មនុស្ស​ស្រី​ចាស់ចិត្តចាស់គំនិត​ មិន​ផ្ដេកផ្ដួល​​ជីវិត​លើ​មនុស្ស​ប្រុស​ឡើយ

  • 2019-04-12 03:03:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​ស្រី​ដែល​មិន​ទាន់​រៀប​ការ​មួយ​ចំនួន​បាន​និយាយ​ថា៖ «ជួប​មនុស្ស​ប្រុស​ល្អ​ម្នាក់​ ក្នុង​មួយ​ជីវិត​នេះ​មិន​បាច់​ធំ​ក៏​បាន​ដែរ» ឃ្លា​នេះ​មិន​ខុស​ទេ ប៉ុន្តែ​តើ​មនុស្ស​ស្រី​ពិត​ជា​ចង់​ធ្វើ​ជា​ក្មេង​ស្រី​ដែល​ត្រូវ​ឲ្យ​មនុស្ស​ប្រុស​ការពារ មើល​ថែ​រហូត​មែន​ទេ? ចុះ​ហេតុអី​មិន​ព្រម​ធ្វើ​ជា​មនុស្ស​ស្រី​ដែល​រឹង​មាំ​អាច​ជួយ​ជ្រោមជ្រែង​មនុស្ស​មនុស្ស​ប្រុស​នោះវិញ​ទៅ?

រូបតំណាង

មនុស្ស​ស្រី​ដែល​ចាស់​ចិត្ត​ចាស់​គំនិត មិន​សំដៅ​ទៅ​លើ​អាយុ​តិច ច្រើន ឬ​រៀប​ការ​ហើយ​នោះ​ទេ ព្រោះ​មាន​មនុស្ស​ស្រី​ខ្លះ​អាយុ​ជាង​សាម​សិប​ឆ្នាំ​ទៅ​ហើយ នៅ​តែ​មិន​អាច​រស់​ដោយ​ខ្លួន​ឯង​បាន គឺ​ចាំបាច់​ដល់​តែ​មាន​អ្នក​នៅ​ជាមួយ។

មនុស្ស​ប្រុស​ស្រឡាញ់​ណាស់​មនុស្ស​ស្រី​ដែល​ញ៉ិកញ៉ក់​ដូច​កូន​ក្មេង ព្រោះ​ធ្វើ​ឲ្យ​គេ​ក្នាញ់ ចង់​ថ្នាក់ថ្នម ប៉ុន្តែ​នោះ​មិន​មែន​មាន​ន័យ​ថា​អ្នក​ត្រូវ​ផ្ដេកផ្ដួល​លើ​គេ​ទាំង​ស្រុង​នោះ​ទេ ព្រោះ​មនុស្ស​ប្រុស​ក៏​ចង់​បាន​ប្រពន្ធ​​រឹងមាំ​ម្នាក់​ធ្វើ​ជា​កម្លាំង​ចិត្ត​គេ​ដូច​គ្នា។

ត្រូវ​ធ្វើ​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​មនុស្ស​ប្រុស​មិន​អាច​ខ្វះ​បាន មិន​មែន​ធ្វើ​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​មិន​អាច​ខ្វះ​មនុស្ស​ប្រុស​បាន​នោះ​ទេ។

បើ​អ្នក​មាន​ការ​ងារ​ធ្វើ ហើយ​ប្ដី​អ្នក​ក៏​មាន​ការងារ​ធ្វើ នោះ​ចំណូល​គ្រួសារ​កើន​ឡើង​ទ្វេ​ ហើយ​អ្នក​ក៏​មិន​បាច់​ពិបាក​សុំ​លុយ​គេ​នៅ​ពេល​អ្នក​ចង់​បាន​អី​មួយ​ដែរ។

ធ្លាប់​គិត​អត់​ថា នៅ​ពេល​អ្នក​ចាយ​លុយ​អ្នក​ណា អ្នក​ត្រូវ​នៅ​ក្រោម​ការ​គ្រប់គ្រង​អ្នក​នោះ។

តើ​អ្នក​ហ៊ាន​ឈ្លោះ​គ្នា​ជាមួយ​ប្ដី​ទេ បើ​ឃើញ​ប្ដី​នៅ​ក្រៅ​ផ្ទះ​យប់ៗ បើ​រាល់​ថ្ងៃ​អ្នក​ចាយ​លុយ​របស់​ប្ដី​ហ្នឹង?

តើ​អ្នក​ហ៊ាន​ស្ដី​ថា​ឲ្យ​គេ​ទេ​ នៅ​ពេល​គេ​ធ្វើ​ខុស បើ​អ្នក​ដែល​ឲ្យ​លុយ​អ្នក​ចាយ​ជា​​គេ​ហ្នឹង?

ឬ​មួយ​អ្នក​ត្រូវ​សម្ងំ អត់​ទ្រាំ​ ដោយសារ​តែ​ចង់​រស់​ក្នុង​ផ្ទះ​​របស់គេ​បន្ត?

រូបតំណាង

កុំ​ធ្វើ​ជា​ក្មេង​ស្រី​ដែល​ត្រូវ​គេ​ចិញ្ចឹម គេ​ផ្គត់ផ្គង់​ តែ​ត្រូវធ្វើ​ជា​មនុស្ស​ស្រី​ដែល​អាច​រស់​នៅ​ដោយ​ខ្លួន​ឯង​បាន និង​ផ្គត់ផ្គង់​គ្រួសារ​បាន​ទោះ​គ្មាន​មនុស្ស​ប្រុស​ក៏​ដោយ។

ធ្វើ​ជា​មនុស្ស​ស្រី​ដែល​អាច​មាន​ចំណូល​ជួយ​គ្រួសារ​ដូច​គ្នា ដោយ​មិន​ឲ្យ​បន្ទុក​នោះ​ទៅ​លើ​មនុស្ស​ប្រុស​ទាំង​អស់។

ធ្វើ​ជា​មនុស្ស​ស្រី​ដែល​អាច​ចាយ​លុយ​ទិញ​អ្វី​ដែល​ខ្លួន​ឯង​ស្រឡាញ់​បាន ដោយ​មិន​បាច់​គ្រាន់​តែ​កាបូប​មួយ​ត្រូវ​សុំ​គេ​ដែរ​នោះ។

ធ្វើ​ជា​មនុស្ស​ស្រី​ដែល​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​សម្រេច​ចិត្ត និង​ចាត់ចែង​​រឿងក្នុង​គ្រួសារ មិន​មែន​ងក់ក្បាល​តាម​តែ​ប្ដី​និយាយ​នោះ​ទេ។

ធ្វើ​ជា​មនុស្ស​ស្រី​ដែល​អាច​​ផ្គត់ផ្គង់​គ្រួសារ ឪពុក​ម្ដាយ​ខ្លួន​បាន ដោយ​មិន​បាច់​សុំ​លុយ​អ្នក​ណា​ទៅ​ឲ្យ​គាត់។

ធ្វើ​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​ត្រូវ​បាន​ មនុស្ស​ប្រុស​គោរព​ឲ្យ​តម្លៃ មិន​មែន​ហុច​លុយ​ឲ្យ​អ្នក​ហើយ ដើរចេញ​ពី​ផ្ទះ ឬ​មាត់​តូច​មាត់​ធំ​ដាក់​អ្នក​ឡើយ។

ពេល​ដែល​អ្នក​ក្លាយ​ជា​មនុស្សស្រី​បែប​នោះ មនុស្ស​ប្រុស​ពិ​ត​ជា​ពិបាក​នឹង​ធ្វើ​បាប​អ្នក​ណាស់ ហើយ​ជំនួស​មក​វិញ​មាន​តែ​ក្ដី​ស្រឡាញ់ ការ​ចង់​ក្បែរ និង​ការ​គោរព។

មនុស្ស​ស្រី​ចាស់​ទុំ​ពេញ​លេញ​ម្នាក់​នឹង​មិន​ធ្វើ​ជា​ក្មេង​ស្រី​ដែល​ឲ្យ​គេ​មើល​ថែ​នោះ​ទេ ព្រោះ​នាង​អាច​មើល​ថែ​ខ្លួន​ឯង​បាន ហើយ​ក៏​អាច​មើល​ថែ​មនុស្ស​ប្រុស​បាន​វិញ​ដូច​គ្នា។

រូបតំណាង

​មនុស្ស​ប្រុស​ណា​ក៏​ចង់​បាន​មនុស្សស្រី​បែប​នោះ​ដែរ ព្រោះ​គេ​ជឿ​ថា​បើ​គេ​បាន​មនុស្សស្រី​ចាស់​ទុំ​ម្នាក់​មក​ធ្វើ​ជា​ប្រពន្ធ​ គេ​គឺ​ជា​មនុស្ស​ដែល​មាន​សំណាងបំផុត៕

ចុចអាន៖

កូន​ស្រី​​បើ​ចង់​រស់​នៅ​ក្នុង​ជីវិត​ដ៏​ស្រស់​ស្អាត​បំផុត​នោះ​ គួរ​​អប់រំ​​ខ្លួន​ឲ្យ​​មាន​ ២​ចំណុច​នេះ

ចំណុច​ទាក់ទាញ​​ខុស​គ្នា​រវាង​នារី​ដែល​មាន​ចរិត​ចាស់​ទុំ និង​នារី​ដែល​មាន​ចរិត​កូនក្មេង

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម