មក​ដឹង​ពី​លក្ខណៈ​ពិសេស​ពី​ឈុត​ ប៊ី សុធារី ស្លៀក​ចូលរួម​កម្មវិធី Miss Universe Cambodia

  • 2019-04-02 07:31:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ អតីត​បវរកញ្ញា​ចក្រវាល​ប្រចាំ​ប្រទេស​កម្ពុជា​ឆ្នាំ ២០១៧ បាន​ចូល​រួម​កម្មវិធី​គ្រង​មកុដបវរ​ចក្រវាល​ថ្មី​ប្រចាំ​ឆ្នាំ ២០១៩ ដោយ​បាន​ស្លៀក​ឈុត​យ៉ាង​ពិសេស​មួយ​មាន​សភាព​ទាក់ទង​នឹង​នាង​ផ្ទាល់​តែ​ម្ដង។

ក្នុង​ឱកាស​នោះ​ ប៊ី សុធារី មិន​ត្រឹម​តែ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​នោះ​ទេ ប៉ុន្តែ​ក៏​ជា​គណៈកម្មការ​ផ្ដល់​ពិន្ទុមួយ​រូប​ផង​ដែរ អម​ជាមួយ​បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០១៨ កញ្ញា​ រឿន​ ណាត។ ដូច្នេះ​ហើយ​ទើប​លោក យុន​ រតនៈ ដែល​ជា​អ្នក​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​ល្បី​ឈ្មោះ​មួយ​រូប បាន​កែច្នៃ​រ៉ូប​មួយ​ឈុត​ធ្វើ​ឲ្យ​ស័ក្ដិសម​នឹង​នាង​តែ​ម្ដង។

ឈុត​នេះ​ផ្ដោត​សំខាន់​ទៅ​លើ សត្វ​ឃ្មុំ​ ដោយ​សត្វ​ឃ្មុំ​ឬ Bee អាន​ថា​ប៊ី គឺ​ជា​ឈ្មោះ​របស់​កញ្ញា​តែ​ម្ដង។ ដោយ​សារ​តែ​ជា​អ្នក​គ្រង​តំណែង​បវរ​កញ្ញា​នេះ​លើក​ដំបូង​ព្រម​ទាំង​មាន​កិត្តិយស​ខ្ពស់​ផង​នោះ ទើប​លោក​រតនៈ ​សម្រេច​ចិត្ត​យក​ពណ៌​ផ្ទៃ​មេឃ​ប្រៀប​បាន​នឹង​ផ្ទៃវាល​ធំធេង​ស័ក្ដិសម​នឹង​​ កញ្ញា​ សុធារី។ ថ្លែង​មក​កាន់​សប្បាយ​លោក​រតនៈ​​ បញ្ជាក់​ថា "ធម្មតា​ក្នុង​មួយ​ថ្ងៃ​ខ្ញុំ​អាច​កែច្នៃ​ឈុត​បាន​ដល់​ទៅ ជិត​១០​ឈុត​ឯណោះ​ ប៉ុន្តែ​សម្រាប់​ឈុត​របស់​ ធារី គឺ​ខ្ញុំ​ចំណាយ​ពេល​ដល់​ទៅ​២​ថ្ងៃ​ឯណោះ​ សម្រាប់​តែ​ការ​ចេញ​ទម្រង់​ហើយ​ចំណាយ​ពេល​ដល់​ទៅ​៣​ថ្ងៃ​សម្រាប់​ផលិត។"

ចំពោះ​គ្រឿង​ផ្សំ​ផ្សេងៗ​ពី​សម្លៀក​បំពាក់​ជា​ពិសេស​គឺ ត្បូង​រាង​សំបុក​ឃ្មុំ​ផ្ទាល់​តែ​ម្ដង​គឺ​សុទ្ធ​តែ​ផលិត​ឡើង​ដោយ​ដៃ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ចំពោះ​តម្លៃ​នៃ​ការ​ផលិត​ឈុត​នេះ​គឺ​លោក​រតនៈ សុំ​មិន​បង្ហាញ​ដោយ​នេះ​គឺ​លោក​រចនា​ជូន​កញ្ញា ប៊ី សុធារី ជា​ពិសេស។ នេះ​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ កញ្ញា សុធារី ក៏​ធ្លាប់​ស្លៀក​ឈុត​ផ្សេងៗ​កែច្នៃ​ឲ្យ​ពី​អ្នក​ច្នៃ​ម៉ូដ យុន រតនៈ ផង​ដែរ៕

អត្ថបទ៖ ធារ៉ូ

អត្ថបទពេញនិយម