បើ​អ្នក​លើកលែង​ឲ្យ​អ្នក​ក្បត់ ជួប​ទុក្ខ​កុំ​រក​អ្នក​ណា​ជួយ​ឲ្យ​សោះ

  • 2019-03-15 02:22:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​ក្បត់​លើក​ដំបូង​ជា​កំហុស​របស់​គេ តែ​បណ្ដោយ​ឲ្យ​គេ​ក្បត់​បាន​ជា​លើក​ទី​២ គឺ​កំហុស​របស់​អ្នក​ហើយ។ ដូច​នេះ ប្រសិន​បើ​អ្នក​ជា​អ្នក​រើស​យក​ផ្លូវ​មួយ​នេះ កំហុស​គ្រប់​យ៉ាង​គឺ​ធ្លាក់​លើ​អ្នក​ម្នាក់ឯង​ប៉ុណ្ណោះ។

រូបតំណាង

ព្រឹក​នេះ​ មើល​ឃើញ​វីដេអូ​ឃ្លីប​កូន​ទៅ​វ៉ៃ​ប្រពន្ធ​ចុង​ជួយ​ម៉ែ។ អ្នក​ណា​ក៏​បញ្ចេញ​មតិ​សរសើរ​ថា កើត​បាន​កូន​ម្នាក់​ដូច​នេះ ពិត​ជា​មិន​អត់​ប្រយោជន៍​មែន។ តែ​ចំពោះ​ខ្ញុំ បាន​ត្រឹម​តែ​ឈឺ​ចិត្ត។ ចុង​បញ្ចប់​ សួរ​ថា​ទៅ​វ៉ៃ​គេ​ដើម្បី​អី? អ្នក​មាន​ដឹង​អត់​ថា ការ​វ៉ៃ​នេះ​គឺ​ជា​វិធី​ដែល​លឿន​បំផុត ដែល​រុញ​មនុស្ស​ប្រុស​របស់​អ្នក​ចេញ​ពី​អ្នក​កាន់​តែ​ឆ្ងាយ។ ប្រសិន​បើ​អ្នក​ចង់​លែងលះ ហើយ​បាន​ចែក​ទ្រព្យ​សម្បត្តិ​នោះ ការ​វ៉ៃ​គេ​គ្រាន់​តែ​បង្ករ​ផលពិបាក​ចំពោះ​អ្នក​នៅ​ចំពោះ​មុខ​តុលាការ​តែ​ប៉ុណ្ណោះ។ ការ​វ៉ៃ​ស្រី​កំណាន់​នេះ នឹង​ធ្វើ​ឲ្យ​គេ​រឹត​តែ​សប្បាយ​ចិត្ត ព្រោះ​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ស្រី​ដែល​ហិង្សា​ដូច​អ្នក។

ទោះ​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ កុំ​ប៉ះ​ពាល់​ដល់​ជន​ទី​៣​ឲ្យ​សោះ មិន​មែន​ពួក​គេ​មិន​សម​នឹង​វ៉ៃ​នោះ​ទេ តែ​វ៉ៃ​ពួក​គេ​គ្រាន់​តែ​ធ្វើ​ឲ្យ​អ្នក​អន់​ថយ​ជាង​មុន​ប៉ុណ្ណោះ។ នៅ​ពេល​ដែល​អ្នក​លើក​ដៃ​វ៉ៃ ឬ​ជេរ​ពួក​នាង នៅ​ក្នុង​ភ្នែក​សង្សារ ឬ​ប្ដី​របស់​អ្នក ពួក​គេ​ជា​មនុស្ស​គួរ​ឲ្យ​អាណិត ឯ​អ្នក​ប្រៀប​ដូច​ជា​យាយ​ធ្មប់​ម្នាក់​ចឹង ទាំង​តាម​ការពិត អ្នក​ទើប​ជា​ជន​រង​គ្រោះ​ពិត​ប្រាកដ ហើយ​អ្នក​ចាំ​មើល​ទៅ អ្នក​ដែល​យក​របស់​គេ ពូកែ​សម្ដែង​ជា​តួឯក​ណាស់ ដែល​កាន់​តែ​ធ្វើ​ឲ្យ​គេ​អាណិត​នាង​លើស​ដើម។

គេ​ថា មនុស្ស​ប្រុស​ក្បត់​ហើយ កុំ​អូស​ទាញ​ទៀត។ ត្រូវ! បើ​ជា​ខ្ញុំ ខ្ញុំ​មិន​អូស​ទាញ​ឡើយ តែ​សម្រាប់​អ្នក​ផ្សេង គេ​អាច​មាន​មួយ​លាន​ហេតុផល​ដើម្បី​អូសទាញ​គេ​មក​វិញ។ យើង​មិន​គួរ​វាយ​តម្លៃ​គេ​ឡើយ ព្រោះ​វា​ជា​សិទ្ធិ​របស់​គេ តែ​បើ​គេ​ជា​មិត្ត​យើង យើង​គួរ​ប្រាប់​ទៅ​វិញ​ថា ផ្លូវ​មួយ​នេះ គេ​ជា​អ្នក​រើស ដូច​នេះ បើ​ឈឺ​លើក​ទី​២​គឺ​មក​ពី​គេ​ល្ងង់​ដោយ​ខ្លួន​ឯង។

រូបតំណាង

ត្រូវ​គេ​ក្បត់​លើក​ទី​១ គឺ​ជា​កំហុស​របស់​គេ​ដែល​មាន​សណ្ដាន​មិន​ល្អ តែ​លើក​លែង​ឲ្យ​គេ ហើយ​ទ្រាំ​ឲ្យ​ក្បត់​បាន​ជា​លើក​ទី​២​គឺ​ជា​កំហុស​របស់​អ្នក​ទាំង​ស្រុង។ ចង់​ដើរ​ផ្លូវ​មួយ​ណា គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​អ្នក៕

ចុចអាន៖នៅ​ពេល​អស់​ចិត្ត គេ​នឹង​មាន​មួយ​លាន​ហេតុ​ផល​ដែល​ត្រូវ​ដើរ​ចេញ

ប្រភព៖ Guu

អត្ថបទពេញនិយម