"ពេលវេលា" សៀវភៅអប់រំ ឆ្លុះបញ្ចាំងពីការចំណាយពេលនៃជីវិតរបស់មនុស្សគ្រប់រូប

  • 2019-04-30 09:44:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ភាគ​ច្រើន​រវល់​ណាស់ រវល់​ដល់​ថ្នាក់​គ្មាន​ពេល​ គេង​គ្រាន់ និង​ហាត់​ប្រាណ ប៉ុន្តែ​បែរ​ជា​មាន​ពេល​សម្រាប់​ធ្វើ​រឿង​មិន​មាន​ប្រយោជន៍ ដូច​ជា​តាម​ដាន​ជីវិត​អ្នក​ដទៃ ច្រណែន និន្ទា រិះគន់​ឈាន​ដល់​ធ្វើ​សកម្មភាព​ព្យាបាទ។

ការ​ប្រើ​ពេលវេលា​របៀប​នេះ​ជា​ការ​ខ្ជះខ្ជាយ​ដែល​កំពុង​កើត​មាន​ទូទាំង​ប្រទេស។ ប្រសិន​បើ​មនុស្ស​យើង​ចំណាយ​ពេល​គិត​អវិជ្ជមាន​ ឬ​ពេល​វេលា​ដែល​លូក​លាន់​រឿង​អ្នកដទៃ​ទៅ​ជា​ការ​ពន្លូត​សមត្ថភាព ឬ​រិះគន់​ចំណុច​អវិជ្ជមាន​របស់​ខ្លួន​ឯង​​ឱ្យ​ទៅ​ជា​មេរៀន​កែ​លំអ​វិញ ពេល​វេលា​ប្រហែល​ជា​រឹត​តែ​មាន​តម្លៃ​ជាង​បច្ចុប្បន្ន​ឆ្ងាយ។

យើង​ឃើញ​អ្នក​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​និយម​ការ​មើល​ទូរទស្សន៍​ច្រើន​ជាង​អ្នក​នៅ​ក្នុង​លំដាប់​ចំណូល​ខ្ពស់​ៗ​ជាង​គាត់។ ពួកគេ​កម្រ​អាន​សៀវភៅ ​ឬ​ចំណាយ​ពេល​នៅ​សល់​បង្កើន​ចំណេះ​ផ្នែក​ផ្សេងៗ ឬ​ហាត់​ប្រាណ​ថែ​ទំា​សុខភាព។ ពាក្យ​ថា​លូត​លាស់​អាច​កើត​មាន​ឡើង​តាម​វិធី​ណា?

ការ​ប្រើ​ពេលវេលា​ពី​រវាង​វ័យ​២០​ដល់​៣០​ឆ្នាំ

យុវវ័យ​ជា​វ័យ​ដែល​និយម​ការ​ស្រមើស្រមៃ​និង​មាន​ការ​ប្រៀបធៀប​ច្រើន។ យើង​ចូល​ចិត្ត​ការ​ជួបជុំ​ ការ​ជប់លៀង​ ការ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ទូទាំង​ប្រទេស​ ដើរ​កម្សាន្ត​នៅ​ទូទាំង​ពិភពលោក​ ថត​រូប​ជាមួយ​បុគ្គល​ល្បីៗ​ ហើយ​ចំណាយ​ពេល​ជាមួយ​មនុស្ស​ស្អាតៗ​ល្អ​ៗ។

យ៉ាង​ណាមិញ​ មិន​មែន​​​សុបិន​ទំាង​អស់​សុទ្ធ​តែ​បាន​សម្រេច​ដូច​ដែល​បាន​គ្រោង​ទុក​នោះ​ឯណា​ ជីវិត​តែង​តែ​ត្រូវ​ការ​ការ​ផ្លាស់​ប្តូរ​គ្នា​ ចង់​បាន​អ្វី​មួយ​ត្រូវ​លះបង់​អ្វី​មួយ​វិញ។ ចង់​ដើរ​កម្សាន្ត​មួយ​សប្ដាហ៍​ត្រូវ​ធ្វើ​ការ​ហត់​បី​ខែ​ឬ​កន្លះ​ឆ្នាំ។ នេះ​ជា​វិធីសាស្ត្រ​ដែល​ឪពុក​ម្តាយ​ទំាង​ឡាយ​គួរ​រៀន​បន្សាំ​ឱ្យ​កូនៗ​យល់​ពី​ការ​ប្តូរ​គ្នា​នេះ ឱ្យ​ពួកគេ​យល់​ថា គ្មាន​អ្វី​ដែល​បាន​មក​ងាយៗ​ មិន​មាន​ការ​លះបង់​ទេ […]

ខាង​លើ​នេះ​គឺ​ជា​សម្រង់​ឃ្លា​ខ្លះៗ​​ដក​ស្រង់​ពី​សៀវភៅ "ពេលវេលា" ដែល​អាច​ធ្វើ​ឱ្យ​អ្នក​អាន​ដែល​ធ្លាប់​ចំណាយ​ពេល​វេលា​កន្លង​ទៅ​ទាំង​ប៉ុន្មាន​មក​ពិចារណា​ឡើង​វិញ ព្រោះ​អ្វី​ដែល​បាត់​បង់​ហើយ​មិន​អាច​យក​បាន​មក​វិញ​នោះ គឺ​ពេល​វេលា​នេះ​ឯង។

នេះ​ជា​សៀវភៅ​ទី៤ ស្នាដៃ​អ្នក​និពន្ធ ម៉ីសន សុធារី បន្ទាប់​​ពី​​​សៀវភៅ "ទម្រាំ​ក្លាយ​ជា​អ្នក​និពន្ធ" ប្រលោមលោក​មនោសញ្ចេតនា "​ថ្ងៃ​មុន​ស្អប់ ​ថ្ងៃ​នេះ​ស្រលាញ់" និង​សៀវភៅរឿង "អាគមបរព្រៃ" ដែល​ប្រើ​នាម​ប៉ាកា "ពេជ្រ បណ្ឌិត"។

តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​និពន្ធ​ផ្ទាល់ សៀវភៅ "ពេល​វេលា" នេះ​នឹង​ចេញ​ផ្សាយ​នៅ​ខែ​ឧសភា​ខាង​មុខ​ ហើយ​នឹង​ដាក់​​លក់​ក្នុង​តម្លៃ ២៥០០០ រៀល៕

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម