៦វិធីជួយឱ្យអ្នក​ញ៉ាំ​ទឹកបានច្រើនជាងធម្មតា ដើម្បីរាងកាយមានសុខភាពល្អ

  • 2019-04-03 03:28:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​សុទ្ធ​តែ​ដឹង​ថា ការ​ផឹក​ទឹក​មិន​បាន​គ្រប់គ្រាន់​នឹង​ធ្វើ​ឱ្យ​រាងកាយ​បាត់​បង់​ថាមពល ស្លេកស្លាំង ឬ​ងាយ​នឹង​ឈឺ​នេះ​ឈឺ​នោះ ប៉ុន្តែ​ក៏​មាន​មនុស្ស​ច្រើន​ណាស់​ដែរ​ដែល​មិន​បាន​អនុវត្ត​ការ​ផឹក​ទឹក​ឱ្យ​បាន​ច្រើន ដោយ​សារ​រវល់​ការងារ​ជាដើម។

ម្យ៉ាង​ទៀត ដោយ​ហេតុ​ផល​ថា ការ​ផឹក​ទឹក​ច្រើន​នាំ​ឱ្យ​នោម​ក៏​ច្រើន ដែល​អាច​រំខាន​ដល់​ការ​ធ្វើ​ការ ទើប​ពួក​គេ​​មិន​សូវ​ចូលចិត្ត​ផឹក​ទឹក ជាពិសេស​នៅ​កន្លែង​ធ្វើ​ការ។ ​ថ្ងៃ​នេះ ​កញ្ញា​មាន​វិធី​សាស្ត្រ​ងាយ​ៗ​ដែល​អាច​ជួយ​ឱ្យ​គ្នា​យើង​ញ៉ាំ​ទឹក​បាន​ច្រើន និង​រក្សា​បាន​សុខភាព​ល្អ។

ចុចអាន៖ សញ្ញា​សុខភាព​១០​យ៉ាង បញ្ជាក់​ថា​អ្នក​ផឹក​ទឹក​មិន​គ្រប់​តាម​រាងកាយ​ត្រូវ​ការ

១. ញ៉ាំ​ទឹក​នៅ​ដើម និង​ចុង​ម៉ោង​ធ្វើ​ការ

សម្រាប់​អ្នក​រវល់​ការងារ​ច្រើន ឬ​មិន​ចង់​ងើប​ទៅ​បន្ទប់​ទឹក​ញឹក អាច​ជ្រើស​វិធី​ញ៉ាំ​ផឹក​នៅ​ដើម​​ម៉ោង​ធ្វើ​ការ​២-៣កែវ និង​ចុង​ម៉ោង​២-៣​កែវ​ទៀត។ បែប​នេះ​នឹង​​មិន​ធ្វើ​ឱ្យ​រាងកាយ​យើង​បាត់​បង់​ជាតិ​ទឹក ទោះ​រវល់​ការងារ​យ៉ាង​ណា​ក៏​ដោយ។

២. ញ៉ាំ​ទឹក​មួយ​កែវ​បន្ទាប់​ពី​កាហ្វេ

ជឿ​អត់? អ្នក​ខ្លះ​អត់​សូវ​ញ៉ាំ​ទឹក តែ​កាហ្វេ​មួយ​ថ្ងៃ​លើស​ពី​២​កែវ​ផង​ក៏​មាន។ ដូច្នេះ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​កាហ្វេ គួរ​ញ៉ាំ​ទឹក​​មួយ​កែវៗ​ក្រោយ​អស់​កាហ្វេ​ម្ដងៗ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ឱ្យ​​មាន​តុល្យភាព និង​លាង​សម្អាត​ជាតិ​កាហ្វេអ៊ីន​ពី​ក្នុង​រាងកាយ​បាន​ផង។

ចុចអាន៖ ត្រឹម​​​​១​​​​​​​ម៉ោង​​​​​​​ ​​បន្ទាប់​​ពី​​​​ផឹក​​ភេសជ្ជៈ​​ទាំង​​នេះ ​​រាង​​កាយ​​នឹង​​​រង​ផល​​​ប៉ះ​ពាល់​​​​ជា​​​ច្រើន​

៣. ញ៉ាំ​អាហារ​ហឹរ

ការ​ញ៉ាំ​អាហារ​ហឹរ​នឹង​ជួយ​បង្កើន​​ការ​ញ៉ាំ​ទឹក​លើស​ពី​រាល់​ដង។ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ អ្នក​គ្មាន​ជំងឺ​ក្រពះ ឬ​ពោះ​វៀន​ដែល​អាច​​ធ្វើ​ទុក្ខ​ ពេល​ញ៉ាំ​អាហារ​ហឹរ​ចូល​ទៅ។

៤. ​ប្រើ​ទុយោ​បឺត​ទឹក

មនុស្ស​ភាគ​ច្រើន​អាច​នឹង​ផឹក​ទឹក​ច្រើន​ជាង​ធម្មតា ដោយ​ការ​ប្រើ​ទុយោ​ជំនួស​ឱ្យ​ការ​ញ៉ាំ​ទឹក​ពី​ដប​ផ្ទាល់។ គួរ​ប្រើ​ទុយោ​ដែល​ជា​អ៊ីណុក​មិន​ចេះ​ច្រែះ​ ឬ​ទុយោ​ធ្វើ​ពី​ឫស្សី ឬ​ស្លឹក​គ្រៃ​ដើម្បី​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន និង​ការ​ឡើង​កម្ដៅ​ផែន​ដី។

៥. ប្រើ​កម្មវិធី​ទូរសព្ទ​ជា​ជំនួយ

កម្មវិធី​ទូរសព្ទ​ជា​ច្រើន​ដូច​ជា Gulps អាច​ជួយ​អ្នក​ឱ្យ​ផឹក​ទឹក​បាន​ច្រើន​​ដោយ​មាន​ជា​ការ​រម្លឹក​អ្នក​ពី​ក្នុង​ទូរសព្ទ​មក​ទាក់​ទង​នឹង​​ចំណុះ​ទឹក​ដែល​អ្នក​ត្រូវ​ញ៉ាំ​ក្នុង​មួយ​ថ្ងៃៗ។ វា​ស្រួល​ម្យ៉ាង បើ​ពេល​អ្នក​រវល់​ការ​ងារ​ខ្លាំង​មិន​បាន​នឹក​ឃើញ​ដល់​ការ​ញ៉ាំ​ទឹក App ទាំង​នោះ​អាច​ជួយ​អ្នក​បាន។

៦. ដាក់​ផែនការ​សុខភាព​សម្រាប់​ខ្លួន​ឯង

អ្នក​ខ្លះ​ទាល់​តែ​ដាក់​ផែនការ​សម្រក​ទម្ងន់​ ទើប​អាច​ស្រក​បាន។ អ្នក​ញ៉ាំ​ទឹក​ដ៏​ដូច​គ្នា ទាល់​តែ​ដាក់​កំណត់​ខ្លួន​ឯង ឬ​មាន​អ្នក​ណា​ម្នាក់​ជា​ហេតុ​ផល​នៃ​ការ​តាំង​ចិត្ត​នេះ​ ទើប​អាច​សម្រេច​លទ្ធផល​បាន​លឿន។ បើ​អ្នក​ជា​មនុស្ស​ពូកែ​ភ្លេច ឬ​មិន​សូវ​ចូល​ចិត្ត​ទឹក គួរ​ដាក់​កំណត់​ខ្លួន​ឯង​ទាក់​ទង​នឹង​រឿង​សុខភាព​នេះ​ដោយ​កំណត់​ចំនួន​កែវ​ទឹក​ដែល​ត្រូវ​ផឹក និង​តាម​ដាន​សុខភាព​រាល់​ពេល​១​អាទិត្យ​ម្ដង ដើម្បី​ដឹង​ពី​ភាព​ខុស​ប្លែក៕

ប្រភព៖ huffpost

ប្រែសម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម