លាតត្រដាងការពិតនៃមនុស្សស្រីដែលរឹងមាំតែសម្បកក្រៅ

  • 2019-05-09 00:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នាងជាមនុស្សស្រីម្នាក់ដែលមើលទៅពោរពេញដោយភាពរឹងមាំ មិនងាយនឹងមានអ្វីមកបំបាក់បាន។ នាងញញឹមស្រស់រាល់ថ្ងៃ ហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងទាល់តែសោះ។

តាមការពិត មានរឿងឈឺក្បាល ទុក្ខលំបាក បញ្ហាស្នេហា រួមទាំងកិច្ចការជាច្រើនទៀត​ដែលនាងកំពុងតែព្យាយាមយកឈ្នះវា។

នាងជាមនុស្សស្រីម្នាក់​ដែលអាចធ្វើឲ្យអ្នកដទៃសប្បាយចិត្ត ទោះបីជានាងស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ នាងតែងផ្តល់ក្តីស្រលាញ់ជាមួយនឹងទឹកមុខស្រស់ស្រាយទៅកាន់មនុស្សជុំវិញខ្លួន។

នាងបៀមលាក់ទុក្ខតែម្នាក់ឯង ប៉ុន្តែខំសម្តែងធ្វើដូច​ហីៗមិនខ្វល់អ្វីទាំងអស់។ អ្នកដទៃមើលមកលួចច្រណែន ព្រោះគិតថានាងសំណាង មានអ្វីៗគ្រប់យ៉ាងក្នុងជីវិត ទាំងឆ្លាត ស្អាត រឹងមាំ ហើយជោគជ័យទៀត។ ប៉ុន្តែគ្មាននរណាដឹងពីធាតុពិតរបស់នាងមានសភាពបែបណានោះទេ។

សម្បក​ខាងក្រៅ នាងជាមនុស្សស្រីដែលមើលទៅមានបេះដូងរឹងមាំដូចដែក និងអាចធ្វើអ្វីបានគ្រប់យ៉ាង ប៉ុន្តែខាងក្នុង នាងក៏ចេះទន់ជ្រាយដូចមនុស្សស្រីដទៃទៀតដែរ។

គ្មាននរណាម្នាក់​អាចមើលធ្លុះពីអារម្មណ៍ពិតរបស់នាង ថានាងកំពុងតែស្ពាយភាពឈឺចាប់ធ្ងន់ដល់កម្រិតណានោះទេ។

នៅពេលថ្ងៃ នាងតុបតែងមុខ ស្លៀកពាក់ស្អាតបាត មានកម្លាំងស្រស់ស្រាយ ប៉ុន្តែគ្មាននរណាដឹងថា នៅពេលយប់ នាងគិតខ្វល់ខ្វាយ ដេកពុំលក់ សុបិនអាក្រក់ ជួនកាលបង្ហូរទឹកភ្នែកដោយមិនដឹងខ្លួនទៀត។

ទោះជាបែបនេះក្តីក៏នាងមិនបណ្តោយឲ្យអ្នកដទៃឃើញនាងសម្រក់ទឹកភ្នែកដោយងាយៗឡើយ។ នាងសុខចិត្តសម្ងំយំស្ងាត់ៗ ដោះស្រាយបញ្ហាដោយខ្លួនឯង។ អ្វីដែលនាងបារម្ភបំផុត គឺខ្លាចគេវាយតម្លៃ ថានាងជាមនុស្សស្រីទន់ខ្សោយ។

មានមនុស្សមិនតិចទេ​ដែលតែងមកសុំយោបល់និងជំនួយពីនាង ដើម្បីរកដំណោះស្រាយផ្សេងៗ ពេលជួបឧបសគ្គ ព្រោះនាងនៅតែអាចជួយអ្នកទៃបាន ទោះបីមិនទាន់អាចជួយសង្រ្គោះខ្លួនឯងបានក៏ដោយ។

អ្វីដែលអ្នកមើលឃើញ វាមិនដូចគ្នាទាំងស្រុងនឹងការពិតជាក់ស្តែងឡើយ។ មានតែសាមីខ្លួនតែប៉ុណ្ណោះទើបអាចដឹងច្បាស់ពិតប្រាកដ។ យ៉ាងណាមិញ មិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបានដូចនាងនោះទេ។ ភាពជឿជាក់ មានទំនុកចិត្ត ភាពក្លាហានទាំងនោះហើយ ដែលអាចធ្វើឲ្យនាងយកឈ្នះនូវរឿងអាក្រក់ៗបានរហូតមកដល់សព្វថ្ងៃ។

ថ្វីត្បិតតែនាងត្រូវតស៊ូជាមួយនឹងភាពឈឺចាប់រាល់ថ្ងៃពិតមែន ប៉ុន្តែនាងនៅតែអាចដើរទៅមុខ រើបម្រាស់ហើយក៏មិនចុះចាញ់ងាយៗដែរ។ សំខាន់បំផុតមនុស្សស្រិបែប​នេះ ចេះផ្តល់កម្លាំងចិត្តឲ្យខ្លួនឯងជានិច្ច ដូច្នេះគ្មានបញ្ហា​ណា​អាច​មកវាយប្រហារបំបាក់់នាងដាច់ខាត៕

ចុចអានបន្ត៖ ស្រី​ៗ​មាន​ ៧​ យ៉ាង​នេះ​ប្រុសណាឃើញ​ក៏​ស្រលាញ់ដែរ

ប្រភព៖ thepowerofsilence ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម