ក្រសួង​សុខាភិបាល​​ប្រកាស​ឈ្មោះ​Page​​ ចំនួន២​​លក់​ផលិតផល​​សុខភាព និង​គ្រឿង​សម្អាង​គ្មាន​ច្បាប់​ត្រឹម​ត្រូវ

  • 2019-03-28 07:26:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​សេចក្ដី​ជូន​ដំណឹង​២​ដាច់​ដោយ​ឡែក​ពី​គ្នា កាល​ពី​ថ្ងៃ​ទី​២៧ មីនា ២០១៩ របស់​ក្រសួង​សុខាភិបាល​​បាន​បង្ហាញ​សាធារណជន​ឱ្យ​បាន​ដឹង​ពី​ឈ្មោះ ​Page​ Facebook ចំនួន​២​ដែល​ដាក់​លក់​ផលិតផល​ឱសថ គ្រឿង​សម្អាង និង​ថ្នាំ​បំប៉ន​សុខភាព​គ្មាន​ច្បាប់​​ពី​ក្រសួង​ត្រឹម​ត្រូវ។

ចុចអាន៖ ការ​ពិត​នៅ​ពី​ក្រោយ​សារធាតុ​ផ្សំ​របស់​គ្រឿង​សម្អាង​ថោកៗ​ដែល​អ្នក​គួរ​ប្រយ័ត្ន

Page​ទី​១​ឈ្មោះ Solida Beauty Shop Lady and Man កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​ឱសថ​ចាក់​ចំនួន​៨​មុខ ដូច​ជា ១. Glutax 75GX, ២. Cytocare, ៣. Placenta, ៤. Collagen, ៥. Glutax1800000GS, ៦. Phosphatidycholine Lipolytic Solution 5000mg, ៧ Cleo Fresh Glutathione 300000mg, ៨ Filorgas Factor+Collagen។

ផលិត​ផល​ទាំង​នេះ​​គ្មាន​ការ​ចុះ​​បញ្ជិកា​ គ្មាន​ការ​ត្រួត​ពិនិត្យ​គុណភាព ​​គ្មាន​ការ​អនុញ្ញាត​ឱ្យ​ផ្សព្វផ្សាយ​ពី​ក្រសួង និង​បាន​ផ្សព្វផ្សាយ​ភូត​កុហក​បោក​ប្រាស់​ បំផ្លើស​ការ​ពិត​​ត្រឹម​ត្រូវ​ដូច​ជា ធ្វើ​ឱ្យ​ស្បែក​ស​ភ្លឺ​ម៉ត់​រលោង ជួស​ជុល​ស្បែក​ខូច​ដោយ​សារ​កម្ដៅ​ថ្ងៃ ផ្ដល់​សំណើម​​ដល់​ស្បែក បំបាត់​ស្នាម​ជាំ អាចម៍​រុយ និង​ជួយ​ឱ្យ​ស្បែក​មុខ​តឹង​ក្មេង​ជាង​វ័យ​។ល។

ចុចអាន៖ អ្នក​ចូលចិត្ត​ទិញ​ឥវ៉ាន់​​អនឡាញ បើ​មិន​ចង់​ចាញ់​បោក​អ្នក​លក់គួរ​ដឹង ៥ គន្លឹះ​នេះ

Page​ទី​២​ឈ្មោះ Kha-Leang.com-Abc Shop ឃ្លាំង​គ្រឿង​សំអាង អំណោយ ឧបករណ៍ Free ការ​ដឹក​ជញ្ជូន កំពុង​ផ្សព្វផ្សាយ​លក់​ ឱសថ​បំប៉ន​សុខភាព​និង​គ្រឿង​សម្អាង​ជា​ច្រើន​មុខ​​ដូច​ជា ១. ស៊ីរ៉ូម Anti-Age Fidela, ២. Gel Karista, ៣.ឱសថ​បំប៉ន​សុខភាព​ Hapnes, ៤. ស៊ីរ៉ូម​មុខ​តឹង​ណែន​ការពារ​ UV Fidela, ៥. ឱសថ​បំប៉ន​សុខភាព​ Fidela, ៦. ក្រែម​ការពារ​ UV Fidela, ៧. Cream De Latex លាប​ស្បែក​ភ្លឺ​រលោង​, ៨. Eye Cream Delatex, ៩. ក្រែម​បំបាត់​មុន Puricas, ១០. Gel បំបាត់​ស្លាក​ស្នាម​ Puricas, ១១. សាប៊ូ​ CC Collagen, ១២. សាប៊ូ CC Collagen, ១៣. Mask បិទ​មុខ​ Fidela, ១៤. Snowy Gluta & Collagen។

ផលិត​ផល​ទាំង​នេះ​គ្មាន​ការ​ចុះ​បញ្ជិកា គ្មាន​ការ​ចុះ​ប្រវេទន៍ គ្មាន​ការ​ត្រួត​ពិនិត្យ​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​ឱ្យ​ផ្សព្វផ្សាយ​ពី​ក្រសួង​សុខាភិបាល​ឡើយ។

ក្នុង​សេចក្ដី​ជូន​ដំណឹង​ទាំង​ពីរ​ខាង​លើ ក្រសួង​ក៏​បាន​​ស្នើ​​​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើ​ប្រាស់​ផលិតផល​ខាង​លើ​ឱ្យ​បញ្ឈប់​ការ​ប្រើ​ប្រាស់​ជា​បន្ទាន់​ ដើម្បី​ជៀស​វាង​ការ​ខាត​បង់​ប្រាក់​កាស និង​ប៉ះពាល់​សុខភាព ឬ​អាច​ឈាន​ទៅ​ដល់​ការ​បាត់​បង់​អាយុ​ជីវិត៕ ​​

រូបភាព៖ ហ្វេសប៊ុកផេកក្រសួងសុខាភិបាល

អត្ថបទ៖ តរុណី

អត្ថបទពេញនិយម