មូល​ហេតុ​ ៣​ ដែល​ធ្វើ​ឲ្យ​អ្នក​ប្រឹង​សម្រក​គីឡូ​យ៉ាង​ណាក៏​មិន​ស្រក

  • 2019-04-10 09:12:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ធ្លាប់​​សម្រក​ទម្ងន់​ទេ?​ ហើយ​ឆ្ងល់​ទេ​ថា ខំ​ប្រឹង​ធ្វើ​តាម​រូប​មន្ត​ច្រើន​ដែរ​ តែ​នៅ​តែ​មិន​ស្រក​? ខំ​ប្រឹង​ហាត់​ប្រាណ​ដែរ ​តែ​គីឡូ​នៅ​តែ​មិន​ស្រក​ ខំ​ប្រឹង​ធ្វើ​គ្រប់​សព្វ​បែប​យ៉ាង​ហើយ​ តែ​មិន​ទទួល​បាន​លទ្ធផល​អ្វី​សោះ​។​ ដឹង​អត់​ថា​មក​ពី​ហេតុ​អី​?​

១. មិន​ដាក់​ចិត្ត​ដាក់​កាយ

គ្រប់​គ្នា​សុទ្ធ​តែ​ជួប​នឹង​បញ្ហា​នេះ​ ដោយ​សារ​តែ​យើង​និយាយ​តែ​មាត់​ថា​ចង់​ស្រក​គីឡូ​ ញ៉ាំ​តិច​ ប៉ុន្តែ​នៅ​តែ​រស់​នៅ​ក្នុង​បរិយាកាស​ដដែល​។​ ក្រោក​ពី​គេង​យឺត​ មិន​ញ៉ាំ​ឲ្យ​ទៀង​ពេល ញ៉ាំ​តែ​អាហារ​ពេល​ថ្ងៃ​ និង​ញ៉ាំ​ច្រើន​។​ បើ​មិន​អ៊ីចឹង​ទេ​ញ៉ាំ​គ្រប់​អាហារ​ទាំង​អស់​ ទោះ​បី​ជា​ញ៉ាំ​តិច​ ប៉ុន្តែ​ក្នុង​អាហារ​ទាំង​នោះ​សុទ្ធ​តែ​កាឡូរី​ខ្ពស់​ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​គីឡូ​របស់​អ្នក​មិន​ព្រម​ស្រក​ទៅ​ណា​សោះ​។​ ទៅ​ហាត់​ប្រាណ​ដែរ​ តែ​គីឡូ​នៅ​តែ​ដដែល​។​ ពេល​ស្រក​គីឡូ​បាន​បន្តិច​ក៏​ត្រលប់​ទៅ​ញ៉ាំ​ដូច​មុន​វិញ​ ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ធាត់​លើស​ដើម​ទៀត​។​ ដាក់​ចិត្ត​ដាក់​កាយ​គឺ​ជា​រឿង​សំខាន់​ក្នុង​ការ​សម្រក​ទម្ងន់​ មិន​អាច​មិន​ខ្វល់​រឿង​ណា​មួយ​ឡើយ​។

២. ធ្វើ​ហួស​ប្រមាណ

ការ​សម្រក​គីឡូ​បើ​ធ្វើ​លើស​ពេក​អាច​នឹង​ក្លាយ​ជា​រឿង​យ៉ាប់​វិញ​មិន​ខាន​។​ ប្រៀប​ដូច​ជា​អ្នក​បាន​រៀប​ចំ​គោល​ដៅ​ហើយ​ធ្វើ​វា​បាន​ទាំង​អស់​ មិន​ថា​ធ្វើ​ហើយ​គ្មាន​រង្វាន់​សម្រាប់​ខ្លួន​ឯង​ ក៏​នៅ​តែ​ខំ​ប្រឹង​ធ្វើ​គ្មាន​ថ្ងៃ​ឈប់​។​ នៅ​ពេល​ដែល​អ្នក​ប្រឹង​ធ្វើ​វា​ខ្លាំង​ពេក​ វា​នឹង​ធ្វើ​ឲ្យ​អ្នក​បាក់​ទឹក​ចិត្ត​ ហើយ​គិត​ថា​ហេតុ​អ្វី​នៅ​តែ​កន្លែង​ដដែល​?​ ការ​ស្រក​ទម្ងន់​គួរ​តែ​ជា​ការ​ឲ្យ​រង្វាន់​ខ្លួន​ឯង​ទើប​អ្នក​មាន​កម្លាំង​ចិត្ត​អាច​ធ្វើ​រឿង​ផ្សេង​ទៀត​បាន​។

៣. ខ្វះ​ការ​អត់​ធ្មត់

ដូច​ដែល​ដឹង​ហើយ​ថា​ការ​ស្រក​ទម្ងន់​គឺ​ត្រូវ​ការ​ប្រើ​ពេល​វេលា​ មិន​មែន​ត្រឹម​ ១​ សប្ដាហ៍​ទេ​។​ កុំ​រអ៊ូ​ថា​ហាត់​ប្រាណ តម​អាហារ​បាន​មួយ​សប្ដាហ៍​ហើយ​តែ​មិន​មាន​ឃើញ​អ្វី​ប្រែប្រួល​សោះ​។ ហេតុ​អី​មិន​គិត​ដល់​អ្នក​ដែល​គេ​ចំណាយ​ពេល​រាប់​ឆ្នាំ​ហើយ​ទើប​ស្រក​បាន​តែ​បន្តិច​នោះ​ផង​។​​ ចង់​ស្រក​គីឡូ​សូម​កុំ​ប្រញាប់​ ព្រោះ​អ្នក​ជា​ធ្វើ​ឲ្យ​ខ្លួន​ឯង​ធាត់​អ៊ីចឹង​ហើយ​ត្រូវ​ប្រើ​ពេល​ដើម្បី​សម្រក​វិញ​៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ឃួន​ សុលីកា