីឯសម្រាប់អ្នកនៅរៀនវិញ ទទួលបានលទ្ធផលមិនល្អដោយសារតែមិនអាចផ្ចង់អារម្មណ៍បាន។
៥. មានសុភមង្គលច្រើនជាង
សតិអារម្មណ៍ពេញមួយថ្ងៃរបស់អ្នកល្អ ឬមិនល្អគឺអាស្រ័យនៅពេលអ្នកភ្ញាក់ពីដំណេក ប្រសិនបើអ្នកគេងបានគ្រប់គ្រាន់ ហើយភ្ញាក់ពីព្រលឹមនោះ អ្នកនឹងស្រស់ស្រាយពេញមួយថ្ងៃ។ ផ្ទុយមកវិញ បើអ្នកគេងមិនគ្រប់គ្រាន់ ហើយងើបយឺតនោះ អ្នកនឹងមានអារម្មណ៍ថាមួម៉ៅ និងឃើញអ្វីក៏ទើសភ្នែកទាំងអស់៕
ចុចអាន៖ ឧស្សាហ៍ក្រោកយឺតហើយចង់តែគេងត មិនមែនខ្ជិលទេ តែអាចជាជំងឺផ្លូវចិត្ត