​​មិន​​ចង់​​​​​ឲ្យ​​​​​​​​បែក​​​​​​សង្វារ​អាក្រក់​​​មើល​​​​​ ក្នុង​អំឡុង​ពេល​​ពរ​ពោះ​ គួរ​​​ដឹង​​​វិធី​​ការពារ​​ងាយៗ​ទាំង​​នេះ​​​​​

  • 2019-04-08 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ក្នុង​​​​អំឡុង​ពេល​មាន​​​​​ផ្ទៃ​​​ពោះ​​​​​​ ​មនុស្ស​​ស្រី​​ទាំង​អស់​​​​តែង​​ប្រឈម​​​​​នឹង​​បញ្ហា​​ផ្សេងៗ​​រាប់​​មិន​អស់​។ បើ​​និយាយ​​​​​​​​សង្វារ​​​វិញ​ គឺ​​ជា​រឿង​មួយ​​​គួរ​ឲ្យ​​ខ្លាច​​បំផុត​​​​។ ហេតុ​​នេះ​​ហើយ ដើម្បី​​ថែរក្សា​​ស្បែក​​​ពោះ​​ឲ្យ​​នៅ​​​តែ​​ស្អាត​​មិន​​​បែក​​​សង្វារ​អាក្រក់​​​មើល ​​​​ស្រ្តី​​​ពរ​ពោះ​គួរ​​​ដឹង​​ពី​​វិធី​​ការពារ​​​​​​​​​​​ដែល​​មាន​​ប្រសិទ្ធភាព​​និង​​​​សុវត្ថិភាព​។

​​មូល​​​ហេតុ​​​​​នៃ​​ការ​​​កើត​​​​សង្វារ​​​​ក្នុង​​អំឡុង​ពេល​​មាន​​ផ្ទៃ​​ពោះ​​​​

​​​​​​​យោង​​តាម​​​​​​​​​​​​ស្ថិតិ​​​​ បាន​​​​​បង្ហាញ​​​ថា​​​​ក្នុង​​ចំណោម​​​​ស្រ្តី​​​​​ពោះ​ធំ​​​​​១០​​នាក់ មាន​​​​៩នាក់​​​​ហើយ​ដែល​​នឹង​កើត​​​​សង្វារ​​។ ​​​ដោយ​​សារ​​​​តែ​​​​ពេល​​ពរ​ពោះ ​​​​​មនុស្ស​ស្រី​​​​បាន​ឡើង​​​ទម្ងន់​​​​​ឆាប់​​​រហ័ស​ ជា​​ហេតុ​​ធ្វើ​​ឲ្យ​​​​​​​​​ជាលិកា​​ក្រោម​​ស្បែក​​​​​​​​​​​​ត​ភ្ជាប់​គ្នា ​ជាតិ​​​​​សរសៃ​​​ខូឡាជែន​​​​​​​​​​ខូច​​​ខាត​ ស្បែក​​​​​លាត​​​​សន្ធឹង ចង្អូរ​​​នៅ​ក្រោម​​​​ស្បែក​​​កាន់​តែ​ជ្រៅ​​​ជាង​មុន ​​បណ្តាល​ឲ្យ​​​​​​​​បែក​​​​​សង្វារ​​​​​​ចេញ​​មក​ក្រៅ​។

​​​​​​​​​​វិធី​​សាស្រ្ត​​ការពារ​​

​​១. ផឹក​ទឹក​​ឲ្យ​បាន​​ច្រើន​​​

​​​​​​​​​​​​ការ​ព្យាយាម​​ផឹក​ទឹក​​ឲ្យ​​បាន​​​​ច្រើន ក្នុង​​​អំឡុង​ពេល​​ពរ​​ពោះ​​​នេះ មិន​​ត្រឹម​​តែ​ជួយ​​​ឲ្យ​​​រាង​​កាយ​​មាំ​មួន​​ប៉ុណ្ណោះ​ទេ វា​​​ថែម​​ទាំង​​​អាច​​ជួយ​ការ​ពារ​​ទឹក​ភ្លោះ​ ​កាត់​​​​បន្ថយ​​អាការៈ​ចាញ់​កូន​ពេល​ព្រឹក​​ បណ្តេញ​​ជាតិ​ពុល និង​​ទប់​​ស្កាត់​​​​សង្វារ​​​​​​​ផង​ដែរ​។ អ្នក​​ម្តាយ​​​​ដែល​​​​បាន​​​ផឹក​ទឹក​​​គ្រប់​​គ្រាន់​​​​​ ​​​​ជា​​​វិធី​​​​ដ៏​ល្អ​​​ដើម្បី​​​​បង្កើន​ជាតិ​​សំណើម ​​​និង​​​​​​​ធ្វើ​​ឲ្យ​​ស្បែក​​​ក្មេង​ជាង​​វ័យ​​។

​​​២. ​​​​​ទទួល​​​យក​​​​​​​​​វីតាមីន​​​​ឲ្យ​​បាន​គ្រប់​​គ្រាន់​​​

​​​​​វីតាមីន​ A E និង​​C ព្រម​​​​ទាំង​អាហារ​​​​​​​ដែល​​មាន​ជាតិ​​អាស៊ីដ​​អូមេហ្គា​៣ ល្អ​​​បំផុត​​សម្រាប់​​​​សុខភាព​​ស្បែក​។ អ្នក​​ម្តាយ ​​​អាច​​ប្រើ​​ប្រាស់​​​​​​ប្រេង​​ដូង​​ ប្រេង​​អូលីវ ​​​​ដែល​មាន​វីតាមីន​​ E​ ​​ខ្ពស់​ ជួយ​​​ឲ្យ​​​ស្បែក​​​​​​​ទន់​​​រលោង​​ និង​​​​​​តឹង​​ណែន​។ ​ជាពិសេស​​​ អាហារ​​​​ដែល​មាន​រសជាតិ​​ជូរ​​​​​​ ដំឡូង​​​ផ្អែម ការ៉ុត ផ្លែស្ត្របឺរី​ កូន​​ស្ពៃ​ គ្រាប់​​ធញ្ញជាតិ និង​ពង​មាន់​...​​​​​​​​​​​គឺ​​​សម្បូរ​​​​​នូវ​​​​វីតាមីន និង​ជីវជាតិ​សំខាន់ៗ​​​​​​ដល់​​​​​​​​សុខភាព​​ស្បែក​​​។​

​​​​​៣. ម៉ាស្សា​​ជាមួយ​នឹង​​ប្រេង​​ធម្មជាតិ​​​

​​​​​អ្នក​​អាច​​ប្រើ​​ប្រេង​​​ដូង​​​​ ឬ​​​​​ប្រេង​​ល្ង​​​​​​ ដើម្បី​​ធ្វើ​ការ​​ម៉ាស្សា​​​​​​​​​ត្រង់​​បរិវេណ​​ស្បែក​​​​​​ដែល​​ងាយ​​​នឹង​បែក​​​សង្វារ ដូច​ជា​​​​​ ក្បាលពោះ​​ ភ្លៅ​​ គូទ និង​​​​ជើង​​ជា​​​​​​ដើម​។ គួរ​​​ធ្វើ​ឲ្យ​បាន​ ១-២​​​​ដង ក្នុង​មួយ​​ថ្ងៃ​។

​​៤. ជម្រុះ​​​កោសិកា​​​ងាប់​ៗ​​​​​

​​​​​​​នេះ​​​ជា​​​​វិធី​​​​ដ៏​​មាន​​​​ប្រសិទ្ធភាព​មួយ​​ ដែល​​​អ្នក​អាច​​​​ធ្វើ​ការ​ជម្រុះ​​កោសិកា​​ចាស់​​ៗ​​​ចេញ​​ពី​​​ស្បែក ​​​​ដើម្បី​​ជួយ​​ឲ្យ​​កោសិកា​​​ថ្មី​​​​​ដុះ​ឡើង​​​​វិញ​ និង​​ការពារ​​​​​​មិន​​ឲ្យ​​​​​កើត​​សង្វារ​​បាន​យ៉ាង​​ល្អ​។

​​​៥. ​ហាត់​ប្រាណ​​​

​​​​​​​​​​​​​​ការ​​​ហាត់​​ប្រាណ​ឲ្យ​​បាន​ទៀត​​ទាត់ ជួយ​​​ឲ្យ​​​ស្បែក​​​​​ហាប់ណែន​​ បង្កើន​​​​ចរាចរ​​ក្នុង​​រាង​កាយ និង​​ធ្វើ​​ឲ្យ​អ្នក​​​ដក​​​​ដង្ហើម​​បាន​ស្រួល​​ បង្ក​​​​​ផល​​ល្អ​​​​ដល់​​​​ទារក​​ក្នុង​​ផ្ទៃ​​​​​​។ ​លើស​ពី​នេះ​​​ទៅ​ទៀត​​ ​ការ​ហាត់​​ប្រាណ ជួយ​​​ការ​ពារ​​មិន​​​​ឲ្យ​​អ្នក​​ឡើង​​គីឡូ​​​ឆាប់​​​រហ័ស​ពេក​​​​​​​ និង​​ការពារ​​​​ការ​​​​កើត​​​​សង្វារ​​​ផង​ដែរ​៕​​

ចុចអានបន្ត៖

ប្រភព៖ emdep ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម