៥ ចំណុចមនុស្សប្រុសសម័យថ្មីគួរមានច្រើនជាងលុយ និងរូបរាង

  • 2019-04-29 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​មែន​ទាំង​អស់​មែន​ ប៉ុន្តែ​ឆ្លង​កាត់​បទពិសោធន៍​គួប​ផ្សំ​នឹង​​ការ​ឃើញ​ផ្ទាល់​ភ្នែក​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​​បុរស​ភាគ​ច្រើន​ដែល​មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ​ មាន​រួប​រាង​សង្ហារ​ ​ជា​មនុស្ស​សាវា​ ​មើល​ងាយ​អ្នក​ដទៃ​ ជា​ពិសេស​គេ​តែង​គិត​ថា​គេ​ចង់​បាន​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​ក៏​បាន​ដែរ​។​

តែ​ត្រូវ​គិត​ថា​ប្រយ័ត្ន​រក​នារី​ត្រឹម​ត្រូវ​ម្នាក់​មក​ធ្វើ​ជា​ម្ដាយ​កូន​ខ្លួន​ឯង​មិន​បាន​ ព្រោះ​មាន​តែ​មនុស្ស​ស្រី​ដែល​ត្រេកត្រអាល​នឹង​រូប​រាង​ ហើយ​និង​ទ្រព្យ​សម្បត្តិ​របស់​អ្នក​តែ​ប៉ុណ្ណោះ​ដែល​ចាប់​អារម្មណ៍​ប្រុស​ប្រភេទ​នេះ​ បើ​សិន​នាង​ជា​នារី​ដែល​ត្រូវ​ការ​អ្វី​ដែល​មិន​មែន​ជា​​​ទ្រព្យ​ និង​ រូបរាង​របស់​អ្នក នាង​គ្មាន​ថ្ងៃ​នឹង​ចាប់​អារម្មណ៍​មនុស្ស​ប្រភេទ​អ្នក​ឡើយ​។​ មិន​មែន​ត្រឹម​តែ​លុយ​ ការងារ​ តែ​មនុស្ស​ប្រុស​សម័យ​ថ្មី​ត្រូវ​តែ​មាន​ប៉ុន្មាន​ចំណុច​នេះ​ជាប់​ខ្លួន​ ទើប​ហៅ​ថា​ជា​បុរស​សង្ហារ​ពិត​ប្រាកដ៖

ចំណេះ​ដឹង

មាន​ចំណេះ​ដឹង​កន្លែង​នេះ​​មិន​បាន​សំដៅ​ដល់​អ្នក​ដាច់​ខាត​ត្រូវ​តែ​រៀន​ឲ្យ​បាន​ខ្ពស់​ដល់​ថ្នាក់​បណ្ឌិត​អី​នោះ​ទេ​។​ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​អ្នក​រៀន​ចប់​ថ្នាក់​បរិញ្ញា​ប័ត្រ​ ហើយ​អាច​ស្វែង​រក​បាន​ការ​ងារ​ល្អ​មួយ​ និង​ប្រាក់​ខែ​សមរម្យ​។​

ចំណេះ​ដឹង​នេះ​ហើយ​ដែល​នាំ​អ្នក​អាច​ទៅ​រក​ភាព​ជោគ​ជ័យ​ និង​អាច​ឲ្យ​អ្នក​បណ្ដោះ​ខ្លួន​ចេញ​ពី​ភាព​ក្រី​ក្រ ​លំបាក​បាន​ ទោះ​បី​ជា​អ្នក​កើត​ចំ​គ្រួសារ​អ្នក​មាន​ក៏​ដោយ​បើ​អ្នក​គ្មាន​ចំណេះ​ដឹង​ អ្នក​នឹង​រស់​នៅ​ដោយ​មាន​តែ​សម្បក​ក្រៅ​ ពឹង​តែ​ទ្រព្យ​របស់​ប៉ា​ម៉ាក់​តែ​ប៉ុណ្ណោះ​។​ តែ​អ្នក​មិន​ត្រូវ​បាន​អ្នក​ដទៃ​ផ្ដល់​តម្លៃ​ឲ្យ​ឡើយ​ ហើយ​ភាព​ស្រស់​សង្ហា​របស់​អ្នក​ក៏​បាត់​បង់​តាម​ហ្នឹង​ដូច​គ្នា​។​

ភាព​ស្មោះ​ត្រង់

មាន​លុយ​ រូប​រាង​សង្ហារ​ ច្បាស់​ណាស់​ថា​មិន​ខ្វះ​មនុស្ស​ស្រី​ចាប់​អារម្មណ៍​ទេ។​ តែ​ភាព​ជា​ប្រុស​ ជា​សុភាពបុរស​អ្វី​ចាំ​បាច់​ដែល​អ្នក​ត្រូវ​មាន​គឺ​ ភាព​ស្មោះ​ត្រង់​ ចំពោះ​មនុស្ស​ដែល​អ្នក​ស្រលាញ់​។​ គ្មាន​នរណា​កោត​សរសើរ​មនុស្ស​ក្បត់​ទេ​ ទោះ​អ្នក​មាន​មុខ​មាត់​ កិត្តិយស​ កម្រិត​ណា​ក៏​ដោយ​ អំពើ​ក្បត់​នឹង​បន្ថោក​តម្លៃ​របស់​អ្នក​។​ មួយ​វិញ​ទៀត​មនុស្ស​ស្រី​ក៏​ជា​មនុស្ស​ដែរ​ បើ​មិន​ស្មោះ​ត្រង​នឹង​នាង​ទេ​កុំ​យក​នាង​មក​លេង​សើច​អី​ ព្រោះ​នាង​​ជា​កូន​ស្រី​មាន​តម្លៃ​ណាស់​សម្រាប់​ឪពុក​ម្ដាយ​នាង។ ​ សុជីវធម៌ និង​សីលធម៌

រស់​នៅ​ក្នុង​សង្គម​បើ​អ្នក​​គ្មាន​របស់​ពីរ​យ៉ាង​នេះ​ទេ​នោះ​គេ​មិន​ហៅ​អ្នក​ថា​មនុស្ស​ទេ​។​ ការ​គោរព​និង​ឲ្យ​តម្លៃ​អ្នក​ដទៃ​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​គួរ​តែ​ធ្វើ​ មុខ​មាត់​ស្អាត​បាត​ មាន​លុយ​ តែ​គ្មាន​សីលធម៌​ និង​ សុជីវធម៌​ តើ​មាន​ប្រយោជន៍​អ្វី​ទៅ​។​

គោរព​និង​ឲ្យ​តម្លៃ​ស្ត្រី

ទោះ​បី​ ស​ ខ្មៅ ​ខ្ពស់​ ទាប​ មាន​ ឬ​ ក្រ ស្ត្រី​គ្រប់​រួប​គួរ​តែ​ទទួល​បាន​ការ​គោរព និង​ឲ្យ​តម្លៃ​។​ កុំ​ឃើញ​នាង​មិន​ស្អាត ឬ​ ក្រ ​ស្រាប់​តែ​និយាយ​មើល​ងាយ​នាង​ អ្នក​ត្រូវ​ដឹង​ថា​អ្នក​អាច​មាន​ថ្ងៃ​នេះ​ក៏​ដោយ​សារ​មនុស្ស​ស្រី​ជា​អ្នក​បង្កើត​អ្នក​មក​ដែរ​ បើ​អ្នក​មើល​ងាយ​នាង​វា​ប្រៀប​ដូច​នឹង​អ្នក​កំពុង​តែ​មើល​ងាយ​ភេទ​ម្ដាយ​ខ្លួន​ឯង​អ៊ីចឹង។

ទំនួល​ខុស​ត្រូវ

ធ្វើ​ជា​មនុស្ស​ប្រុស​អ្វី​ដែល​ត្រូវ​មាន​ក្នុង​ខ្លួន​គឺ​ទំនួល​ខុស​ត្រូវ​ បើ​អ្នក​ក្លាហាន​ហ៊ាន​យក​បេះ​ដូង​នាង​បាន​ ពី​ម្ដាយ​ឪពុក​របស់​គេ​ អ្នក​ក៏​ត្រូវ​តែ​ក្លាហាន​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ជីវិត​នាង​ដូច​គ្នា​។​ មិន​មែន​គ្រាន់​តែ​ស្រលាញ់​មួយ​ឆាវ​ ពេល​អស់​សម្រស់​ហើយ​ក៏​លែង​ដៃ​ចោល​ទេ​ បើ​អ្នក​ធ្វើ​បែប​នេះ​អ្នក​មិន​មែន​ជា​កូន​ប្រុស​ទេ​៕

ចុចអាន៖ កុំ​ថា​ឡើយ​សង្សារ​ សូម្បីមិត្ត​ភក្តិ​រក​មិន​បាន​ផង​ បើ​ប្រកាន់​យក​ចរិត​ ៧ នេះជាប់​ខ្លួន ​​

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម