កើត​មក​មិន​ស្អាត​ក៏​អាច​ស្អាត​បាន​ដែរ​ឲ្យ​តែ​ឧស្សាហ៍​អនុវត្ត ៨​ ចំណុច​នេះ

  • 2019-03-15 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​មួយ​ចំនួន​ស្រស់​ស្អាត​តាំង​ពី​កើត ឯ​អ្នក​មួយ​ចំនួន​ទៀត​កើត​មក​មិន​សូវ​ស្អាត ប៉ុន្តែ​ដោយ​សារ​គេ​ចេះ​មើល​ថែ​ខ្លួន​ឯង​ចុង​ក្រោយ​ក៏​មើល​ទៅ​ស្អាត​ដូច​​គ្នា។ ថ្ងៃ​នេះ​សម្រាប់​ប្រិយមិត្ត​ណា​ដែល​ចង់​មាន​សម្រស់​ស្អាត កញ្ញា សូម​ណែនាំ​វិធី​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​ស្អាត​ទាំង​ផ្នែក​ខាង​ក្រៅ និង​ខាង​ក្នុង៖

១. គិត​វិជ្ជមាន

មនុស្ស​ស្អាត​មិន​អាច​ស្អាត​តែ​សម្បក​ក្រៅ​នោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​គំនិត​វិជ្ជមាន​ចេញ​ពី​ខាង​ក្នុង ទើប​អារម្មណ៍​ និង​ទឹក​មុខ​យើង​ស្រស់​ថ្លា​ទៅ​តាម​នោះ។ ស្ដាប់​ទៅ​ហាក់​ដូច​ជា​ងាយ​ប៉ុន្តែ​ពេល​ធ្វើ​ពិត​ប្រាកដ​វា​អាច​នឹង​ពិបាក​បន្តិច។ យ៉ាង​ណា​ក៏​ដោយ​បើ​យើង​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​ហើយ​ នៅ​មក​គិត​​តែ​រឿង​អាក្រក់​ៗ​ទៀត​គឺ​វា​មាន​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​កាន់​តែ​លំបាក ដូច្នេះ​ត្រូវ​ព្យាយាម​ហ្វឹកហាត់​ចិត្ត​ឲ្យ​គិត​វិជ្ជមាន ចាត់​ទុក​ឧបសគ្គ និង​បញ្ហា​ទាំង​ឡាយ​ជា​បទពិសោធន៍។

២. ញញឹម​ឲ្យ​បាន​ច្រើន

មនុស្ស​ពូកែ​ញញឹម​មាន​មន្ត​ស្នេហ៍​ខ្លាំង​ណាស់។ ញញឹមញញែម​ស្រស់​ថ្លា​គឺ​នឹង​នាំ​មក​នូវ​រឿង​ល្អ​ៗ​ចូល​មក​ក្នុង​ជីវិត នាំ​ឲ្យ​ចិត្ត​គិត​ដល់​រឿង​វិជ្ជមាន រឿង​ល្អ​ៗ ចូល​មក​ក្នុង​ខួរ​ក្បាល។ សាកល្បង​តាម​រយៈ​ការ​ញញឹម​រាក់ទាក់​មនុស្ស​ដែល​យើង​ស្គាល់​ពេល​ជួប​គ្នា​ នោះ​នឹង​ដឹង​ថា​មាន​ការ​ប្រែប្រួល​យ៉ាង​ណា។

៣. ចេះ Make-up រៀប​ចំ​សក់ ទិញ​គ្រឿង​សម្អាង​ទុក​ប្រើ​ខ្លះ

អ្នក​ណា​មិន​ទាន់​ចេះ​ផាត់​មុខ​ខ្លះ? មិន​អី​ទេ ឥលូវ​នេះ​មាន​ Beauty Blogger បង្រៀន​ផាត់​មុខ​ច្រើន​ណាស់ ដូច្នេះ​​បើ​ចង់​ចេះ​អាច​រៀន​ពី​វីដេអូ​របស់​ពួក​គេ​បាន មិន​អីចឹង​ទេ​មើល​តាម វេបសាយ កញ្ញា ក៏​បាន (ចុច​ត្រង់​​នេះ)។ ចំណែក​គ្រឿង​សម្អាង បច្ចុប្បន្ន​នេះ​ក៏​មាន​​ម៉ូដ​ម៉ាក​ជា​ច្រើន​សម្រាប់​យើង​ជ្រើសរើស។ បើ​មិន​ចង់​ចំណាយ​ច្រើន ប្រើ​តែ​របស់​ធូរ​ថ្លៃ​ក៏​​មាន​មិន​ខ្វះ​ដែរ ប៉ុន្តែ​ចៀស​វាង​របស់​ក្លែងក្លាយ។

៤. ជ្រើសរើស​ញ៉ាំ​អាហារ​ល្អ​ៗ​សម្រាប់​សុខភាព

របស់​ផ្អែម​ៗ​ របស់​ខ្លាញ់ បំពង​ជា​ដើម គឺ​គួរ​តែ​កាត់​បន្ថយ​ឲ្យ​នៅ​សល់​តិច​បំផុត​សម្រាប់​របប​អាហារ​របស់​យើង។ ជំនួស​មក​វិញ គួរ​ជ្រើសរើស​ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​ល្អ​ និង​ជំនួយ​សុខភាព​​និង​សម្រស់​យើង​​ឲ្យ​បាន​ច្រើន ដូច​ជា​បន្លែ ផ្លែឈើ ត្រី និង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។

៥. ហាត់​ប្រាណ​

ការ​ហាត់ប្រាណ​គឺ​ជារឿង​សំខាន់​ណាស់​សម្រាប់​មនុស្ស​សម័យ​នេះ។ ក្រៅ​ពី​ជួយ​ឲ្យ​រាងកាយ​រឹង​មាំ​ហើយ ស្រស់​ថ្លា​ហើយ វា​ក៏​ធ្វើ​ឲ្យ​យើង​អាច​ស្រក​គីឡូ មាន​រាងរៅ​ស្អាត ហើយ​អ្វី​ដែល​សំខាន់​វា​ក៏​អាច​ឲ្យ​យើង​ជួប​មនុស្ស​ថ្មី​ៗ​ច្រើន​ដែរ​ក្នុង​សង្គម។

៦. គេង​លក់​ឲ្យ​បាន​គ្រប់គ្រាន់

ការ​សម្រាក ឬ​គេង​លក់​ដែល​ល្អ​សមរម្យ​សម្រាប់​សុខភាព​គឺ​គួរ​មាន​រយៈ​ពេល​ពី ៦​ទៅ​៨​ម៉ោង។ ដូច្នេះ​បើ​សិន​ជា​ដឹង​ថា​ខ្លួន​ឯង​មាន​ទម្លាប់​ចូល​គេង​យប់​ៗ​ជ្រៅ គួរ​តែ​ព្យាយាម​ផ្លាស់​ប្ដូរ​ទម្លាប់​នេះ​ចេញ ព្រោះ​ការ​គេង​យប់​ជ្រៅ​នឹង​ធ្វើ​ឲ្យ​យើង​ចាស់​ជាង​វ័យ​បាន​យ៉ាង​ងាយ។

៧. អង្គុយ​សមាធិ រម្ងាប់​ចិត្ត

ការ​សមាធិ​រម្ងាប់​ផ្លូវ​ចិត្ត រម្ងាប់​អារម្មណ៍​នេះ​មិនចាំបាច់​តែ​ចាំ​ធ្វើ​នៅ​វត្ត​នោះ​ទេ នៅ​ផ្ទះ​ក៏​អាច​ធ្វើ​បាន​ដែរ ដូច​ជា​អង្គុយ​សមាធិ​ប៉ុន្មាន​នាទី​មុន​ចូល​គេង នឹង​ជួយ​ឲ្យ​យើង​មាន​ចិត្ត​ត្រជាក់ មាន​សតិ​គ្រប់គ្រាន់​ក្នុង​ការ​ដំណើរ​ជីវិត។ ចង់​ធ្វើ​ជា​មនុស្ស​ស្អាត​ទាក់ទាញ ត្រូវ​មាន​ភាព​ស្ងប់ស្ងាត់ បើ​រវល់​តែ​ឆាប់​ខឹង ច្រឡោត រអ៊ូរទាំច្រើន ភាព​ស្រស់​ស្អាត​នឹង​បាត់​ទៅ​ដោយ​ឯកឯង។

៨. ថែ​រក្សា​​ស្បែក​មុខ និង​ដង​ខ្លួន​ដោយ​​ផលិតផល​ផ្សេង​ៗ

ផលិតផល​ថែ​រក្សា​ស្បែក​ថោក​ហើយ​ល្អ​បច្ចុប្បន្ន​នេះ​មាន​ច្រើន​លើ​ទីផ្សារ ដូច្នេះ​អ្នក​គួរ​ជ្រើសរើស​ផលិតផល​ណា​មួយ​ដែល​ត្រូវ​នឹង​ស្បែក​របស់​ខ្លួន​យក​មក​ប្រើ​ជា​ប្រចាំ។ ចាប់​ផ្ដើម​ដោយ​ការ​បិទ​ម៉ាស​មុន​ចូល​គេង ​ស្រ្កាប់​ស្បែក​ដើម្បី​ជម្រុះ​កោសិកា​មួយ​អាទិត្យ​ម្ដង​ឬ​ពីរ​ដង លាប​ក្រែម​បម្រុង និង​លាប​ក្រែម​ការពារ​កម្ដៅ​បើ​ត្រូវ​ចេញ​ខាង​ក្រៅ​ច្រើន។ សាកល្បង​ធ្វើ​បែប​នេះ​មួយ​ខែ​​អី​មើល នឹង​បាន​ឃើញ​លទ្ធផល​​ច្បាស់​តែ​ម្ដង ៕

ចុចអាន៖ជា​នារី​ដែល​​គួរឲ្យស្រឡាញ់ និង​មើលទៅមានទំនុកចិត្តខ្ពស់ គួរ​កុំ​ឲ្យ​មាន​ចំណុច​នេះ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម