អាយុ​ជិត​៣០​ហើយ ធ្លាប់​សួរ​ខ្លួន​ឯង​ទេ​ថា​បាន​ធ្វើ​អ្វី​ឲ្យ​ម៉ាក់​នៅ?

  • 2019-05-06 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំពោះ​ម្ដាយ​ ពួក​យើង​នៅ​តែ​ជា​កូន​ក្មេង​ជា​និច្ច​ទោះ​បី​ជា​ឈាន​ចូល​វ័យ​២០ ៣០ ឬ​៤០​ក៏​ដោយ។ ម្ដាយ​ឪពុក​មាន​អារម្មណ៍​ថា​ខ្លោច​ផ្សា​នៅ​ពេល​យើងត្រូវ​នឿយហត់​រក​លុយ​ក្នុង​ពិភពដ៏​ប្រកួតប្រជែង​នេះ។

កូន​ៗ​ដែល​ឡើង​ពី​ខេត្ត​ដើម្បី​ធ្វើ​ការ​នៅ​ក្រុង​មាន​ដឹង​ទេ​ថា​អ្នកម្ដាយ​តែង​ទន្ទឹ​ង​រង់​ចាំ​ជា​រៀង​រាល់​ថ្ងៃ។ មាន​តែ​នៅ​ក្បែរ​ម្ដាយ​ខ្លួន​ប៉ុណ្ណោះ ទើប​កូន​ៗ​មាន​អារម្មណ៍​ថា​ស្ងប់​ចិត្ត។

ម្ដាយ​របស់​យើង​គ្រប់​រូប ក៏​ធ្លាប់​មាន​ក្ដី​សុបិន​ដូច​យើង​ដែរ តែ​ត្រូវ​លះបង់​ដើម្បី​ពាក្យ​ថា​គ្រួសារ។ តើ​អ្នក​ធ្លាប់​​គិត​ពី​ក្ដី​សុបិន​របស់​ម្ដាយ​ខ្លួន​ឬ​ទេ។ យ៉ាង​ណា​ក្ដី​ ប្រសិន​បើ​យើង​សួរ​ ម៉ាក់​ក៏​ប្រហែល​ជា​ឆ្លើយ​ថា៖ ម៉ាក់​គ្រាន់​តែ​ចង់​ឲ្យ​ផ្ទះ​យើង​មាន​សុខភាព​ល្អ កូន​បាន​ក្ដី​សុខ​គឺ​បាន​ហើយ។ ទោះ​បី​ជា​មាន​ក្ដី​ស្រមៃ​ខ្លួន​ឯង​ក៏​ដោយ តែ​អ្វី​ដែល​គាត់​ចង់​បាន​មុន​គេ​គឺ​ក្ដី​សុខ​របស់​គ្រួសារ​ទាំងមូល​ទៅ​វិញ។ និយាយ​ឲ្យ​ត្រង់ ខ្ញុំ​មិន​ដែល​សួរ​ម៉ាក់​ខ្លួន​ឯងទេ​ថា ម៉ាក់​ធ្លាប់​ស្រមៃ​ចង់​ធ្វើ​អ្វី ហើយ​គាត់​ខ្លួន​ឯង​ក៏​មិន​ដែល​និយាយ​ចេញ​មក​ដែរ។

ពួក​យើង​តែង​រអ៊ូ​ថា៖ ម៉ាក់​និយាយ​ច្រើន​ណាស់ មាន​តែ​រឿង​មួយ​និយាយ​ពេញ​មួយ​ថ្ងៃ ការងារ​ច្រើន​ហើយ មក​ផ្ទះ​វិញ កាន់​តែ​ឈឺ​ក្បាល។ ទទួល​ស្គាល់​ថា​ម្ដាយ​គ្រប់​រូប​តែង​និយាយ​ច្រើន តែ​សួរ​ថា​ពួក​យើង​ដែល​ស្ដាប់​គាត់​ឬ​អត់។ តែ​អ្នក​មាន​ដែល​យល់​អារម្មណ៍​អ្នក​ដែល​មិន​គិត​ពី​ចំណូលចិត្ត​របស់​ខ្លួន ហើយ​មើល​ថែ​ទាំ​គ្រួសារ​មួយ​គ្រប់​ពេល​វេលា​ឬ​អត់?

ខ្ញុំ​ធ្លាប់​អាន​ឃ្លា​មួយ​ចំនួន​ដែល​គួរ​យក​មក​គិត​ដូច​ជា៖ -ពេល​អ្នក​កំពុង​ផឹក​កូកា សូម​មើល​ថា​ឪពុកម្ដាយ​កំពុង​ផឹក​អ្វី -ពេល​អ្នក​កំពុង​ស្លៀកពាក់​សម្លៀក​បំពាក់​ថ្លៃ​ៗ សូម​ក្រឡេក​មើល​ថា​អ្នក​មាន​គុណ​ខ្លួន​កំពុង​ស្លៀក​អ្វី? -ពេល​អ្នក​កំពុង​ចាយ​លុយ​យ៉ាង​សប្បាយ​ដៃ សូម​ក្រឡេក​មើល​ជីវភាព​អ្នក​មាន​គុណ​នៅ​ផ្ទះ។ រាល់​ពិធី​បុណ្យ​ មិន​ថា​តូច ឬ​ធំ ពួក​យើង​តែង​ចង់​ដើរ​ទេសចរណ៍​ជាមួយ​ក្រុមមិត្តភ័ក្ដិ ទាំង​មិន​ដឹង​ថា តាម​ការ​ពិត​ម្ដាយ​ក៏​ចង់​បាន​ដើរ​លេង​ដែរ តែ​គាត់​មិន​និយាយ​ចេញ​មក។ ពេល​ខ្លះ​គាត់​មិន​ចង់​ទាំង​ដើរ​លេង​ផង ឲ្យ​តែ​ពួក​យើង​ទៅ​លេង​គាត់​គឺ​គ្រប់​គ្រាន់​ហើយ តែ​សួរ​ថា​បាន​កូន​ប៉ុន្មាន​នាក់​ដែល​យល់​ពី​ជម្រៅ​ចិត្ត​គាត់។

មក​ដល់​វ័យ​នេះ​ហើយ ធ្លាប់​សួរ​ទេ​ថា ធ្វើ​អ្វី​ឲ្យ​ម្ដាយ​បាន​ខ្លះ​ហើយ? កុំ​ភ្លេច​ណា​ថា នៅ​ពេល​យើង​កំពុង​រក​លុយ ម្ដាយ​ក៏​កំពុង​ចាស់​ទៅ​ដូច​គ្នា កុំ​បណ្ដោយ​ឲ្យ​ហួស​ពេល​ឲ្យ​សោះ៕

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម