វិធី​សាស្រ្ដ​លើក​ទឹកចិត្ត​ខ្លួន​ឯង​ពេល​អ្នក​ធ្លាក់​ខ្លួន​ដុនដាប​ខ្លាំង​ ហើយ​គ្មាន​អ្នកណា​ក្បែរ

  • 2019-04-05 06:13:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការឡើង​ចុះ​នៃ​ភាព​រីករាយ​ និង​ទុក្ខសោក​គឺ​មនុស្ស​យើង​មិន​អាច​គេច​ផុត​បាន​ទេ តែ​ក៏​មិន​អាច​ចេះ​តែ​បណ្ដោយ​ឲ្យ​សេចក្ដី​ទុក្ខ​មក​រួម​រឹត​រហូត​មិន​អាច​ចាកចេញ​ពី​វា​បាន​ដែរ។ បើ​ពេល​ណា​មួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ដុនដាប​ខ្លាំង ហើយ​គ្មាន​អ្នក​ណា​នៅ​ក្បែរ​ជួយ​លួងលោម​អ្នក​នោះ អ្នក​អាច​ប្រើ​វិធីសាស្ត្រ​នេះ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​បាន៖

១. ចេញ​ទៅ​ក្រៅ​រក​អី​ញ៉ាំ

ការ​ចេញ​ទៅ​រក​អី​ញ៉ាំ​គឺ​ជា​វិធី​មួយ​ដែល​អាច​ឲ្យ​អ្នក​បន្ធូរ​ភាព​តាន​តឹង​បាន​មួយ​ចំណែក ព្រោះ​នៅ​ពេល​ដែល​អ្នក​បាន​ញ៉ាំ​របស់​ឆ្ងាញ់ៗ និង​រសជាតិ​ដែល​អ្នក​ចូលចិត្ត​នោះ អ្នក​នឹង​មាន​អារម្មណ៍​ធូរស្រាល​បី​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត។ គ្រាន់​តែ​ទៅ​ញ៉ាំ​អី​ម្នាក់​ឯង​គ្មាន​អី​ត្រូវ​ឯកា​នោះ​ទេ សំខាន់​បំផុត​អ្នក​កុំ​បង្ខាំង​ខ្លួន​ឯង​ទុក​នៅ​កន្លែង​ដែល​ស្ងប់ស្ងាត់ និង​ងងឹត​ទៀត។

២. មើល​និង​ស្ដាប់​អ្វី​ដែល​វិជ្ជមាន និង​មាន​ការ​ជំរុញ​ទឹក​ចិត្ត

ស្ដាប់​អត្ថបទ​ដែល​មាន​ទស្សនៈ​ល្អ​ៗ និង​ជួយ​ធ្វើ​ឲ្យ​ចិត្ត​ដែល​កំពុង​ឈឺចាប់​នេះ​បាន​ស្ងប់។ កាល​ដែល​ចំណាយ​ពេល​មើល និង​ស្ដាប់​ប្រភេទ​អត្ថបទ ឬ​វីដេអូ​បែប​នេះ​អាច​ជួយ​សម្រួល​អារម្មណ៍ និង​ការ​គិត​អ្នក​បាន​មួយ​ចំណែក​ធំ ដោយ​ធ្វើ​ឲ្យ​អ្នក​បើក​ចិត្ត​បាន​ទូលាយ​ជាង​មុន និង​គិត​បាន​វែងឆ្ងាយ មិន​សុញ​គំនិត។

៣. មើល​រឿង​បែប​សប្បាយ

ការ​មើល​រឿង​ក៏​ជួយ​ឲ្យ​អ្នក​គ្រាន់​បើ​ជាង​មុន​ដែរ ព្រោះ​នៅ​ពេល​ដែល​អ្នក​ផ្ដោត​អារម្មណ៍​ទៅ​លើ​រឿង​ដែល​អ្នក​មើល​អ្នក​នឹង​លែង​សូវ​គិត​ពី​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​ទៀត។ ការ​មើល​រឿង​បែប​សប្បាយ​ៗ​អាច​ជួយ​ឲ្យ​ខួរក្បាល​អ្នក​ស្រឡះ​ជាង​មុន ហើយ​ក៏​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ក្នុង​ការ​ក្រោក​ឈរ​ឡើង​វិញ​ដែរ។

៤. ប្រាប់​ខ្លួន​ឯង​ថា​ខ្លួន​ឯង​មាន​តម្លៃ

ត្រូវ​ព្យាយាម​ប្រាប់​ខ្លួន​ឯង​ថា​ខ្លួន​ឯង​ជាមនុស្ស​មាន​តម្លៃ​ណាស់ ដូច្នេះ​ទោះ​មាន​រឿង​អី​ក៏​មិន​អាច​បោះបង់​ខ្លួន​ឯង​ចោល​ដែរ។ ការ​ឈឺចាប់​នៅ​ថ្ងៃ​នេះ​គ្មាន​អី​ធំដុំ​ទេ ឲ្យ​តែ​យើង​ព្យាយាម​ឆ្លង​វា​ឲ្យ​ផុត​បាន​មួយ​ថ្ងៃ​ៗ មិន​យូរ​ទេ​យើង​នឹង​ជា​សះស្បើយ។

៥. អាន​សៀវភៅ

មាន​មនុស្ស​ជា​ច្រើន​មិន​សូវ​ជា​ចូលចិត្ត​ការ​អាន​សៀវភៅ​ទេ ប៉ុន្តែ​ការ​អាន​សៀវភៅ​ពិត​ជា​ល្អ​មែនទែន​សម្រាប់​សុខភាព​ផ្លូវ​ចិត្ត ដូច្នេះ​អ្នក​គួរ​តែ​ជ្រើស​រើស​ប្រភេទ​សៀវភៅ​ណា​ល្អៗ​មក​អាន​ដើម្បី​សម្រួល​ផ្លូវ​ចិត្ត​អ្នក។ អ្នក​ត្រូវ​ដាក់​ចិត្ត​ដាក់​កាយ​អាន​សៀវភៅ នោះ​បន្តិច​ក្រោយ​មក​អ្នក​នឹង​ដឹង​ថា​វា​មាន​ប្រសិទ្ធភាព​ខ្លាំង​សម្រាប់​ជួយ​អ្នក​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។

ពេល​ខ្លះ​ជីវិត​គឺ​បែប​នេះ ដូច្នេះ​ពេល​ដួល​អ្នក​ត្រូវ​រៀន​ក្រោក​ឈរ​ដោយ​ខ្លួន​ឯង ព្រោះ​គ្មាន​អ្នក​ណា​អាច​ជួយ​អ្នក​ល្អ​ជាង​អ្នក​ជួយ​ខ្លួន​ឯង​ទេ៕

ចុចអាន​៖បារម្ភ និង​ស្រឡាញ់​​ខ្លួន​ឯង​ឲ្យ​ច្រើន​ៗ​ទៅ​ព្រោះ​​ភាគ​ច្រើន​​គេមិន​បាន​​បារម្ភ​អ្នក​ទេ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម