​យោង​​តាម​​ចិត្ត​​វិទ្យា​​​ ស្នេហា​​​មាន​​​៧ ​​​​​​ ប្រភេទ​​​ខុសៗ​គ្នា

  • 2019-03-22 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លោក​​​​បណ្ឌិត​ Robert Sternberg ជា​​​​អ្នក​​​ចិត្ត​វិទ្យា​​ មក​ពី​​​សាកលវិទ្យាល័យ​​​ Yale ​​បាន​​​​បង្កើត​​​​​​​ទ្រឹស្តី​ត្រីកោណ​នៃ​​​​ស្នេហា ដោយ​​​​​​ប្រមូល​​​​ផ្តុំ​​​​​​ទ្រឹស្តី​​ពាក់​​ព័ន្ធ​នឹង​​ស្នេហា​ទាំង​នោះ​មក​​វិភាគ​​​ថ្លឹង​​ថ្លែង​ ​រហូត​​អាច​​បែង​​ចែក​​ស្នេហា​​​​​​ចេញ​ជា​​​​៧​​ប្រភេទ​​​ខុសៗ​គ្នា​។

​១. ស្នេហា​​​​​មួយ​​ឆាវ

ស្នេហា​​​​ប្រភេទ​​នេះ គ្រាន់​​​​តែ​​ឃើញ​គេ​​ភ្លាម ​​​​បេះ​​​ដូង​​លោត​​ញាប់​​ខុស​​​​ធម្មតា ដៃ​ញ័រ​ជាង​មុន អារម្មណ៍​រំជើប​​រំជួល ​ខ្លួន​ប្រាណ​​​ចង់​​បង្វែរ​​​ចូក​​ទៅ​ជិត​គេ។ ក្តី​​ស្រលាញ់​​​និង​ការ​ចាប់​​ចិត្ត​​​កើត​ឡើង​ភ្លាមៗ​​មិន​បាន​​​ត្រៀម​ទុក​​ និង​មិន​​គិត​ពី​​​ហេតុផល​​ផ្សេងៗ​ជាមុន ប៉ុន្តែ​​អារម្មណ៍​មួយ​នេះ​​ក៏​​អាច​​​លេច​​បាត់​​​ទៅ​​​វិញ​​​​នៅ​​ពេល​ណា​មួយ​​​​​ទាំង​មិន​​ដឹង​​ខ្លួន​​​ដូច​គ្នា។

​២. ​​​ស្នេហា​​ដោយ​ការ​​ចូល​​ចិត្ត​គ្នា

​មនុស្ស​​ពីរ​​នាក់​​​​​នៅ​​ជិត​​គ្នា​​យូរៗ មនោសញ្ចេតនា​​កើន​​ឡើង ​​មាន​ទំនាក់​​​ទំនង​​និង​មាន​​​អារម្មណ៍​​ល្អ​​​ចំពោះ​​គ្នា​ទៅ​​វិញ​ទៅ​មក​​ ចូល​​ចិត្ត​​​​​ដើរ​ទៅ​ណា​មក​​ណា​ជាមួយ​គ្នា ប៉ុន្តែពេល​​​​ខ្លះ​​​​​​​បាន​​ត្រឹម​​​ជា​មិត្តភក្តិ​​ មិន​​អាច​​​​ក្លាយ​ជា​​​​​សង្សារ​។

​​​​​​​​​៣. ស្នេហា​ទទេ​​​​ស្អាត

​​​​​​​​​​អារម្មណ៍​​ស្រលាញ់​​លែង​​​មាន​​​ឲ្យ​​គ្នា​​​ត​ទៅ​​ទៀត​​​​​ ​ភាព​​​រ៉ូមែន​​ទិក​​ក៏​​បាត់​អស់​ នៅ​​ជាមួយ​គ្នា​​​ដោយ​​សារ​តែ​​​​​​​​​​ទំនួល​ខុស​​ត្រូវ​​ និង​​​កាតព្វកិច្ច​​​ ដូច​ជា​​​ត្រូវ​​ធ្វើ​តាម​​ឪពុក​​ម្តាយ ​​​​ឬ​​​​មាន​កូន​​ត្រូវ​​មើល​​​​​​ថែ​ជា​​ដើម​។ ​​​​​​​ស្នេហា​​​​ប្រភេទ​នេះ ភាគ​​ច្រើន​កើត​ឡើង​​លើ​​គូ​ស្នេហ៍​​​ដែល​​​​រៀប​​ការ​រស់​​នៅ​​​​​ជាមួយ​​​គ្នា​​យូរ​​។​​

​​​​៤. ស្នេហា​​ដោយ​​​​​​​​ការ​​តាំង​​​​ចិត្ត​​​

​​​​​​​​នេះ​គឺ​ជា​​ប្រភេទ​ស្នេហា​ដែល​មាន​ទាំង​​​កាតព្វកិច្ច​​ និង​ចំណង់​​​​ ប៉ុន្តែ​​​បើ​​ខ្វះ​ភាព​ស្និទ្ធស្នាល​​ក៏​​មិន​អាច​​គង់​​វង្ស​បាន​យូរ​ដែរ​។ ​មាន​​ការ​​ណាត់​ជួប យល់​​ចិត្ត​គ្នា​​​​ច្បាស់​ ទើប​ឈាន​​​ដល់​​ការ​រៀប​ការ ​​ព្រោះ​​មនុស្ស​​ពីរ​​នាក់​​ បាន​បង្កើត​ភ្លើង​​ស្នេហ៍​​បន្តិច​ម្តងៗ រហូត​​ចូល​​​​​ដំណាក់​កាល​កាន់​តែ​​​ជ្រាល​ជ្រៅ បូក​​ផ្សំ​ជាមួយនឹង​​ការ​​​តាំង​ចិត្ត ​​ពាក្យ​​សន្យា​ និង​​​​បែង​​ចែក​​តួនាទី​​ច្បាស់​លាស់​​​​មុន​​បង្កើត​គ្រួសារ​ជាមួយ​គ្នា។ អ្នក​​ចិត្ត​​វិទ្យា​​ បាន​​សន្និដ្ឋាន​ទៀត​ថា គូ​ស្នេហ៍​​ប្រភេទ​នេះ​​អាច​​រស់​នៅ​ជាមួយ​គ្នា​បាន​យូរ​​​អង្វែង​។

​៥. ស្នេហា​រ៉ូមែន​ទិក

​​​​​​ស្នេហា​​​​បែប​​នេះ​​​មាន​​ចំណង់​​ផ្លូវ​ភេទ​ និង​​​ភាព​ស្និទ្ធស្នាល​​​ខ្លាំង​ណាស់​​។ ស្តាប់​​ទៅ​​មាន​​​មនុស្ស​​​ជា​ច្រើន​​ប្រាថ្នា​​ចង់​​បាន​​ស្នេហា​​​ផ្អែម​ល្ហែម​​ដូច​​​ក្នុង​រឿង​​​កុន​​ ប៉ុន្តែ​​បើ​​និយាយ​ពី​​ចំណុច​​​អវិជ្ជមាន​វិញ​ គូ​​ស្នេហ៍​​​​​ដែល​​​មាន​​​ភាព​​រ៉ូមែន​ទិក ​តែង​​​​​សប្បាយ​​​​​ត្រេក​​ត្រអាល​​​​​ជាមួយ​​គ្នា​​​នា​ពេល​​​បច្ចុប្បន្ន ហើយ​​មិន​​សូវ​​​បាន​​​គិត​​ខ្វល់​​ខ្វាយ​ពី​អនាគត​​នោះ​ទេ ជា​​ហេតុ​​​បណ្តាល​​​ឲ្យ​ឈាន​​​ទៅ​​​រក​ការ​​បែង​​​បាក់​យ៉ាង​​ងាយ​។

​៦. ស្នេហា​​​​យល់​​ចិត្ត​គ្នា​

​​​​​​​នេះ​ជា​​ស្នេហា​​​​​ដែល​មាន​​​ភាព​​ស្និទ្ធស្នាល​ និង​ការ​​​​​​​តាំង​​​ចិត្ត ប៉ុន្តែ​​មិន​​​សូវ​​មាន​អារម្មណ៍​​​​ពុះ​​​កញ្ជ្រោល​​ជាមួយ​គ្នា។ គូ​​ស្នេហ៍​​ប្រភេទ​នេះ​ដែរ​ ​​​អាច​ប្រើ​​ជី​​​វិត​​រស់​​​នៅ​​ជាមួយ​គ្នា​បាន​​យូរ ​​ប៉ុន្តែ​​មើល​ទៅ​​ដូច​​​​​​​ធ្វើ​​ហី​​​ៗ ​​ធម្មតាៗ មិន​​សម​ដូច​​ជា​​មនុស្ស​​​ស្រលាញ់​គ្នា​ទាល់​តែ​សោះ​។

​​៧. ​​ស្នេហា​​​ពិត​

​​ប្រភេទ​​ចុង​​ក្រោយ​​នេះ គឺ​ជា​​អ្វី​ដែល​មនុស្ស​​គ្រប់​គ្នា​​​ប្រាថ្នា​​ចង់​បាន​។ ភាព​​​​ស្មោះ​​ត្រង់ ក្តី​​ស្រលាញ់ ការ​តាំង​​ចិត្ត​​​មាន​​ទាំង​អស់​។ ស្នេហា​​ពិត​​មិន​​ងាយ​​រក​បាន​​​ដោយ​​ងាយៗ​​​ឡើយ ព្រោះ​​វា​ទាម​ទារ​​​តម្រូវ​​ឲ្យ​មនុស្ស​ពីរ​​នាក់​​​ រួបរួម​​​បង្កើត​​ឡើង​​និង​​ថែរក្សា​​​ឲ្យ​​បាន​ល្អ ទើប​អាច​​ស្ថិតស្ថេរ​ និង​​រស់​​នៅ​​ជាមួយ​គ្នា​​​ដោយ​​ក្តី​​រីករាយ​​​​ មាន​​សុភមង្គល​ពេញ​មួយ​ជីវិត​៕​​​

ចុចអានបន្ត៖ ​​​​​​មនុស្ស​​​​ប្រុស​​​​​​​​​​​​​​​​​​​​​​ល្អ​​​​​​​​​ ពេល​​​​​​​​​​​ជ្រើស​​​​​រើស​​នារី​​ណា​ម្នាក់​​​​​ជាគូស្នេហ៍តែង​​​​​មើល​​​​​​​​​លើ​​​ ​​៥ ​ចំណុច​​​​នេះ​​​

ប្រភព៖ verrysmilejung ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម