ដំបូង​ខឹង​ម៉ាក់ប៉ា​បង្ខំ​ឲ្យ​ការ តែ​ពេល​រស់នៅ​ជាមួយ​គ្នា​ទើប​ដឹង​ថា ពិតជា​មិន​ខុស​មែន

  • 2019-03-15 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យ​ថា​រៀបការ​ទាំង​បង្ខំ ហើយ​ដល់​ពេលណា​មួយ​នឹង​លែង​គ្នា គឺ​គ្មាន​នៅ​ក្នុង​ខួរក្បាល​ខ្ញុំ​ទៀត​ទេ។ បើ​រៀបរាប់​ទៅ​អាច​ដូច​រឿង​កុន​ថៃ កូរ៉េ ដែល​ថា​រៀបការ​ក្នុង​កិច្ច​សន្យា ហើយ​ក្លាយ​ជា​ប្តី​ប្រពន្ធ​មែនទែន តែ​នេះជាជីវិត​ពិត ហើយ​វា​ពិត​ជា​បែប​នោះ​មែន។

រូបតំណាង

មុន​ដំបូង​ខ្ញុំ​ក៏​គិត​ថា​រឿង​បែបនេះ មានតែ​ក្នុង​ទូរទស្សន៍​ប៉ុណ្ណោះ ជីវិត​ពិត​គ្មាន​អ្នក​ណា​ទៅ​ប្រថុយ​រៀបការ​ជាមួយ​មនុស្ស​ដែល​មិន​ស្គាល់ ហើយ​មិន​បាន​ស្រលាញ់​គ្នា​ផង​នោះ។ តែ​ទី​បំផុត​រឿង​បែប​នេះ ក៏​ធ្លាក់​មក​លើ​ខ្លួន​ខ្ញុំ​វិញ ខ្ញុំ​ស្ទើរតែ​ឆ្កួត ព្រោះ​ម៉ាក់ប៉ា​យក​អនាគត​ខ្ញុំ​ទៅ​លេង​សើច​ដូច​ក្នុង​ល្ខោន។ បើ​និយាយ​ទៅ​ខាង​ណោះ​វិញ​ខ្ញុំ​ក៏​មិន​ដឹង​ថា គេ​យ៉ាង​ណា​ទេ ដឹង​រឿង​សំខាន់​មួយ គឺ​គេ​មាន​សង្សារ​ហើយ ហើយ​សង្សារ​គេ​ជា​ប្អូន​ស្រី​របស់​ជីដូន​មួយ​មិត្តភ័ក្ដិ​ខ្ញុំ។ ខ្ញុំ និង​មិត្ត បាន​ហៅ​បុរស​ម្នាក់​នោះ​មក​ពិភាក្សា ថា​គួរ​រក​លេស​យ៉ាង​ម៉េច ដើម្បី​ដោះ​ខ្លួន​ពី​ការ​ចាប់​ផ្គុំ​បែប​ចាស់​គំរឹល​នេះ។

ថ្ងៃ​ជួប​មុខ​គ្នា​លើក​ដំបូង ខ្ញុំ​មិន​បាន​សង្កេត​មើល​បុរស​នោះ​ឡើយ ហើយ​ខ្ញុំ​ដឹង​ថា​គេ​ក៏​មិន​បាន​មក​ចាប់ភ្លឹក​នឹង​ខ្ញុំ​មុខ​ស្អាត ឬ​មិន​ស្អាត​ដែរ តែ​អ្វី​ដែល​ចាំ​គឺ​គំនិត និង​ចរិត​ពួក​យើង​មិន​ស្រប​គ្នា​សូម្បី​តែ​បន្តិច។ ពេល​និយាយ​គ្នា​រក​វិធី​ទៅ​ប្រាប់​ចាស់​ទុំ ខ្ញុំ​ និង​គេ​ឈ្លោះ​គ្នា​រហូត បើ​គ្មាន​មិត្តភ័ក្ដិ​មក​ជាមួយ ពួក​ខ្ញុំ​ប្រហែល​ជា​ប្រខាំ​គ្នា​ដូច​ឆ្កែ​ឆ្មារ​ក៏​មិន​ដឹង។ ជាចុងក្រោយ​ពួក​យើង​រក​បាន​ហេតុផល​សមរម្យ​មួយ គឺ​ថា​ខ្ញុំ​ត្រូវ​ទៅ​រៀន​នៅ​ចិន​បន្ត ព្រោះ​គ្រួសារ​ខ្ញុំ​ចង់​បាន​ឲ្យ​កូន​ទៅ​រៀន​នៅ​ស្រុក​គេ ដើម្បី​មាន​មុខមាត់​ក្នុង​សង្គម​បាន​ច្រើន ហើយ​ក៏​ជា​បំណង​ពួក​គាត់​ដ៏​ធំ​ផង​ដែរ។ ចំណែក​ខាង​ណោះ​វិញ គាត់​លើក​ហេតុផល​ថា មនុស្ស​ខ្ញុំ​មិន​ត្រូវ​ចិត្ត​គាត់។

តែ​អ្វី​ដែល​ពួក​ខ្ញុំ​ទទួល​បាន​មក​វិញ គឺ​ដាច់ខាត​ត្រូវតែ​រៀបការ។ តាំងពី​កើត​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ធ្លាប់​បដិសេធ និយាយ​ត​មាត់ ឬ​និយាយ​សំឡេង​ខ្លាំង​ដាក់​អ្នក​មាន​គុណ​ឡើយ ហើយ​គាត់​ក៏​មិន​ដែល​ហាមឃាត់​ខ្ញុំ​ដែរ ម៉េច​ក៏​លើក​នេះ​ដាច់ខាត​ខ្លាំង​ម្ល៉េះ។ ដ្បិតតែ​ខ្ញុំ​កាច​ឆ្នាសឆ្នើម​ ព្រោះ​ជា​កូន​ស្រី​ពៅ ក្នុង​ចំណោម​បងប្អូន ៦ នាក់ តែមិន​ដែល​មាន​សម្ដី​លើស​ខ្វះ​ដាក់​ពួកគាត់ ម្ដង​នេះ​ព្រោះតែ​មិន​អាច​ធ្វើ​តាម ខ្ញុំ​បាន​ស្រែក​សម្លុត​ទៅ​ម្ដាយ ធ្វើឲ្យ​គាត់​ទន់​ជើង​ដួល។

ពី​ដើម​មក​ខ្ញុំ​ប្រកាន់​គោល​គំនិត​មួយ​ថា បើ​រៀបការ ខ្ញុំ​នឹង​រៀបការ​ជាមួយ​បុរស​ដែល​ស្គាល់​ច្បាស់​ពី​ខ្ញុំ ស្រលាញ់ តាម​ចិត្ត និង​មាន​អត្តចរិត​ដូច​ខ្ញុំ តែ​គំនិត​មួយ​នោះ​ត្រូវ​រលាយ​បាត់​បន្ទាប់ពី​ខ្ញុំ​ស្រែក​ខ្លាំង​ៗ​ដាក់​ម៉ាក់។ ប៉ា​ឃើញ​បែប​នោះ ក៏​មិន​សប្បាយ​ចិត្ត មួយ​គ្រួសារ​សុទ្ធតែ​មើល​មុខ​គ្នា​លែង​ចំ ក្រោយ​សម្ដី​បែប​នោះ​ចេញ​ពី​មាត់​ខ្លួនឯង​ហើយ ខ្ញុំ​មាន​វិប្បដិសារី​ខ្លាំង​ណាស់ បន្ទាប់​មក​ខ្ញុំ​ក៏​លែង​ប្រកែក ព្រោះ​មិន​អាច​ឃើញ​អ្នក​មាន​គុណ​ធ្លាក់​ក្នុង​សភាព​បែប​នោះ​ម្ដង​ទៀត។ មិន​ដឹង​ថា​ខាង​ណោះ​គេ​ចង់​ការ ឬ​អត់​ទេ សំខាន់​ខ្ញុំ​បាន​បំពេញ​តួនាទី​ជា​កូន​កតញ្ញូ​រួច​ហើយ តែ​ក្នុង​ចិត្ត​បន់​ឲ្យ​គេ​ប្រកែក​ដែរ ដើម្បី​បាន​រួច​ខ្លួន។

រូបតំណាង

កន្លង​ទៅ ៣ ថ្ងៃ​ខាង​ប្រុស​គេ​ឲ្យ​ដំណឹង​ថា នឹង​រៀបចំ​ពិធី​មង្គលការ​ខែ​ក្រោយ។ តាម​ពិត​កូន​កំលោះ​គេ​ក៏​មិន​ព្រម​ដែរ តែ​ដោយសារ​ឃើញ​ខ្ញុំ​ព្រម គេ​ក៏​រៀបការ​ទាំង​បង្ខំ ព្រោះ​ត្រូវ​ចាស់​ៗ​ព្រួត​គ្នា​ថា​ឲ្យ​ចាញ់​ខ្ញុំ​ជា​មនុស្ស​ស្រី។ ពួក​យើង​ក៏​ណាត់​គ្នា​មក​និយាយ​ម្ដង​ទៀត​ពី​រឿង​អនាគត និង​ថត​រូប​ទុក​ថ្ងៃ​ការ តែ​មិនមែន​ជា pre-wedding អី​ទេ ព្រោះ​គ្មាន​ចិត្ត​ចង់​សោះ។ ពេល​បាន​ជួប​គ្នា​ម្ដង​ទៀត ទើប​ខ្ញុំ​ដឹង​ថា អនាគត​កូន​កំលោះ​ខ្ញុំ​សង្ហា​មិន​ធម្មតា​ដែរ កម្រិត​សិក្សា ការងារ​ក៏​ល្អ ចរិត​ទៀតសោត​ក៏​មិន​អាក្រក់​អី​ដែរ គ្រាន់តែ​ពេល​នោះ​យើង​ខ្វែង​គំនិត​គ្នា។

ការ​សម្រេច​ចិត្ត​របស់​ពួក​យើង គឺ​អំឡុង​ពេល ២ ឆ្នាំ​នឹង​លែងលះ​គ្នា ព្រោះ​រស់នៅ​មិន​ចុះ​សម្រុង ណា​មួយ​ខ្ញុំ​គិតគាត់​ក៏​មិន​ចង់​ឲ្យ​សង្សារ​ខូច​ចិត្ត ហើយ​ខ្ញុំ​ក៏​មិន​ចេះ​រស់នៅ​ជាមួយ​មនុស្ស​មិន​ស្រលាញ់​គ្នា ណា​មួយ​អាណិត​ចិត្ត​មនុស្ស​ស្រី​ដូច​គ្នា ខំ​ស្រលាញ់​គ្នា​ឡើង​ចង់ ១០ ឆ្នាំ​មក​បែក​គ្នា​ព្រោះ​រឿង​ចាស់​ៗ​ចាប់​ផ្សំផ្គុំ។

ថ្ងៃ​រៀបការ​ខ្ញុំ​ក៏​មិន​សូវ​ហៅ​មិត្តភ័ក្ដិ​មក​ដែរ ព្រោះ​មិន​ដឹង​ឆ្លើយ​តប​នឹង​សំណួរ​ពួកគេ ហើយ​មិត្ត​ខាង​គេ​ក៏​មិន​សូវ​មាន។ ពួក​យើង​ជា​កូន​ក្រមុំ-កូន​កំលោះ​ដែល​សោះកក្រោះ ព្រោះ​គ្មាន​មិត្ត​មក​កូរ​កម្មវិធី​ដូច​គេ​ឯង។ មានតែ​សាច់​ញាតិ ហើយ​ពួក​គាត់​នាំគ្នា​បង្អាប់​ថា ប្រកែក​ៗ​ដល់​ពេល​ឈរ​ទឹម​គ្នា​សម​គ្នា​សឹង​អី។

២ ខែ​កន្លង​ទៅ ទើប​ខ្ញុំ​ដឹង​ថា ហេតុអ្វី​បាន​ជា​ម៉ាក់​បង្ខំ​ខ្ញុំ​ឲ្យ​រៀបការ​ជាមួយ​របស់​បុរស​នោះ​ខ្លាំង​ម្ល៉េះ។ គាត់​ជា​សុភាព​បុរស​ពិត​ៗ ដ្បិត​រស់នៅ​ក្នុង​បន្ទប់​តែ​មួយ តែ​គាត់​មិន​ដែល​បង្ខំ ឬ​បន្លំ​ប៉ះពាល់​ខ្ញុំ​ឡើយ ដើរ​ក៏​ចាំ​នៅ​ពី​ក្រោយ​ញ៉ាំ​អី​ក៏​ទាយ​កៅអី និង​រុញ​ឲ្យ បើក​ទ្វារ​ឡាន​ឲ្យ មិន​ដែល​ចេះ​ស្រែក​គំហក ឬ​សម្ដី​ធំ​ដាក់​ខ្ញុំ​យ៉ាង​ម៉េច មិន​ចេញ​ទៅ​ដើរលេង​យប់ មាន​តែ​ខ្ញុំ​វិញ​ទេ​ដែល​ច្រែតៗ​គ្មាន​ទប់​មាត់​បាន​ទៅ​គាត់។

ព្រឹក​ឡើង​ពួក​យើង​បំបែក​គ្នា​ទៅ​ធ្វើការ ឃើញ​មុខ​គ្នា​តែ​ពេល​យប់​ប្រហែល ២ ម៉ោង ក៏​ចូល​គេង​រៀង​ខ្លួន។ សៅរ៍​អាទិត្យ​ពួក​យើង​នៅ​ផ្ទះ​ជុំ​ជាមួយ​ចាស់​ៗ​ក្នុង​ផ្ទះ ឬ​ពេល​ខ្លះ​ទៅ​ដើរ​ផ្សារ​ម្ដង​ៗ។ អ្នក​ផ្ទះ​គាត់​ស្រលាញ់​ខ្ញុំ​ខ្លាំង​ណាស់ ខ្លាំង​រហូត​ដល់​ខ្ញុំ​មាន​អារម្មណ៍​ថា ទី​នេះ​ជា​ផ្ទះ​របស់​ខ្លួន ហើយ​នៅ​ចំពោះ​មុខ​ចាស់​ៗ ពួក​យើង​សម្ដែង​ដូច​ជា​ប្ដី​ប្រពន្ធ​ដែល​ស្រលាញ់​គ្នា​ខ្លាំង​ណាស់​ចឹង គឺ ផ្អែម​លើស​ជាង​ស្ករ​ទៅ​ទៀត។ ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​ចាប់ផ្ដើម​ចាញ់​អំពើ​ល្អ និង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គាត់​តាំងពី​ពេល​ណា​ឡើយ ដឹង​ត្រឹម​ថា មិន​អាច​បាត់​មុខ​គាត់​យូរ​ឡើយ។

រូបតំណាង

បើ​ត្រឡប់​មក​ពី​ធ្វើការ​វិញ​មិន​ឃើញ​គាត់ គឺ​ខ្ញុំ​អន្ទះអន្ទែង​ខ្លាំង តែ​មិន​មែន​ខ្លាច​គាត់​ទៅ​ជួប​សង្សារ​ចាស់​ឡើយ គឺ​ខ្លាច​មាន​គ្រោះថ្នាក់​អ្វី ឬ​ធ្វើការ​ហត់នឿយ​ជ្រុល​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​ខំ​ធ្វើ​ចិត្ត​ដូច​ធម្មតា ព្រោះ​នឹក​អាណិត​ចិត្ត​មិត្ត​ស្រី​ចាស់​គាត់​ដែល​នៅ​រង់ចាំ។

កន្លះ​ឆ្នាំ​កន្លង​ទៅ​សង្សារ​ចាស់​គាត់​ក៏​បាន​រៀបការ​ជាមួយ​កូន​ខ្មែរ​នៅ​បរទេស ហើយ​ពេល​នោះ​ក៏​ជា​ពេល​ដែល​ខ្ញុំ​បាន​ដឹង​ថា តាំង​ពី​រៀបការ​រួច​មក គឺ​គាត់​លែង​នឹក​នា​សង្សារ​ចាស់​ទៀត​ហើយ ព្រោះ​ពេល​ឮ​ដំណឹង​នោះ គាត់​មើល​ទៅ​ធម្មតា ហើយ​ពេល​មាន​ឱកាស​ខ្ញុំ​ក៏​សួរ​គាត់​ថា ម្ដេច​មិន​ឃាត់​នាង។ គាត់​ក៏​តប​ថា ឃាត់​ធ្វើ​អី បើ​គាត់​ក៏​មាន​ប្រពន្ធ​ហើយ​ដែរ។ ពេល​នោះ​គាត់​ក៏​បាន​និយាយ​ប្រាប់​ថា គាត់​មិន​បាន​ឲ្យ​សង្សារ​ចាស់​គាត់​រង់​ចាំ​ឡើយ ព្រោះ​គាត់​មិន​ព្រម​ឲ្យ​ខ្ញុំ​មាន​ឈ្មោះ​ជា​ស្រី​មេម៉ាយ​ទេ។

ឮ​បែប​នេះ ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំង តែ​ខំ​ធ្វើ​ចិត្ត ហើយ​ធ្វើ​ជា​សួរ​ដេញដោល​ទាំង​ដឹង​ព្រាលៗ​ថា គាត់​ក៏​មាន​ចិត្ត​លើ​ខ្ញុំ​វិញ គ្រាន់តែ​មិន​ហ៊ាន​​បង្ហើប។ "ម៉េច​បង​និយាយ​ចឹង ខាង​ណោះ​គេ​ខូច​ចិត្ត​ស្លាប់​ហើយ”? គាត់​ថា ជ្រុល​ជា​យល់​ព្រម​ទទួល​យក​នារី​ណា​ជា​ភរិយា​ហើយ គាត់​គ្មាន​ថ្ងៃ​នារី​ម្នាក់​នោះ​ខូច​ចិត្ត​ដាច់ខាត។ បន្ថែម​ពី​លើ​នោះ គាត់​ក៏​បញ្ជាក់​ដែរ​ថា ពេល​ជួប​មុខ​គ្នា​ដំបូង គាត់​បែរជា​ក្នាញ់​ចរិត​យក​តែ​ឈ្នះ​ចិត្ត​របស់​ខ្ញុំ។ បន្ទាប់​មក​គាត់​ក៏​សួរ​ខ្ញុំ​វិញ​ថា ខ្ញុំ​ពិតជា​ចង់​លែងលះ​មែន​អី ព្រោះ​នៅតែ​ជាង ១ ឆ្នាំ​ទៀត​ប៉ុណ្ណោះ? ខ្ញុំ​បែរជា​ស្រឡាំងកាំង ព្រោះ​ខ្ញុំ​មិន​ដឹង​ថា បើ​ដល់​ថ្ងៃ​នោះ ខ្ញុំ​ពិតជា​ហ៊ាន​ស៊ីញេ​លែង​គ្នា តែ​ក៏​នៅ​មិន​ទាន់​ហ៊ាន​សារភាព ព្រោះ​ខ្លាច​គេ​ថា គ្រាន់តែ​សង្សារ​ចាស់​គេ​ការ​ភ្លាម ឯង​បើក​ដៃទៅ​រក​សង្សារ​គេ​ភ្លែត។

រូបតំណាង

អ្វី​ដែល​ឆ្លើយ​បាន មាន​តែ​ប្រាប់​គាត់​ថា "ខ្ញុំ​រាល់ថ្ងៃ​សាំ​ទៅ​នឹង​បរិយាកាស​បែប​នេះ គ្រួសារ​មួយ​នេះ ហើយ​មិន​ដឹង​ថា បើ​ផ្លាស់​ទៅ​ផ្ទះ​វិញ អាច​គ្មាន​​អារម្មណ៍​កក់ក្ដៅ​បែបនេះ​ទៀត​ឬ​អត់​ទេ ហើយ​ប្រហែល​មិន​ទម្លាប់​ក្រោក​ឡើង​មិន​ឃើញ​មុខ​បង​ទេ"។ គាត់​យល់​ពី​ចម្លើយ​សារភាព​របស់​ខ្ញុំ​ណាស់ ហើយ​ពួក​យើង​ក៏​បាន​រស់នៅ​ជា​ប្ដី​ប្រពន្ធ​ពេញលេញ​ចាប់ពី​ពេល​នោះ​យក។

អ្វី​ដែល​ចង់​បង្ហាញ គឺ​ចង់​អរគុណ​ដល់​ម៉ាក់ប៉ា​ទាំង​សងខាង និង​ចង់​ប្រាប់​ថាក្ដី​ស្នេហា​កើត​ឡើង​ទៅ​បាន គឺ​ពេល​មនុស្ស​ពីរ​នាក់​នៅ​ជិត​គ្នា ជឿជាក់​លើ​គ្នា ហើយ​ទោះ​ជា​គេ​ចង់​ដាក់​ស្នេហ៍​យ៉ាង​ម៉េច​ក៏​មិន​អាច​យក​របស់​យើង​ទៅ​បាន​ដែរ បើ​អ្នក​ផ្ដល់​ភាព​កក់​ក្ដៅ​ឲ្យ​គ្នា​បាន​គ្រប់គ្រាន់ ដូចនេះ​ហើយ​ទើប​ចាស់​ៗ​ច្រើន​និយាយ​ត​គ្នា «ស្នេហ៍​មិន​ឈ្នះ​ស្និទ្ធ»៕

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម