អ្នក​ដែល​ត្រូវ​មក នៅ​តែ​មក អ្នក​ត្រូវ​ទៅ ឃាត់​យ៉ាង​ណាក៏គង់​តែ​ទៅ

  • 2019-04-11 00:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពួក​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​មិន​ច្បាស់​ពី​អនាគត រឹត​តែ​មិន​ដឹង​ច្បាស់​ពី​ចិត្ត​គំនិត​របស់​នរណា​ម្នាក់។ ថ្ងៃ​នេះ គេ​អាច​ដោយ​សារ​យើង ហ៊ាន​លះបង់​គ្រប់​បែប​យ៉ាង។ ថ្ងៃ​ស្អែក គេ​ក៏​អាច​​ដោយ​សារ​អ្វី​មួយ​ ហើយ​បោះបង់​យើង​ចោល​ដែរ។

និយាយ​ទៅ​និយាយ​មក ស្រលាញ់​គ្នា តែមិន​​ឲ្យ​អស់​ពី​ខ្លួន​នៅ​តែ​ជា​ជម្រើស​ដ៏​ល្អ​បំផុត គឺ​រក្សា​ខ្លះ​ឲ្យ​ខ្លួន​ឯង​វិញ។ ព្រោះ​នោះ​គឺ​ជា​ក្ដី​សង្ឃឹម​ចុង​ក្រោយ​សម្រាប់​ខ្លួន​ឯង​ នៅ​ពេល​​មាន​ការ​បែក​បាក់​កើត​ឡើង ហើយ​វា​ក៏​ដូច​ជា​ការ​ឲ្យ​តម្លៃ​ខ្លួន​ឯង​ផង​ដែរ។ ប្រសិន​ជា​យើង​រស់​នៅ​ដោយ​គិត​ថា គ្មាន​អ្វី​ស្ថិតស្ថេរ​រហូត ប្រហែល​ជា​ធូរ​ស្រាល​ខ្លាំង​ណាស់។ ព្រោះ​បើ​យើង​នៅ​តែ​រក្សា​គំនិត​ថា គេ​ជា​របស់​យើង​រហូត ហើយ​ដល់​ថ្ងៃ​មួយ​ដែល​គេ​ចេញ​ទៅ នោះ​ប្រៀប​ដូច​ជា​ធ្លាក់​ឋាន​នរក​ចឹង គឺ​គ្មាន​អ្វី​ឈឺ​ប្រៀប​បាន​ឡើយ។ បើ​ប៉ះ​ចំ​ពេល​យប់​មាន​ភ្លៀង​ស្រិច​ៗ​មក​ទៀត​នោះ ភាព​ឈឺ​ចាប់​​ ហាក់​ដូច​ត្រូវ​បាន​គុណ​ឡើង​ជា​​ច្រើន​ដង។ ព្រោះ​ភ្លៀង​នឹង​ធ្វើ​ឲ្យ​បរិយាកាស​អួអាប់ ហាក់​មាន​អ្វី​មក​សង្កត់​នៅ​ទ្រូង។ ដី និង​ធូលី​នៅ​លើ​ដំបូល​ផ្ទះ អាច​ហូរ​ទៅ​តាម​ទឹក​ភ្លៀង តែ​ហេតុ​អ្វី​អនុស្សាវរីយ៍​ខ្ញុំ​ និង​អ្នក​មិន​ព្រម​ទៅ​តាម​ទឹក​ភ្លៀង​ដែរ?

នៅ​ពេល​នរណា​​ដើរ​ចេញ​ពី​ជីវិត​យើង ជំនួស​ឲ្យ​ការ​ស្ដី​បន្ទោស យើង​ត្រូវ​សើច​វិញ មិន​មែន​ទេ​ឬ? សើច​ព្រោះ​បាត់​បង់​មនុស្ស​ម្នាក់​ដែល​លែង​ស្រលាញ់​យើង។ សើច​ដែល​គេ​បាន​ផ្ដល់​ឱកាស​ឲ្យ​យើង​រក​អ្នក​ថ្មី​ដែល​ល្អ​ជាង​រូប​គេ។ ព្រោះ​នៅ​ពេល​ដែល ដាក់​ចិត្ត​ចាក​ចេញ​ហើយ បើ​អ្នក​នៅ​អង្វរ​លន់​តួ​គេ គឺ​មាន​តែ​បាត់​តម្លៃ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។

ពិភព​លោក​ខាង​ក្រៅ​ដ៏​ធំ​នេះ កំពុង​មាន​មនុស្ស​ជា​ច្រើន​ស្វែង​រក​គូ​របស់​គេ ហើយ​អ្នក​គឺ​ជា​ម្នាក់​ក្នុង​ចំណោម​នោះ។ កុំ​ចំណាយ​ពេល​អត់​ប្រយោជន៍​ទៅ​លើ​កែវ​ដែល​ផ្សារ​វិញ​បាន។ នៅ​ចុង​បញ្ចប់ អ្នក​ដែល​ត្រូវ​មក ទោះឆ្ងាយ​យ៉ាង​ណា​ក៏​គង់​ជួប ឯ​អ្នក​ត្រូវ​ទៅ ឃាត់​យ៉ាង​ណា​ក៏​មិន​ជាប់៕

ចុចអានបន្ត៖

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម