គ្រួសារហាមឃាត់មិនឲ្យទាក់ទងសង្សារ ៤វិធីនេះអាចយកឈ្នះបាន

  • 2019-04-29 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​គូ​ស្នេហ៍​ជា​ច្រើន ទោះ​បី​ជា​ស្រលាញ់​គ្នា​ពិត​តែ​នៅ​តែ​មិន​អាច​បាន​នៅ​ក្បែរ​គ្នា​ដោយ​សារ​តែ​គ្មាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​មាន​គុណ។ តែ​សួរ​ថា​មាន​ឪពុក​ម្ដាយ​ឯណា​ដែល​មិន​ស្រលាញ់​កូន​នោះ។ ពួក​គាត់​តែ​ង​ចង់​ឲ្យ​កូន​ខ្លួន​មាន​សុភមង្គល​ជា​និច្ច។ មូលហេតុ​ដែល​គាត់​ហាម​ឃាត់​អ្នក​នោះ​អាច​មក​ពី​គាត់​ខ្លាច​កូន​ខ្លួន​មិន​ទាន់​ដឹង​ក្ដី​គ្រប់​គ្រាន់ ដូច​នេះ​ដើម្បី​ឲ្យ​ពួក​គាត់​បើក​ចិត្ត​ចំពោះ​រឿង​ស្នេហា​អ្នក អ្នក​ត្រូវ​បង្ហាញ​ថា​ជម្រើស​របស់​ខ្លួនគឺ​ត្រឹម​ត្រូវ​ដោយ​វិធី​ខាង​ក្រោម៖

១. កុំ​យល់​ខុស​ពី​ពាក្យ​កត្តញ្ញូ

ឪពុកម្ដាយ​ជា​អ្នក​មានគុណ​បង្កើត​យើង​មក តែ​មិន​មាន​ន័យ​ថា​គាត់​អាច​​សម្រេច​ត្រូវ​នូវ​សុភមង្គល​របស់​យើង​ឡើយ។ ការ​ដែល​គាត់​ជ្រៀតជ្រែក​ចូល​តាំង​ពី​រឿង​មនោសញ្ចេតនា​បែប​នេះ គឺ​កំពុង​តែ​បំពាន​សិទ្ធិ​បុគ្គល​របស់​កូន​ៗ។ អ្នក​គ្រប់​គ្នា​មិន​គួរ​យល់​ខុស​ពី​អត្ថន័យ​នៃ​ពាក្យ​កត្តញ្ញូ​ឡើយ។ ព្រោះ​រឿង​ទាំង​២​នេះ​មិន​ពាក់ព័ន្ធ​នឹង​គ្នា​ឡើយ។

២. ផ្ដល់​កម្លាំង​ចិត្ត​ដល់​ដៃ​គូ

​ទោះ​បី​ជា​អ្នក​ផ្ទះ​ប្រឆាំង​​ដាច់​អហង្កា​យ៉ាង​ណា​ក៏​ដោយ តែ​ប្រសិន​បើ​អ្នក​ផ្ដល់​ទំនុក​ចិត្ត​ឲ្យ​ដៃ​គូ​យើង​បាន​នោះ គឺ​នឹង​ក្លាយ​​មិត្ត​រួម​ដំណើរ​ដ៏​រឹង​មាំ​នៅ​ពេល​ខាង​មុខ។ ដើម្បី​ឈ្នះ​ចិត្ត​អ្នក​ផ្ទះ មុន​ដំបូង ដៃ​គូ​របស់​អ្នក​ និង​អ្នក​ត្រូវ​តែ​រឹង​មាំ​ជា​មុន​សិន ទើប​មាន​ឱកាសពន្យល់​ បកស្រាយ​ប្រាប់​គ្រួសារ​បាន។

៣. ស្វែង​រក​ការ​គាំទ្រ​ពី​អ្នក​ជុំ​វិញ

ទោះ​បី​ជា​គំនិត​ប្រឆាំង​របស់​គ្រួសារ​មាំ​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​នៅ​ពេល​មតិ​របស់​សមាជិក​ដទៃ​ទៀត​ចូល​រួម​ដែរ​នោះ គំនិត​របស់​ពួក​គាត់​អាច​ផ្លាស់​ប្ដូរ​ទាំង​ស្រុង។ ក្នុង​ករណី​ដែល​យើង​ពន្យល់​ប៉ាម៉ាក់​មិន​បាន យើង​អាច​រក​ជំនួយ​ពី​ពូមីង តា​យាយ បង​ប្អូនដើម្បី​ជួយ​បញ្ចុះបញ្ចូល​បន្ថែម ដើម្បី​មាន​មតិ​ស្រប ច្រើន​ជាង​មិត​ប្រឆាំង។

៤. ព្យាយាម​គង់​បាន​សម្រេច

នៅ​ពេល​ត្រូវ​គ្រួសារ​បដិសេធ​ពី​ចំណង​មនោសញ្ចេតនា​របស់​អ្នកភ្លាម មិន​ត្រូវ​បាក់​ទឹក​ចិត្ត​ភ្លាម​នោះ​ឡើយ។ ប្រសិន​បើ​គ្រួសារ​ឃើញ​ថា អ្នក​ក៏​លែង​មាន​ទឹក​ចិត្ត​នឹង​ស្នេហា​ហើយ​នោះ ពួក​គាត់​នឹង​រឹត​តែ​បាន​ចិត្ត ចង់​បំបែក​អ្នក​លើស​ដើម។ ដូច​នេះ​ហើយ យើង​ត្រូវ​រក្សា​ចំណង​របស់​ខ្ឡួន​ឲ្យ​រឹង​មាំ និង​ប្រើ​ពេល​ច្រើន​ដើម្បី​ពន្យល់​ប្រាប់​គាត់​ថា​ជម្រើស​ដែល​ខ្លួន​ជ្រើស​គឺ​ត្រឹម​ត្រូវ ហើយ​ពេល​វេលា​នឹង​ជា​អ្នក​បញ្ជាក់​គ្រប់​យ៉ាង​៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម