ជោគជតា​រាសី​ឆ្នាំ​ថ្មី​ត្រៀម​ចូល​ដល់​សម្រាប់​អ្នក​កើត​ឆ្នាំ​មមី-កុរ

  • 2019-04-09 03:48:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពី​អត្ថបទ​មុន ​កញ្ញា​បាន​ចុះ​ផ្សាយ​ពី​​ទំនាយ​ជោគ​ជតា​រាសី​របស់​អ្នក​កើត​ឆ្នាំ​ទាំង​៦​ដំបូង ​គឺ​ ពី​ឆ្នាំ​ជូត​ដល់​ឆ្នាំ​ម្សាញ់ រួច​មក​ហើយ។ ​ថ្ងៃ​នេះ​ យើង​នឹង​មក​មើល​បន្ត​នូវ​ឆ្នាំ​ទាំង​៦​ផ្សេង​ទៀត​តាម​ការ​ទស្សន៍ទាយ​​ក្នុង​សៀវភៅ​មហាសង្ក្រាន្ត​ឆ្នាំ​កុរ​​របស់​ឯក​ឧត្តម​ អ៊ឹម បូរិន្ទ​ដូច​គ្នា។

ឆ្នាំ​មមី

ទាំង​ជា​មនុស្ស​ប្រុស និង​មនុស្ស​ស្រី

ក្នុង​ឆ្នាំ​នេះ ជា​ឆ្នាំ​ដែល​អ្នក​នឹង​មាន​គ្រោះ​អាសន្ន​អាក្រក់​ណាស់។ ដួង​ជតា​ត្រូវ​ខាត​បង់​ត្រូវ​មាន​ធុរៈ​ជំងឺ​ឈឺ​ថ្កាត់​​មិន​ខាន​ឡើយ។ បើ​អ្នក​ចង់​ធ្វើ​អ្វី​ត្រូវ​ពិចារណា​គិត​មុខ​គិត​ក្រោយ​ឱ្យ​ល្អិត​ល្អន់​មែន​ទែន។ បើ​កាល​ណា​ភ្លាត់​មុខ​ជា​ត្រូវ​រង​អំពើ​សង្កត់​សង្កិន​យ៉ាង​គួរ​ឱ្យ​ធរមាន​ចិត្ត។ ចូរ​កុំ​គប្បី​បញ្ចេញ​ឈ្មោះ​បោះ​សំឡេង​ជា​ត្លុក​កំប្លែង​លេង​ជាមួយ​គេ​ញយ​ពេក។ ចូរ​ខំ​បំពេញ​ខ្លួន​​​ឱ្យ​គេ​ឃើញ​ថា យើង​ជា​មនុស្ស​មាន​របៀប​និង​សុភាព​រៀបរយ​ ចូរ​ធ្វើ​សេចក្ដី​ល្អ​តប​ត​ជា​មួយ​សត្រូវ​ទើប​គ្រោះ​របស់​អ្នក​ត្រូវ​បន្ធូរ​បន្ថយ​ទៅ​បាន​ខ្លះ ប៉ុន្តែ​អ្នក​ត្រូវ​បាន​មិត្ត​ជិត​ស្និទ្ធ​ជួយ​ឈឺ​ឆ្អាល​យ៉ាង​ពេញ​ទំហឹង ហើយ​ពេល​ក្រោយ​មាន​គេ​ជួយ​ឱ្យ​បាន​ទ្រព្យ​នឹង​បាន​ស្ដុកស្ដម្ភ។

រូបតំណាង

ឆ្នាំ​មមែ

បើ​ជា​មនុស្ស​ប្រុស

ក្នុង​ឆ្នាំ​នេះ ជា​ឆ្នាំ​ដែល​​ជោគ​លាភ​មុខ​នឹង​មាន​មក​ដល់​អ្នក​ ហើយ​បើ​លោក​អ្នក​ចង់​ធ្វើ​អ្វី​នឹង​បាន​សម្រេច​ជា​ដរាប។ ​មិត្តភ័ក្ដិ ឬ​នាយ​ចៅហ្វាយ​ជា​​ធំ​ប្រុង​ទំនុក​បម្រុង​ដល់​អ្នក តែ​ថារឿង​ដែ​អ្នក​ត្រូវ​ប្រិតប្រៀប​ខ្លួន​ជា​និច្ច គឺ​ថា​កុំ​បេះបួយ​នាំ​រឿង​ពី​ឯ​នេះ​ទៅ​និន្ទា ឱ្យ​អ្នក​ឯ​នោះ​ឮ​ឬ​ដឹង បើ​អ្នក​បាន​តម​ប្រាកដ​ក្នុង​ហេតុ​ភេទ​បែប​នេះ​បាន​ ឈ្មោះ​ថា​ខ្លួន​អ្នក​បាន​ដោះ​ស្រាយ​ពី​ការ​បែក​បាក់​រវាង​មេត្រីភាព។

បើ​ជា​មនុស្ស​ស្រី

ក្នុង​ឆ្នាំ​នេះ ជា​ឆ្នាំ​ដែល​ការ​រៀប​មង្គល​ការ​របស់​អ្នក​នឹង​បាន​ផល​សម្រេច​បំណង​យ៉ាង​ពិត​ប្រាកដ​ប្រកប​ទោ​ដោយ​សេចក្ដី​សុខ ប៉ុន្តែ​អ្នក​នៅ​មាន​ទំនាស់​នឹង​មេ​បា​របស់​អ្នក​បន្តិច​បន្តួច រួច​ពី​ហេតុការណ៍​បែប​នេះ​ទៅ​នឹង​បាន​ល្អ​ប្រសើរ​ឡើង​វិញ។ បើ​អ្នក​ធ្វើ​ការ​កាន់​មុខ​តំណែង​មាន​មុខ​នាទី​ទទួល​ខុស​ត្រូវ អ្នក​ត្រូវ​បាន​ឡើង​តំណែង​នាទី​បន្ថែម​ជា​មុន​ខាន។ ការ​ដែល​អ្នក​​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​ទី​បំផុត​នោះ​គឺ​ចោរកម្ម និង​អគ្គិភ័យ​បំផ្លាញ​ប បើ​សិន​ជា​មាន​ជំងឺ​ច្រើន​តែ​ផ្ដាសាយ។

ឆ្នាំ​វក

បើ​ជា​មនុស្ស​ប្រុស

ក្នុង​ឆ្នាំ​នេះ​ជា​ឆ្នាំ​សម្រេច​លាភ​ផល​ជូន​ដល់​កណ្ដាប់​ដៃ​យើង​ហើយ។ ខ្លួន​អ្នក​ត្រូវ​បាន​ជោគជ័យ​គ្រប់​ប្រការ​ ហើយ​នឹង​បាន​ទទួល​ការ​លើក​តម្កើង​ពី​មនុស្ស​ទូទៅ ថា​បើ​អ្នក​បាន​រៀប​មង្គល​ការ​ក្នុង​ឆ្នាំ​នេះ​រាប់​ថា​ល្អ​ផ្ដាច់​ហើយ ទោះ​បី​ជា​សត្រូវ​កាច​ប៉ុនប៉ង​ប្រទូសរ៉ាយ​យ៉ាង​ដូច​ម្ដេច​ក៏​ដោយ​ក៏​អ្នក​អាច​គេច​ផុត​បាន​ទាំង​អស់ ប៉ុន្តែ​ឧបសគ្គ​របស់​អ្នក​ក៏​មិន​សោះ​សូន្យ​ដែរ។ ចំពោះ​ក្រុម​ញាតិ​ព័ន្ធ​នឹង​ផ្ដល់​នូវ​សេចក្ដី​រំខាន​ដល់អ្នក​មួយ​ចំនួន​នៅ​ក្នុង​រយៈ​ឆ្នាំ​នេះ។

បើ​ជា​មនុស្ស​ស្រី

ក្នុង​ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​ជោគ​ជតរាសី​របស់​អ្នក​ពុំ​ប្រសើរ​ទេ។​ ជា​គ្រោះ​កម្ម​កាច​សាហាវ​ណាស់​ លោក​អ្នក​តោង​កែ​កុន​ប្រើ​សេចក្ដី​ពិនិត្យ​ពិច័យ​ឱ្យ​ល្អិត​ល្អន់​​បន្តិច​ សូម្បី​តែ​អ្នក​ដែល​ធ្លាប់​រាប់​រក​អ្នក​យ៉ាង​ណា ឬ​អ្នក​ធ្វើ​ការ​ងារ​រួម​នឹង​គេ អ្នក​កុំ​សង្ឃឹម​ឡើយ​ថា​នឹង​បាន​កម្រៃ​ផល​ពី​វង់​ការ​បែប​នោះ​ឱ្យ​សោះ ពុំ​នោះ​នឹង​បណ្ដាល​ហេតុ​ពី​ក្នុងក្រុម​គ្រួសារ មាន​ភ័យ​ព្រួយ​ឈឺ​ថ្កាត់​ ឬ​ក៏​មាន​រឿង​ទំនាស់​ពី​មនុស្ស​បម្រើ​ការ​ក្នុង​លំនៅឋាន។ ការងារ​ប្រចាំ​ជីវិត​របស់​អ្នក ឬ​សេចក្ដី​ស្និទ្ធស្នាល​របស់​អ្នក​នឹង​ផ្ដល់​ផល​ជា​អសារ​ឥត​ការ​ដល់​អ្នក​វិញ បើ​អ្នក​ចង់​បន្ធូរ​បន្ថយ​ការ​អាប់​បែប​នេះ អ្នក​ត្រូវ​ខំ​ខ្នះខ្នែង​ដោយ​ប្រើ​សេចក្ដី​ឆ្លៀវឆ្លាត និង​សេចក្ដី​អង់អាច​ឱ្យ​គ្រប់​កម្លាំង ទើប​អ្នក​បាន​ប្រាសចាក​ផុត​ពី​វិបត្តិ​ទាំង​នេះ​ទៅ​ខ្លះៗ។

រូបតំណាង

ឆ្នាំ​រកា

បើ​ជា​មនុស្ស​ប្រុស

ជោគជតា​រាសី​របស់​អ្នក​ក្នុង​ឆ្នាំ​នេះ​មិន​សូវ​ជា​ល្អ។ អ្នក​នឹង​មាន​ចិត្ត​ខ្វល់​ខ្វាយ​ច្រើន​អនេក​ មិត្តភ័ក្ដិ​ជា​ទី​ស្រលាញ់​ ឬ​ញាតិ​សន្ដាន​ដែល​មនា​គុណ​បំណាច់​លើ​រូប​អ្នក​នឹង​ត្រូវ​និរាស​គ្នា​ មិន​តែ​ប៉ុណ្ណោះ​អ្នក​ត្រូវ​ខូច​ខាត​ផល​ប្រយោជន៍​ខ្លះ​ទៀត​ផង តាមការ​ពិត​អ្នក​មិន​ត្រូវ​រង​ទុក្ខ​ទោស​ក្ដៅ​ណាស់​ណា​ទេ បើ​ទុក​ជា​មាន​ឧបសគ្គ​ក្នុង​ការងារ​របស់​អ្នក​ខ្លះ​ក៏​គង់​នឹង​សាប​រលាប​ទៅ​វិញ​បាន ដោយ​សារ​ពេល​នេះ​មាន​គេ​ជួយ​ឈឺ​ឆ្អាល​ឱ្យ​អ្នក​បាន​សុខ​សាន្ត​ រី​ឯ​ភឿន​របស់​អ្នក​ក៏​បាន​តទល់​ជួយ​យ៉ាង​ស្វិតស្វាញ ជួន​កាល​ឆ្នាំ​នេះ​អ្នក​ត្រូវ​រុះ​រើ​ផ្ទះ​សម្បែង​ជួស​ជុល​ ឬ​ធ្វើ​ថ្មី​ផង​ក៏​អាច​ថា​បាន។

បើ​ជា​មនុស្ស​ស្រី

ក្នុង​ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​អ្នក​នឹង​បាន​ការងារ​ធ្វើជាក់​ជា​ប្រាកដ​ បើ​សិន​ជា​ការ​រៀប​ចំ​មង្គល​ផ្ទាល់​ខ្លួន​មុខ​ជា​បាន​សម្រេច​ដូច​សេចក្ដី​ប្រាថ្នា​ ហើយ​ជួប​លាភ​ផល​យ៉ាង​បន្ទាន់ តែ​បើ​ទោះ​ទៅ​ជា​យ៉ាង​នោះ​ក៏​ដោយ ក៏​គង់​តែ​នៅ​មាន​មនុស្ស​ច្រណែន​ឫស្យា​ចំពោះ​ផល​របស់​អ្នក​ជា​និច្ច​ នៅ​ក្នុង​រឿង​នេះ​ចូរ​អ្នក​កុំ​គប្បី​ខ្លាច​ឱ្យ​សោះ ព្រោះ​មាន​គេ​រង់ចាំ​ជួយ​ឈឺ​ឆ្អាល​អ្នក​ពេញ​ទំហឹង ខាង​មុខ​នៃ​ហេតុការណ៍​ដូច​ពោល​នេះ អ្នក​ត្រូវ​​ប្រយ័ត្ន​ចំពោះ​មនុស្ស​មាន​ទុក្ខ​ទោស​គ្រប​សង្កត់​ណា​មួយ​មក​បញ្ចុះ​បញ្ចូល​បញ្ជោរ​លើក​ជើង​អ្នក​ឱ្យ​ចូល​រួម​ការងារ​ជាមួយ​គេ ទោះ​ការងារ​នោះ​មាន​សភាព​បែប​ណា​ក៏​ដោយ​ចុះ សុទ្ធ​តែ​មិន​បរិសុទ្ធ​ទាំង​អស់។ ហើយ​មិន​គួរ​លី​សែង​រែក​ពុន​លើក​ដាក់​របស់​ធ្ងន់ៗ​ពេក​ទេ ព្រោះ​អាច​មាន​ថ្លោះ​ចង្កេះ​ ឬ​គ្រេច​ឆ្អឹ​ង​ខ្នង​ ឬ​មាន​ការ​ឈឺ​ថ្កាត់​​បាន​ដោយ​ងាយ។

ឆ្នាំ​ច​​​

បើ​ជា​មនុស្ស​ប្រុស

ក្នុង​ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​ជោគ​ជតា​រាសី​របស់​អ្នក​មិន​សូវ​ល្អ​ លោក​អ្នក​មិន​សូវ​បាន​រីករាយ​សោះ​ឡើយ មិត្តភ័ក្ដិ​ ឬ​មនុស្ស​ធ្វើ​ការ​ជាមួយ​អ្នក​ គេ​ជា​មនុស្ស​អាប់​ជោគ​ថោក​រាសី​ដឹក​នាំ​អ្នក​ឱ្យ​ខូច​ខាត​ទុន ក្នុង​រយៈ​​ឆ្នាំ​នេះ​អ្នក​មិន​គួរ​ធ្វើ​ដំណើរ​ឆ្ងាយ​ពេក​ទេ សូម្បី​តែ​បើក​ហាង​លក់​ដូរ​អីវ៉ាន់​ថ្មី ឬ​ប្រកប​កិច្ចការ​យ៉ាង​ណា​ក៏​ដោយ​អ្នក​កុំ​ធ្វេស​ប្រហែស​ឱ្យ​សោះ ហើយ​មិន​គួរ​ពឹង​រក​ឱ្យ​គេ​ជួយ​ទុក្ខ​ធុរៈ​ខ្លួន​ជា​ដាច់​ខាត។ តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ អ្នក​គង់​នឹង​បាន​សម្រេច​ក្នុង​ការងារ​ដែល​អ្ននក​បាន​តាំង​ចិត្ត​ទុក​ដោយ​សេចក្ដី​មានះ​ព្យាយាម​យ៉ាង​ប្ដូរ​ផ្ដាច់។

បើ​ជា​មនុស្ស​ស្រី

ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​ជោគ​រាសី​របស់​អ្នក​ល្អ​ជា​ទី​បំផុត លោក​អ្នក​មាន​សេចក្ដី​សុខ​សម្រាន្ត​​យ៉ាង​លើស​លុប​ ហើយ​បាន​គាប់​ចិត្ត​គ្រប់​យ៉ាង នៅ​មាន​គេ​នាំ​បំណាច់​រង្វាន់​មក​ឱ្យ​ដល់​ទី​កន្លែង។ នៅ​ក្នុង​បន្ទុក​ក្រុម​គ្រួសារ​មាន​សេចក្ដី​សុខ​យ៉ាង​ក្រៃលែង។ ក្នុង​ឆ្នាំ​នេះ​បើ​លោក​អ្នក​មាន​បំណង​ធ្វើ​ការងារ​អ្វី ឬ​បើក​មុខ​ជំនួញ​ជួញ​ដូរ​មុខ​​បាន​ជា​សម្រេច​ផល​យ៉ាង​ពិត​ប្រាកដ ប៉ុន្តែ​ថា​អ្នក​កុំ​ផ្ដេកផ្ដួល​នឹង​ការ​ជួយ​ឈឺ​ឆ្អាល​ពី​អ្នក​ដទៃ​ឯ​ទៀត​ខ្លាំង​ពេក ចំពោះ​រឿង​​នៃ​រាប់​អាន​ស្រឡាញ់​ទុក​ចិត្ត​គួរ​តែ​ប្រយ័ត្ន​ឱ្យ​មែន​ទែន​ ហើយ​ខំ​ស្ទាបស្ទង់​នូវ​ទឹក​ចិត្ត​គេ​បន្តិច​ផង។

ឆ្នាំ​កុរ

បើ​ជា​មនុស្ស​ប្រុស

ក្នុង​ឆ្នាំ​នេះ រាសី​របស់​អ្នក​មិន​សូវ​បាន​ស្រួល​បួល​ទេ គឺ​ថា​អ្នក​ត្រូវ​តែ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ជា​ញឹកញាប់​ក្នុង​ដំណើរ​ជីវិត​របស់​អ្នក។ ប៉ុន្តែ​អ្នក​​ត្រូវ​ខិត​ខំ​តាំង​ចិត្ត​ពុះពារ​និង​ប្រឹង​រម្ងាប់​ចិត្ត​ទប់​ទល់​នឹង​អធិករណ៍​នេះ​ឱ្យ​មែន​ទែន ហើយ​គួរ​តាំង​ចិត្ត​ធ្វើ​ការងារ ឬ​កិច្ចការ​យ៉ាង​ណា​នោះ​ដោយ​សេចក្ដី​ឧស្សាហ៍ និង​ស្វាហាប់​ខំ​បំពេញ​ឱ្យ​បាន​អង់អាច​ជានិច្ច។ បើ​អ្នក​ធ្វើ​យ៉ាង​នេះ​បាន​នោះ ទើប​អ្នក​បាន​ជោគជ័យ​គ្រាន់​បើ​ឡើង​វិញ​បន្តិច ក្នុង​រវាង​ដែល​លោក​អ្នក​មាន​អាយុ​ប៉ុណ្ណេះ។

បើ​ជា​មនុស្ស​ស្រី

ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​អ្នក​ត្រូវ​ឃ្លាត​ពី​ទី​កន្លែង​ បើ​សិន​ជា​មិន​ដូច្នោះ​ទេ អ្នក​មុខ​ជា​ត្រូវ​នឿយ​ណាយ​ធុញ​ទ្រាន់​នឹង​កន្លែង​ចាស់ ឬ​ត្រូវ​ផ្លាស់​ប្ដូរ​ទី​លំនៅ​ផង​ក៏​មាន ពុំ​នោះ​សោត​ នាទី​ការពារ​របស់​អ្នក​នឹង​ត្រូវ​រុះ​រើ​ជា​ថ្មី។ បើ​មាន​ការ​លក់​ដូរ​ជំនួញ​ជួញ​ប្រែ​ជា​អាជីព ការ​នេះ​នឹង​បណ្ដា​ជា​ហេតុ​ឱ្យ​មាន​សេចក្ដី​តឹង​ចង្អៀត​ខ្លះៗ។ តំណ​ទៅ​ពេល​ខាង​មុខ ក្នុង​ឆ្នាំ​នេះ​ អ្នក​នឹង​ធ្វើ​មោះ​មិន​គាប់​ឱ្យ​អ្នក​មាន​សេចក្ដី​ហ្មង​មួរ​ជា​រឿយៗ។ មួយ​វិញ​ទៀត ញាតិ​ព័ន្ធ​ឬ​មិត្តភ័ក្ដ​នឹង​កើត​ជា​ក្ដី​រង្គាស ឫស្យា​ដល់​អ្នក​ដោយ​បំពាន​លើ​ផល​ល្អ​និង​សេចក្ដី​ចម្រើន​របស់​អ្នក​ ហេតុ​ការណ៍​ទាំង​នេះ​ចូរ​កុំ​ភ្លេច​ស្មារតី​ឱ្យ​សោះ។ បើ​យ៉ាង​ហោច​ណាស់ នៅ​ក្នុង​ឆ្នាំ​នេះ​ អ្នក​នឹង​មាន​វិបត្តិ​ឈឺ​ថ្កាត់​មិន​ខាន​ឡើយ៕

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម