ក្មេងតូចពូកែចាប់ចង្កឹះ​ដែល​ល្បី​លើ​អ៊ីនធើណិតកំពុង​​​ត្រូវ​​ជំងឺ​មហារីក​បៀតបៀន​យ៉ាង​សាហាវ

  • 2019-03-21 09:07:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Haihai ជា​ក្មេង​ប្រុស​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​នាក់​តាម​រយៈ​ការ​ប្រើ​ចង្កឹះ​យ៉ាង​ស្ទាត់​ជំនាញ​របស់​គេ​។​ ឥឡូវ​នេះ​កំពុង​តែ​មាន​ជំងឺ​មហារីក​ដែល​អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន​។​

ក្មេង​ប្រុស​អាយុ​ ២​ឆ្នាំ​មក​ពី​ Hulunbuir ក្នុង​តំបន់ Inner Mongolia បាន​ក្លាយ​ជា​អ្នក​ល្បី​ម្នាក់​លើ​អ៊ីនធឺណិត​ បន្ទាប់​ពី​វីដេអូ​ញ៉ាំ​អាហារ​ដោយ​ប្រើ​ចង្កឹះ​យ៉ាង​ប៉ិន​ប្រសប់​របស់​គេ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ប្រទេស​ចិន​។

បន្ទាប់​ពី​វីដេអូ​របស់​គាត់​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ហើយ​មិន​បាន​ប៉ុន្មាន​ផង​ ស្រាប់​តែ​​ឮ​​ដំណឹង​ថា​ Haihai កំពុង​តែ​ត្រូវ​បាន​បៀតបៀន​ដោយ​ជំងឺ​មហារីក​យ៉ាង​ធ្ងន់ធ្ងរ។

បើ​យោង​តាម​សារព័ត៌មាន​ South China Morning Post បាន​ឲ្យដឹង​ថា​ Haihai ទទួល​រង​ការ​ធ្វើ​បាប​ដោយ​​ជំងឺ​មហារីក​គ្រាប់​ឈាម​ចាប់​តាំង​ពី​​ខែ​​មករា ឆ្នាំ​​២០១៨​មក​ម្ល៉េះ​។

​ចំពោះ​ការ​ព្យាបាល​​​ គ្រួសារ​របស់​គាត់​បាន​​យក​​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ប៉េកាំង​ ដែល​ពួក​គេ​បាន​ចំណាយ​លុយ​អស់ ៧០ម៉ឺន​​យាន់ (​ជាង​១០​ម៉ឹន​ដុល្លារ​សហរដ្ឋ​អាមេរិក) រួច​មក​ហើយ​។​ លុយ​ដែល​យក​ទៅ​បង់​ថ្លៃ​ពេទ្យ​នោះ​គឺ​បាន​មក​ពី​ការ​ខ្ចី​មិត្ត​ភក្តិ​និង​សាច់​ញាតិ​។​

គ្រួសារ​របស់​ Haihai ក៏​កាន់​តែ​ដុនដាប​ខ្លាំង​ ដោយ​សារ​តែ​មិន​អាច​ព្យាបាល​ជីដូន​របស់​ Haihai ដែល​កំពុង​តែ​កើត​ជំងឺ​មហារីក​សុដន់​ម្នាក់​ទៀត​។​

គេ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ជីដូន​របស់​គេ​បាន​បោះ​បង់​ការ​ព្យាបាល​ជំងឺ​របស់​គាត់​ដើម្បី​ជួយ​ Haihai ដោយ​សារ​គ្រួសារពួក​គេ​គ្មាន​លទ្ធភាព​ព្យាបាល​ពួក​គាត់​ក្នុង​ពេល​តែ​មួយ​បាន​។

នៅ​ពេល​ដែល​សាច់​ញាតិ​ និង​មិត្ត​ភក្តិ​មិន​ឲ្យ​គ្រួសារ​របស់​ Haihai សង​បំណុល​នោះ​វិញ​ទេ​ ព្រោះ​តែ​ទឹក​ចិត្ត​ស្រលាញ់​និង​អាណិត​ធ្វើ​ឲ្យ​គ្រួសារ​របស់​ក្មេង​តូច​មាន​សម្ពាធ​មិន​អាច​ខ្ចី​លុយ​ពួក​គេ​ទៀត​បាន ឪពុក​ម្តាយ​របស់ Haihai ក៏​សម្រេច​ចិត្ត​សុំ​ជំនួ​យ​ពី​សប្បុរសជន​។

គ្រួសារ​របស់​ Haihai បាន​បង្ហោះ​វីដេអូ​ដំបូង​ពី​ការ​ប្រើ​ចង្កឹះ​ដ៏​ប៉ិន​ប្រសប់​របស់​គេ​ នៅ​លើ​​បណ្តាយ​សង្គម​របស់​ចិន​ Kuaishou នៅ​ថ្ងៃ​ទី​៥ មករា ហើយ​ឪពុក​ម្ដាយ​របស់​គេ​បាន​បញ្ជាក់​ពី​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ក្នុង​ការ​ព្យាបាល​ប្រឆាំង​​ជំងឺ​មហារីក​គ្រាប់​ឈាម​។​

«គាត់​តែង​តែ​ទ្រាំ​មិន​យំ​ទេ​​ពេល​បូម​ឈាម​ និង​ពេល​ចាក់​ថ្នាំ​ ប៉ុន្តែ​អ្វី​គាត់​ខ្លាច​និង​មិន​អាច​ទ្រាំ​បាន​គឺ​ពេល​ចាក់​ម្ជុល​នៅ​ត្រង់​ចង្កេះ​ពី​ក្រោយ​ខ្នង (ជា​វិធី​ព្យាបាល​ដែល​គេ​ប្រើ​ម្ជុល​ចាក់​បញ្ចូល​ក្នុង​ឆ្អឹង​ខ្នង​ផ្នែក​ខាង​ក្រោម​)» ម្ដាយ​របស់​ Haihai បាន​ប្រាប់​ទៀត​ថា​ Haihai ត្រូវ​បាន​គេ​ព្យាបាល​បែប​​នេះអស់​ជិត ៣០​ដង​ហើយ​។

«ម្ជុល​ដែល​បាន​ចាក់​ចូល​ក្នុង​រាង​កាយ​ដ៏​តូច​មួយ​នេះ​ ប្រៀប​បាន​ដូច​នឹង​ការ​យក​ម្ជុល​មក​ចាក់​ចំ​បេះ​ដូង​ខ្ញុំ​អ៊ីចឹង​ដែរ​ វា​ជា​ការ​ឈឺ​ចាប់​ដែល​គ្មាន​អ្វី​ប្រៀប​បាន​ឡើយ​» សម្ដី​របស់ម្ដាយ​​ Haihai​។​

ម្ដាយ​របស់​ Haihai ក៏​បាន​ប្រាប់​ថា​មាន​មនុស្ស​ជា​ច្រើន​បាន​ចូល​រួម​ជួយ​ Haihai និង​និយាយ​លើក​ទឹក​ចិត្ត​គេ​ខ្លាំង​ណាស់​៕

ចុចអាន៖​ មិត្ត​ប្រុស​ស្លាប់​១​ឆ្នាំ​ហើយ​តែ​នាង​នៅ​តែ​ផុស​រូប​ជា​មួយ​គ្នា​​ស្ទើរ​រាល់​ថ្ងៃ

ប្រភព៖ Nexshark ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម