វិធី​កម្ចាត់​មេរោគ​ពី​មួក​សុវត្ថិភាព​ងាយ​ដូច​បក​ចេក ដែល​អ្នក​អាច​មិន​ដឹង

  • 2019-04-12 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​សាំញ៉ាំ មិន​ចំណាយ​លុយ​ច្រើន តិចនិក​សម្អាត​មួយ​សុវត្ថិភាព​ទាំង​នេះ នឹង​ជួយ​ឲ្យ​អ្នក​ជៀស​ឆ្ងាយ​ពី​ជំងឺ​ជា​ច្រើន។

មួក​​សុវត្ថិភាព​គឺ​ជា​របស់​ដែល​យើង​តែង​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ។ យ៉ាងណាក្ដី​ ដោយ​ពេល​ត្រូវ​ថ្ងៃ ខ្យល់​ ភ្លៀង និង​ធូលី​តាម​ផ្លូវ​នោះ អាច​និយាយ​បាន​ថា មួក​សុវត្ថិភាព​គឺ​ទី​ផ្ទុក​មេរោគ​ច្រើន​រាប់​មិន​អស់។ វា​អាច​បង្ក​ឲ្យ​សក់​ឡើង​អង្គែ ឡើង​ប្រេង ឬ​មាន​ចៃ​ជា​ដើម។ ដើម្បី​ជៀសវាង​បញ្ហា​ទាំង​នេះ អ្នក​អាច​សម្អាត​តាម​វិធី​ដូច​ខាង​ក្រោម៖

-មួក​ដែល​អាច​ដោះ​ចេញ​បាន

ប្រសិន​បើ​មួក​របស់​អ្នក​អាច​ដោះ​ចេញ​ចូល​បាន​នោះ ការ​លាង​សម្អាត​គឺ​ងាយ​ស្រួល​មែនទែន។ ក្រោយ​ពេល​ដោះ​ស្រទាប់​ខាង​ក្នុង ចេញ​ពី​គ្រោង​ខាង​ក្រៅ​ហើយ អ្នក​ត្រូវ​លាយ​សាប៊ូ​បោក​ខោអាវ​ជាមួយ​ទឹក​ក្ដៅ​អ៊ុនៗ និង​ត្រាំ​មួក​ក្នុង​រយៈ​ពេល​១០ នាទី​ឲ្យ​ក្អែល និង​ធូលី​ដី​ចេញ​ឲ្យ​សិន ចាំ​យក​ច្រាស​មក​ដុះ​បន្ថែម។ ក្រោយ​ពេល​ដុះ​រួច ត្រូវ​លាង​វិញ​ដោយ​ទឹក​ស្អាត និង​ដាក់​ហាល​ឲ្យ​ស្ងួត មុន​ពេល​យក​មក​ប្រើ​វិញ។

-សម្រាប់​មួក​ដែល​មិន​អាច​ដោះ​ចេញ​ចូល​បាន

ចំពោះ​មួក​ប្រភេទ​នេះ អ្នក​ត្រូវ​លាយ​សាប៊ូ​កក់​សក់​ជាមួយ​ទឹក​ក្ដៅ​អ៊ុន​ៗ និង​ដាក់​មួក​ចូល​ត្រាំ​ទាំង​ស្រុង​ក្នុង​រយៈ​ពេល​១៥​នាទី។ ក្រោយ​ពេល​យក​កន្សែង​ជូត​ជុំ​វិញ​ខាង​ក្រៅ​អស់ អ្នក​អាច​យក​ច្រាស​មក​ដុះ​ស្រាលៗ​រហូត​ដល់​ដី​ពី​មួក។ បន្ទាប់​មក សម្អាត​វិញ​ដោយ​ទឹក​ស្អាត​រហូត​ដល់​អស់​ពពុះ​សាប៊ូ។ បន្ទាប់​មក ហាល​ឲ្យ​ទាល់​តែ​ស្ងួត​ទើប​យក​មក​ប្រើ​ប្រាស់​វិញ៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel