កូន​ដល់​អាយុ​ហើយ​ តែ​មិន​លូត​កម្ពស់​ឪពុក​ម្ដាយ​គួរ​តែ​ធ្វើ​រឿង​ ៦​ យ៉ាង​នេះ​

  • 2019-03-15 07:04:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ដែល​មនុស្ស​ពេញ​វ័យ​ឡើង​ កម្ពស់​មិន​មែន​ជា​រឿង​តូច​តាច​ទេ​។​ ដើម្បី​ជួយ​ឲ្យ​កូន​ៗ​ចាប់​យក​ឱកាស​បាន​កាន់​តែ​ច្រើន​ក្នុង​ការ​សិក្សា​ និង​ជីវិត​ការ​ងារ​បាន​កាន់​តែ​ច្រើន​ នេះ​ក៏​ជា​កង្វល់​របស់​ឪពុក​ម្ដាយ​គ្រប់​រូប​ផង​ដែរ​ ព្រោះ​លោក​ទាំង​ពីរ​តែង​តែ​ចង់​ធ្វើ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​កូន​ៗ​របស់​ពួក​គាត់​។​ ខាង​ក្រោម​នេះ​ជា​វិធី​ខ្លះ​ៗ​ដែល​ជួយ​សម្រួល​ដល់​ឪពុក​ម្ដាយ​ក្នុង​ការ​ជួយ​សម្រួល​ដល់​កម្ពស់​កូន​ៗ​ឲ្យ​បាន​ត្រឹម​ត្រូវ​៖

១. បង្កើត​របប​អាហារ​ដែល​សម​ស្រប​សម្រាប់​កុមារ

របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​អាហារ​ចម្រុះ​ជា​ពិសេស​កាល់ស្យូម​ ប្រូតេអ៊ីន​ ក្រុម​វីតា​មីន​ និង​សារធាតុ​រ៉ែ​ជួយ​ឲ្យ​រាង​កាយ​របស់​ក្មេង​មាន​កម្ពស់​ខ្ពស់​ជាង​មុន​។​ ឪពុក​ម្ដាយ​គួរ​តែ​បង្កើត​របប​អាហារ​ដែល​មាន​សុខ​ភាព​ល្អ​សម្រាប់​កូន​របស់​ខ្លួន​ ចឹង​ហើយ​គួរ​តែ​ផ្ដល់​ឲ្យ​បន្លែ​បៃតង​ ផ្លែ​ឈើ​ស្រស់​ អាហារ​ដែល​សម្បូរ​ដោយ​ប្រូតេអ៊ីន កាបូអ៊ីដ្រាត​ដែល​ល្អ​សម្រាប់​សុខ​ភាព​ គ្រាប់​ធញ្ញជាតិ​ និង​កុំ​ភ្លេច​ទឹក​ដោះ​គោ​ផង​។​ ទឹក​ដោះ​គោ​សម្បូរ​ទៅ​ដោយ​វីតាមីន​ និង​ថាមពល​សម្រាប់​សុខភាព​ ហើយ​ក៏​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​បាន​ល្អ​។​ ត្រូវ​តែ​ព្យាយាម​គ្រប់​គ្រង​អាហារ​ឲ្យ​សម​ល្មម​នឹង​បរិភោគ​ ៣​ ពេល​ក្នុង​មួយ​ថ្ងៃ​ កុំ​រំលង​អាហារ​ពេល​ព្រឹក​។

រូបតំណាង

២. បង្កើត​ទម្លាប់​ហាត់​ប្រាណ​ហាត់​ និង​លេង​កីឡា​ឲ្យ​បាន​រាល់​ថ្ងៃ

លំហាត់​ប្រាណ​ កីឡា​មិន​ត្រឹម​តែ​ជួយ​ឲ្យ​កុមារ​រឺង​មាំ​ទេ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​ឲ្យ​គេ​មាន​កម្ពស់​ខ្ពស់​ទៀត​ផង​។​ ត្រូវ​តែ​ឲ្យ​កូន​របស់​អ្នក​ក្រោក​ពី​ព្រលឹម​ដើម្បី​ដើរ​ ៣០​ នាទី​ក្នុង​១​ថ្ងៃ​ជា​មួយ​អ្នក​ ឬ​អាច​លេង​កីឡា​ដែល​កូន​របស់​អ្នក​ចូល​ចិត្ត​ និង​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​ដូច​ជា​ហែល​ទឹក​ លេង​បោះ​បាល់​ជា​ដើម​។​ ព្យាយាម​ឲ្យ​កូន​របស់​អ្នក​ទម្លាប់​ខ្លួន​ទៅ​នឹង​កីឡា​ទាំង​នោះ​ព្រោះ​វា​ជួយ​ពង្រឹង​ដល់​សន្លាក់​។

៣. ផ្លាស់​ប្ដូរ​កាយវិការ​របស់​កុមារ

កុមារ​ជា​ច្រើន​ដែល​មិន​ត្រូវ​បាន​ឪពុក​ម្ដាយ​របស់​គេ​កែ​តម្រូវ​ការ​ឈរ​ ការ​ដេក​ និង​អង្គុយ​ ភាគ​ច្រើន​ខ្នង​របស់​ពួក​គេ​កោង​ មិន​ត្រង់​ និង​អវយវៈ​ផ្សេង​ទៀត​ខូច​ទ្រង់​ទ្រាយ​ដែល​នាំ​ឲ្យ​កម្ពស់​កុមារ​ថយ​ចុះ​។​ អ្នក​គ្រាន់​តែ​ជួយ​កែ​លម្អ​ឥរិយាបថ​ខុស​ឆ្គង​របស់​កុមារ​ ដោយ​អនុវត្ត​ទម្លាប់​នៃ​ការ​ដើរ​ អង្គុយ​ និង​ដេក​ ដោយ​ប្រើ​ខ្សែ​ក្រវាត់​រឹត​ឆ្អឹង​ខ្នង​ដើម្បី​ជួយ​កែ​ប្រែ​ពេល​ដំបូង​។

៤. កុមារ​ត្រូវ​ការ​ការ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់

រាង​កាយ​យើង​តែង​តែ​ធ្វើ​សកម្មភាព​ទោះ​បី​ពេល​ដែល​យើង​ដេក​ក៏​ដោយ​។​ ឪពុក​ម្តាយ​ត្រូវ​ដឹង​ថា​ អ័រម៉ូន​លូត​លាស់​ដោយ​សារ​ការ​បញ្ចេញ​ប្រូតេអ៊ីន​ភាគ​ច្រើន​នៅ​ពេល​យប់​ ជា​ពិសេស​នៅ​ម៉ោង​ ១១ និង​ ១២​​យប់​ជា​ពេល​ដែល​កុមារ​កំពុង​គេង​លក់​ស្រួល​។​ ចឹង​ហើយ​បើ​កុមារ​មាន​ទម្លាប់​ចូល​គេង​យឺត​ វា​នឹង​ប៉ះ​ពាល់​ដល់​ការ​លូត​លាស់​របស់​អ័រម៉ូន​ វា​នឹង​ធ្វើ​ឲ្យ​កុមារ​លូត​លាស់​យឺត​។​ ដូច្នេះ​ឪពុក​ម្ដាយ​គួរ​តែ​ទម្លាប់​កូន​ៗ​ឲ្យ​ចូល​គេង​មុន​ម៉ោង​ ១០​យប់​ និង​គេង​ឲ្យ​បាន​ ៨​ម៉ោង​ក្នុង​១​ថ្ងៃ​។​ និង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កែ​ស្ថាន​ភាព​ដេក​របស់​កូន​ កុមារ​គួរ​តែ​ដេក​ឲ្យ​ត្រង់​ខ្នង​​ ដោយ​ប្រើ​ខ្នើយ​ឱប​រាប​ ឬ​មិន​ចាំ​បាច់​ប្រើ​ក៏​បាន​។

៥. រក្សា​បរិយាកាស​ជុំ​កុមារ​ឲ្យ​បាន​ល្អ

បរិស្ថាន​ក្នុង​ជីវភាព​រស់​នៅ​គឺ​ប៉ះ​ពាល់​ដល់​ការ​ថែ​ទាំ​សុខ​ភាព​កុមារ​ ២០%​។​ នេះ​ជា​មូល​ហេតុ​ដែល​កុមារ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ជា​មធ្យម​ខ្ពស់​ជាង​កុមារ​ដែល​រស់​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។​ មាន​ការ​សិក្សា​មួយ​បាន​បង្ហាញ​អំពី​ផល​ប៉ះ​ពាល់​នៃ​ការ​រស់​នៅ​របស់​កុមារ​លើ​ការ​លូត​លាស់​នៃ​កម្ពស់​របស់​កុមារ​តូច​ៗ​ដែល​គេ​បាន​បំបែក​កូន​ភ្លោះ​ពីរ​យក​ទៅ​ចិញ្ចឹម​បី​បាច់​ និង​ថែរក្សា​ក្នុង​ការ​រស់​នៅ​ដែល​ខុស​គ្នា​ទាំង​ស្រុង​ពីរ​។​ លទ្ធ​ផល​បាន​បង្ហាញ​ថា​នៅ​ពេល​ក្មេង​ពីរ​នាក់​ឈាន​ចូល​វ័យ​លូត​លាស់​ កុមារ​ដែល​ត្រូវ​បាន​គេ​ចិញ្ចឹម​ក្នុង​បរិស្ថាន​អាប់​អួរ​ និង​បរិស្ថាន​ដែល​មាន​ការ​បំពុល​ មាន​សុខភាព​ខ្សោយ​និង​ងាយ​ឆ្លង​មេរោគ​ ហើយ​មាន​ការ​លូត​លាស់​កម្ពស់​យឺត​ និង​ទាប​ជាង​ក្មេង​ដែល​ត្រូវ​បាន​គេ​ចិញ្ចឹម​នៅ​ក្នុង​បរិស្ថាន​មួយ​ដែល​មាន​លក្ខខណ្ឌ​ល្អ​។​ ចឹង​ហើយ​កុមារ​ងាយ​នឹង​រង​នូវ​ការ​កង្វះ​អាហារូបត្ថម្ភ​ ក្រិន​ ពេល​ដែល​រស់​នៅ​ក្នុង​សង្គម​ដែល​បរិស្ថាន​គ្មាន​អនាម័យ​ ទឹក​ស្អាត​ មិន​គ្រប់គ្រាន់​និង​អាហារ​គ្មាន​គុណ​ភាព​ល្អ​។​ ដូច្នេះ​ដើម្បី​ជួយ​សម្រួល​ដល់​កម្ពស់​កុមារ​ ឪពុក​ម្ដាយ​ត្រូវ​តែ​កាត់​បន្ថយ​កត្តា​ដែល​ដែល​ប៉ះ​ពាល់​ដល់​ការ​លូត​លាស់​និង​កម្ពស់​របស់​កុមារ​ដូច​ជា​ផ្សែង​បារី​ និង​ខ្យល់​ពុល​ជា​ដើម​។

៦. បន្ថែម​កាល់ស្យូម​ដល់​កុមារ

កាល់ស្យូម​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​បង្កើត​និង​អភិវឌ្ឍន៍​ឆ្អឹង​និង​ធ្មេញ​​។​ ចឹង​ហើយ​ថ្នាំ​គ្រាប់​កាល់ស្យូម​នឹង​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ឆ្អឹង​របស់​កុមារ​។​លើស​ពី​នេះ​ទៅ​ទៀត​អ្នក​គួរ​តែ​បន្ថែម​អាហារ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​ធម្មជាតិ​ដូច​ជា​គ្រាប់​ធញ្ញជាតិ​ពណ៌ក្រហម​ជា​ដើម​។​ សារធាតុ​រ៉ែ​ដែល​ទទួល​បាន​ពី​គ្រាប់​ធញ្ញជាតិ​ក្រហម​គឺ​សម្បូរ​ដោយ​កាល់ស្យូម​និង​ម៉ាញ៉េស្យូម​។​ លើស​ពី​នេះ​វា​ក៏​មាន​សារធាតុ​រ៉ែ​ចំនួន​ ៧២​ ផ្សេង​ទៀត​ដើម្បី​ជួយ​បំពេញ​បន្ថែម​ដល់​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​សម្រាប់​ការ​អភិវឌ្ឍន៍​កុមារ​។​ អត្ថប្រយោជន៍​មួយ​ផ្សេង​ទៀត​គឺ​ថា​ជាតិ​កាល់ស្យូម​ពី​គ្រាប់​ធញ្ញជាតិ​ក្រហម​មិន​ធ្វើ​ឲ្យ​ទល់លាមក​និង​មិន​បង្ក​ជា​គ្រាប់​គ្រួស​តម្រង​នោម​ជា​ដើម​។ ម៉្យាង​ទៀត​ម្ដាយ​គួរ​តែ​ចាំ​ថា​ប្រើ​ថ្នាំ​គ្រាប់​កាល់ស្យូម​ដោយ​ប្រើ​វីតាមីន​ D3 និង​ K2 គឺ​ល្អ​បំផុត​ដល់​រាង​កាយ​និង​ជៀស​វៀង​ផល់​ប៉ះ​ពាល់​ដល់​ការ​លើស​ជាតិ​កាល់ស្យូម​៕

ចុចអាន៖ ត្រូវ​យក​ចិត្ត​ទុក​ដាក់លើរឿង ៣​យ៉ាង​នេះ​ បើ​ចង់​ឲ្យ​កូន​កើតមក​ឆ្លាត​

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម