ស្រី​ៗមាន​ម្ដាយ​ក្មេកប្រភេទ​នេះ​ សំណាង​ជាង​រើស​បាន​មាស​ ១០ គីឡូ​ទៀត

  • 2019-04-12 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យ​ចាស់​និយាយ​ថា​ «នារី​ណា​បាន​ប្ដី​ល្អ​គឺ​ហៅ​ថា​មាន​សំណាង​​ តែ​បើ​មាន​ម្ដាយ​ឪពុក​ក្មេក​ល្អ​ទៀត​នោះ​ហៅ​ថា​ជាតិ​មុន​នាង​ធ្វើ​បុណ្យ​ដល់​ហើយ»។​ មិន​ថា​តាំង​ពី​បុរាណ​ ឬ​ក្នុង​សង្គម​សម័យ​ថ្មី​ទេ​ រឿង​ចម្រូង​ចម្រាស់​រវាង​ម្ដាយ​ក្មេក​និង​កូន​ប្រសា​ស្រី​នៅ​តែ​ជា​ប្រធាន​បទ​ក្ដៅ​សម្រាប់​គូ​ស្វាមី​ប្ដី​ប្រពន្ធ​។ ឲ្យ​តែ​រៀប​ការ​ហើយ​បើ​សិន​ជា​ប្ដី​ប្រពន្ធ​រស់​នៅ​ផ្ទះ​​ខាង​ប្ដី​មិន​យូរ​មិន​ឆាប់​​រឿង​ក្ដៅ​ក្រហាយ​នឹង​មក​បណ្ដាក់​គ្នា​រាល់​ថ្ងៃ​ ប៉ុន្តែ​បើ​សិន​ជា​ម្ដាយ​ក្មេក​របស់​អ្នក​​ជា​មនុស្ស​ប្រភេទ​នេះ​អ្នក​ពិត​ជា​មនុស្ស​សំណាង​រក​លេខ​ដាក់​គ្មាន​ទេ​។

គាត់​គោរព​សេរី​ភាព​របស់​អ្នក

ម្ដាយ​ក្មេក​ដ៏​ល្អ​ម្នាក់​គឺ​គាត់​តែង​តែ​គោរព​សេរីភាព​របស់​អ្នក​។​ គាត់​នឹង​មិន​ចូល​ផ្ទះ​ឬ​បន្ទប់​របស់​អ្នក​ពេល​អ្នក​មិន​នៅ​ទេ​ ព្រោះ​គាត់​មិន​ចង់​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​គាត់​។​ ​

គាត់​ចាំ​ថ្ងៃ​ពិសេស​របស់​អ្នក

បើ​សិន​ជា​ម្ដាយ​ក្មេក​ឲ្យ​កាដូ​​ខ្សែ​ដៃ​ដល់អ្នក​ក្នុង​ថ្ងៃ​កំណើត​របស់​អ្នក​ ទោះ​បី​វា​មិន​មាន​ជា​របស់​ដែល​អ្នក​ចូល​ចិត្ត​ ប៉ុន្តែ​វា​បាន​បង្ហាញ​ថា​គាត់​ស្រលាញ់​អ្នក​ ហើយ​ចង់​ចាំ​ថ្ងៃ​ពិសេស​របស់​អ្នក​។​ ត្រូវ​តែ​ពេញ​ចិត្ត​នូវ​អ្វី​ដែល​គាត់​បាន​ឲ្យ​​។​

មិន​ហៅ​អ្នក​ឲ្យ​ក្រោក​នៅ​ពេល​ព្រឹក

ប្ដី​ប្រពន្ធ​ភាគ​ច្រើន​​តែង​តែ​ក្រោក​រៀង​យឺត​បន្តិច​នៅ​ថ្ងៃ​ឈប់​សម្រាក​​ ហើយ​ម្ដាយ​ក្មេក​ដែល​យល់​ដឹង​​នឹង​មិន​ទៅ​ស្រែក​ហៅ​ ឬ Call ទៅ​ប្ដី​របស់​អ្នក​ហើយ​ប្រាប់ឲ្យ​ក្រោក​នោះ​ទេ​។​ គាត់​នឹង​រង់​ចាំ​មើល​រហូត​ដល់​ម៉ោង​ ១០ ឬ​មុន​ពេល​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​នៅ​ថ្ងៃ​ចុង​សប្ដាហ៍។

គាត់​ដឹង​ពី​របៀប​រស់​នៅ​របស់​អ្នក

ម្នាក់​ៗ​តែង​តែ​​របៀប​រស់​នៅ​ខុស​ៗ​គ្នា​។ម្ដាយ​ក្មេក​ដែល​ត្រឹម​ត្រូវ​មួយ​រូប​តែង​តែ​ផ្ដោត​អារម្មណ៍​និង​ដឹង​ពី​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​ដូច​ជា​ របៀប​ចម្អិន​ របៀប​សម្អាត​ផ្ទះ​ និង​លាង​ចាន​ឆ្នាំង​ជាដើម និង​មិន​ធ្វើ​ឲ្យ​ផ្ទះ​បាយ​រញ៉េរញ៉ៃ​ទេ​ពេល​អ្នក​មិន​នៅ​ផ្ទះ​។​

គាត់​ជា​អ្នក​ពូកែ​មើល​ថែ​ក្មេង

រឿង​​ដែល​កូន​ប្រសា​ស្រី​តែង​តែ​សរសើរ​ម្ដាយ​ក្មេក​ខ្លួន​ឯង​នោះ​គឺ​គាត់​ជា​មនុស្ស​ដែល​ពូកែ​មើល​ថែ​និង​ស្រលាញ់​ចៅ​បង្កើត​ខ្លួន​ឯង​។​ ម្ដាយ​ក្មេក​ល្អ​តែង​តែ​ជួយ​មើល​ថែ​កូន​ៗ​របស់​អ្នក​ពេល​ដែល​អ្នក​រវល់​ធ្វើ​ការ​​ ព្រោះ​ក្មេង​ៗ​ត្រូវ​ចំណាយ​ពេល​ច្រើន​ដើម្បីមើល​ថែ​ពួក​គេ​។

គាត់​មិន​ប្រៀប​ធៀប​អ្នក​ជា​មួយ​នឹង​កូន​ស្រី​បង្កើត ឬកូន​ប្រសា​ស្រី​ផ្សេង​ទៀត

អ្នក​ប្រហែល​ជា​ជួប​ការ​ប៉ះ​ទង្គិច​គ្នា​តិច​តួច​ពេល​ដែល​រស់​នៅ​ជា​មួយ​បង​ឬ​ប្អូន​ថ្លៃ​ស្រី​ ក៏​ប៉ុន្តែ​ម្ដាយ​ក្មេក​ដែល​មាន​ភាព​យុត្តិធម៌​នឹង​មិន​យក​អ្នក​ទៅ​ប្រៀប​ធៀប​ជា​មួយ​កូន​របស់​គាត់​ទេ​។​ គាត់​នឹង​ស្ដាប់​អ្នក​ ហើយ​​មើល​លើ​ភាព​ជាក់​ស្ដែង​ ទោះ​បី​ជា​គាត់​ទទួល​យក​ការ​ពិត​មិន​បាន​ក៏​ដោយ​។​

គាត់​យល់​ថា​អ្នក​ក៏​ជា​ម្ដាយ​គេ​ដែរ

គាត់​ដឹង​ថា​អ្នក​ក៏​ជា​ម្ដាយ​ម្នាក់​ដែរ​ ហើយ​អ្នក​ដឹង​ថា​អ្នក​រវល់​ខ្លាំង​ជា​មួយ​ការងារ​នៅ​កន្លែង​ធ្វើ​ការ​ផង​ និង​នៅ​ផ្ទះ​ទៀត​។​ ម្ដាយ​ក្មេក​ចិត្ត​ព្រះ​នឹង​យោគយល់​ហើយ​អាណិត​អ្នក​។

គាត់​តែង​តែ​គាំ​ទ្រ​អ្នក

ជឿ​ឬ​មិន​ជឿ​ តែ​បើ​សិន​ជា​អ្នក​សាក​ល្បង​ ​អ្នក​នឹង​ដឹង​ថា​ម្ដាយ​ក្មេក​ល្អ​តែង​តែ​ជួយ​អ្នក​ប្រឆាំង​នឹង​កូន​ប្រុស​របស់​គាត់​។​ គាត់​នឹង​វិភាគ​រក​ខុស​ត្រូវ​ ហើយ​នឹង​កែ​តម្រូវ​អ្នក​និង​ប្ដី​របស់​អ្នក​៕

ចុចអាន៖

ប្រភព៖ emdep ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម