បើ​តាម​ស្រលាញ់​ម៉ាក​ៗ​ហ្នឹង ដាច់​ខ្យល់​ស្លាប់​មិន​ខានទេ​ចៅហ្វាយ​បង​អើយ!

  • 2019-03-20 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ដែល​ថ្នាក់​លើ​លួច​ស្រលាញ់ មិន​ដឹង​ធ្វើ​ម៉េច​បាន​និយាយ​រក មានតែ​ទម្លាក់​ការងារ​ឲ្យ​ធ្វើ។ រហូត​ដល់​ចង់​លា​ឈប់ ព្រោះ​ហត់​ពេក​មួយ​ថ្ងៃ​ៗ​ធ្វើ​ការ​អី​មិន​ដែល​ចេះ​ត្រូវ​សោះ។

រូបតំណាង

ដំបូង​និយាយ​ពី​រឿង​ការងារ​សិន មុន​ដំបូង​ខ្ញុំ​មិនមែន​ធ្វើការ​នៅ​ក្រុមហ៊ុន​ដែល​មិត្ត​ប្រុស​ខ្ញុំ​ធ្វើការ​នោះ​ទេ។ តែ​មកពី​កន្លែង​គាត់​ខ្វះខាត​បុគ្គលិក ទើប​សុំ​ខ្ចី​បុគ្គលិក​ពី​ក្រុមហ៊ុន​បងប្អូន​គាត់ ហើយ​គឺ​ខ្ញុំ​ធ្វើការ​នៅ​ទី​នោះ​ឯង ផ្នែក​ទំនាក់ទំនង​ភ្ញៀវ ហើយ​ក្រុមហ៊ុន​សង្សារ និង​ចៅហ្វាយ​ខ្ញុំ​គឺ​ដូច​គ្នា ដូចនេះ​ហើយ​ទើប​ត្រូវការ​បុគ្គលិក ទើប​ខាង​នោះ​បញ្ជូន​មក​ត្រូវ។ តែ​អ្វី​ដែល​មិន​ត្រូវ គឺ​ខ្ញុំ និង​ចៅហ្វាយ​ថ្មី​ឈ្លោះ​គ្នា​តាំងពី​មិន​ទាន់​ចាប់ផ្ដើម​ការងារ ព្រោះ​មក​ជា​ជំនួយការ​គាត់ ទាំង​ដែល​ជា​ការងារ​មិន​ចូល​ចិត្ត​បំផុត។

ខ្ញុំ​សូម​គាត់​ប្ដូរ​ទៅ​ធ្វើ​អ្វី​ផ្សេង​វិញ តែ​គាត់​មិន​ព្រម និង​បោះ​ពាក្យ​ឌឺដង​ដាក់​ថា បើ​មនុស្ស​មាន​សមត្ថភាព​ការងារ​អ្វី​ក៏​អាច​ធ្វើ​បាន​ដែរ។ ឮ​ពាក្យ​នេះ​ខ្ញុំ​ពិតជា​ខឹង​ណាស់ ព្រោះ​ផ្លាស់​មក​ក៏​មិន​ចង់ ​បាត់​ក្រុម មិន​ទម្លាប់​ជាមួយ​បុគ្គលិក​នៅ​ទី​នោះ ហើយ​សំខាន់​វប្បធម៌​ធ្វើការ​គឺ​ខុស​គ្នា។ កន្លែង​ចាស់​ខ្ញុំ​ធ្វើ​អី​ក៏​បាន​ដែរ ឲ្យតែ​ការងារ​តាម​ការ​កំណត់ និង​បាន​ល្អ។ នៅ​ទីនេះ​ស្អី​ក៏​ត្រូវ​ឆ្លងកាត់​មេ មើលតែ​មេ​នឹង​ម៉ែ​ចឹង សែន​ធុញ។

បើ​និយាយ​ពី​មេ​ថ្មី​រូបរាង​សែន​សង្ហារ កម្ពស់​ចង់ ២ ម៉ែត្រ តែ​កុំ​មើល​មុខ ឃើញ​មុខ​ធ្វើការ​មិន​ចេញ​ទេ។ មុខ​ក៏​ស្អាត​ហើយ តែ​ចិញ្ចើម​ចង​ចូល​គ្នា​រហូត បើ​និយាយ​ឲ្យ​ចំ គេ​ហៅ​មនុស្ស​មុខ​ងាប់ មិន​តែ​ប៉ុណ្ណឹង​ទេ​ផ្ដាច់ការ​ទៀត។ ចាប់ផ្ដើម​ថ្ងៃ ២ គឺ​ធ្វើឲ្យ​ខ្ញុំ​សឹងតែ​ស្រែក​ឲ្យ​បែក office ធ្វើ​របាយការណ៍​តាំងពី​ដើម​ឆ្នាំ ខណៈ​ទើប​ចូល​មិនទាន់​ទាំង​ស្គាល់​បន្ទប់​ធ្វើការ​អស់​ផង។ របាយការណ៍​ការងារ​ពី​ដើម​ឆ្នាំ​មក​ដល់​ពាក់​កណ្ដាល​មិន​ទាន់​ចប់ ថែម​បញ្ជី​បុគ្គលិក​ឈប់ និង​នៅ ហើយ​ត្រូវ​បញ្ជូន​ឲ្យ partner ជាច្រើន ហើយ​ឲ្យ​ពេល​គ្នា​ធ្វើ ២ ម៉ោង លោក​អើយ​លោក ចឹង​តើ​បាន​បុគ្គលិក​ក្រុមហ៊ុន​រត់​ចោល​អស់ ប្រាក់ខែ​ច្រើន​វា​ច្រើន​ហើយ តែ​ការងារ​វា​រឹតតែ​ច្រើន​ទៀត។

រូបតំណាង

បើ​ទោះ​ជា​មុខមិន​រីក​មែន តែ​សង្កេត​ថា​គាត់​ជា​មនុស្ស​ចិត្ត​ល្អ​ណាស់ បុគ្គលិក​ចាស់​ៗ​ក៏​និយាយ​ចឹង​ដែរ គ្រាន់តែ​មេ​មិន​សូវ​បញ្ចេញ។ ធ្វើ​យូរ​ៗ​ទៅ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួនឯង​ដូច​កញ្ជះ​​ដាច់​សាច់​ទាំង​ដុំ​ៗ​ចឹង តែ​អ្នក​ផ្សេង​ការងារ​ធម្មតា សូម្បី​តែ​ទៅ​ទិញ​ខោអាវ ទៅ​ហាត់​កីឡា ទៅ​មន្ទីរពេទ្យ និយាយ​ទៅ​លើកលែង​តែ​ចូល​បង្គន់​មួយ​ទេ​ដែល​មិន​បាន​ចូល​ទៅ​ជាមួយ។ បែបនេះ​ហើយ​បានជា​លេខា​មួយ​ៗ​នៅ​មិន​បាន​យូរ ហើយ​អ្វី​ដែល​ធ្វើឲ្យ​ខ្ញុំ​មួម៉ៅ​ទៀត​នោះ គឺ​បែក​គ្នា​ជាមួយ​សង្សារ ព្រោះ​តែ​លោក​ចៅហ្វាយ​ជើង​ល្អ​នឹង​ឯង យូរ​ៗ​ទៅ​ទៅ​ការ​គេ ក៏​ហៅ​ឯង​ទៅ​ជាមួយ។

ខឹង​ព្រោះ​ការងារ​ផង បែក​សង្សារ​ផង ចៅហ្វាយ​រករឿង​ផង ទីបំផុត​ខ្ញុំ​ក៏​ដាក់​ពាក្យ​សុំ​ឈប់ ហើយ​ប្ដេជ្ញា​ថា ទោះ​គេ​ឡើង​ប្រាក់ខែ​ឲ្យ​ប៉ុន្មាន​ក៏​មិន​ធ្វើ​ទៀត​ដែរ។ ឃើញ​ក្រដាស​លា​ឈប់ មេ​ជើង​ល្អ​បាន​មាត់​ភ្លាម៖ "មិន​ចេះ​ត​ស៊ូ​ជួប​ការ​លំបាក​តិចតួច​សោះ ក៏​ឈប់ ពូកែ​តែ​សម្ដី ស្មាន​តែ​អស្ចារ្យ"។ ឮ​បែប​នេះ​មិន​បាច់​ដំឡើង​ប្រាក់ខែ​ឲ្យ​ទេ ខ្ញុំ​នៅ​ឯង​ហ្មង ក្ដៅ​ចិត្ត​តិច​អី​ថា​ឯង​គ្មាន​សមត្ថភាព​នោះ ហើយ​ក្រោយ​ពី​ឌឺដង​មិន​ឲ្យ​ខ្ញុំ​ឈប់​បាន​សម្រេច ចៅហ្វាយ​ចាប់ផ្ដើម​យក​ចិត្ត​ណាស់​ហៅ​ទៅ​ប៉ាវ​ញ៉ាំ​អាហារ​ថ្លៃ​ៗ និយាយ​ស្ដី​ក៏​មិន​អាក្រក់​ដូច​មុន តែ​ការងារ​នៅ​ច្រើន​ដដែល។

រូបតំណាង

ធ្វើការ​បាន​ប្រហែល​ជិត ១ ឆ្នាំ រៀងស្គាល់​ចិត្ត​ថ្លើម​មេខ្ញុំ​ក៏​របូត​មាត់​សួរ​សំណួរ​មួយ​ដែល​ធ្វើឲ្យ​ពួក​យើង​យល់​ចិត្ត​គ្នា ខ្ញុំ​សួរ​គាត់​ថា "អាយុ​ជាង ៣០ ឆ្នាំ​ហើយ ទាំង​ដែល​គ្រួសារ​ក៏​មាន​ខ្លាំង ខ្លួនឯង​ក៏​មាន​សមត្ថភាព ហើយ​រូប​ក៏​ស្អាត មិន​ទាន់​មាន​សង្សារ​ទៀត”? គាត់​ថា ឃើញ​កូន​គេ​ម្នាក់​ហើយ តែ​មិន​ទាន់​បាន​សួរនាំ តែ​គាត់​បង្ហើប​ថា កាច​តិច តែ​គាត់​អាច​ទប់ទល់​បាន។ ខ្ញុំ​ក៏​ថា សួរ​គេ​លឿន​ៗ​ទៅ ប្រយ័ត្ន​គេ​រៀបការ​ចោល​បាត់។ និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង គាត់​ក៏​សួរ​ថា បើ​គាត់​សុំ​ធ្វើ​សង្សារ ខ្ញុំ​ព្រម​អត់?

ព្រះ​អើយ មិន​បាន​ត្រៀម​ខ្លួន​សោះ ហើយ​ក៏​មិន​ដែល​ស្មាន។ ទោះ​ខ្ញុំ​ធ្លាប់​មាន​សង្សារ តែ​ក៏​នៅតែ​អៀន ព្រោះ​វា​លឿន​ពេក បាន​ត្រឹម​គាំង​សម្ដី​មិន​ដឹង​និយាយ​ម៉េច មុខ​ក៏​ចាប់ផ្ដើម​ក្ដៅ តែ​ខ្លាច​គាត់​និយាយ​លេង ដើម្បី​សើចចំអក។ គាត់​ក៏​ថា ក្រែង​ប្រាប់​ថា ឲ្យ​សួរនាំ​ឲ្យ​លឿន ហើយ​ដល់​គេ​សួរ​តាំង​មិន​ឆ្លើយ រួច​ក៏​សើច​ញឹមៗ ធ្វើឲ្យ​ខ្ញុំ​នេះ​កាន់តែ​អៀន លែង​ហ៊ាន​មើល​មុខ ទម្រាំ​តែ​សម្រួល​អារម្មណ៍​បាន គាត់​មក​កៀក​ខ្លួន​បាត់ ហើយ​បន្ត​ថា ព្រម​ធ្វើ​សង្សារ​គាត់​អត់? ខ្ញុំ​ក៏​ដាច់​ចិត្ត​និយាយ ហើយ​មក​ស្រលាញ់​ម៉េច​បើ ជេរ​រាល់តែ​ថ្ងៃ​ចឹង គាត់​ថា មកពី​ពូកែ​តមាត់​នឹង​ហើយ​បាន​គាត់​ស្រលាញ់​នោះ។ ខ្ញុំ​ក៏​ថា ធ្វើបាប​គេ​ម្ង៉ៃ​ៗ​ចង់​ងាប់ ហើយ​មក​ស្រលាញ់​គេ គាត់​ថា​បើ​មិន​ធ្វើ​បាប​ចឹង ម៉េច​បាន​និយាយ​គ្នា​ច្រើន បន្ទាប់​មក​ខ្ញុំ​ក៏​សុំ​គាត់​ថា កុំ​ប្រាប់​រឿង​នេះ​ដល់​អ្នក​នៅ​កន្លែង ខ្លាច​គេ​បង្អាប់ គាត់​ថា​គ្មាន​នរណា​ហ៊ាន​បង្អាប់​ទេ ព្រោះ​គេ​ដឹង​ពេញ​ហ្នឹង​ទាំងអស់ អត់​តែ​ខ្លួនឯង។

ចាប់ពី​ពេល​នោះ​មក​ពួក​យើង​ចាប់ផ្ដើម​សេពគប់​គ្នា​ជា​សង្សារ និង​មើល​ចិត្ត​ថ្លើម​គ្នា ដើម្បី​ស្ទង់​ថា​មាន​ឱកាស​អាច​ចូល​រោងការ​ជាមួយ​គ្នា​អត់ ហើយ​គឺ​ថា ខ្មាស​គេ​ក៏​មិន​តិច​ដែរ​នៅ​កន្លែង ព្រោះ​គេ​ដឹង​ទាំងអស់ គេ​ថា​ចៅហ្វាយ​មិន​ដែល​និយាយ​ជាមួយ​បុគ្គលិក​យូរ​ៗ​ទេ សូម្បី​តែ​លេខា​មុន​ៗ​ស្អាត​ជាង​នឹង ១០ ដង​ណោះ តែ​និយាយ​ច្រើន សើច​ច្រើន​បាន​ន័យ​ថា​ស្រលាញ់។

រូបតំណាង

ចង់​ប្រាប់​ថា បើ​ប្រាប់​យឺត​ជាង​នឹង អាច​មិន​បាន​ទាក់ទង​គ្នា ព្រោះ​ហត់​ណាស់​មាន​ថ្នាក់​លើ​មក​លួច​ស្រលាញ់ ហើយ​មិន​ហ៊ាន​ប្រាប់​ត្រង់ មានតែ​មក​ធ្វើ​បាប​វិញ៕

ចុចអាន៖ដំបូង​ខឹង​ម៉ាក់ប៉ា​បង្ខំ​ឲ្យ​ការ តែ​ពេល​រស់នៅ​ជាមួយ​គ្នា​ទើប​ដឹង​ថា ពិតជា​មិន​ខុស​មែន

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម