គ្មានអ្នកណាកើតមកសមគ្នាទេ សួរថាយើងចេះសម្របតាមគ្នាឬអត់តែប៉ុណ្ណោះ
- 2019-03-11 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្មានអ្នកណាកើតមកសមគ្នាទេ សួរថាយើងចេះសម្របតាមគ្នាឬអត់តែប៉ុណ្ណោះ
ពេលខ្លះ ខ្លួនឯងមិនទាំងទាន់យល់ពីខ្លួនឯងស្រួលបួលផង ចុះហេតុអ្វីត្រូវចំណាយពេលរាប់ឆ្នាំ ដើម្បីស្វែងរកមនុស្សដែលស័ក្ដិសមនឹងខ្លួនទៅវិញ? មានសួរខ្លួនឯងថាចេះសម្រប ឬតាមចិត្តអ្នកដទៃខ្លះឬនៅ?
មូលហេតុដែលគេឧស្សាហ៍ឃើញជាងគេពេលស្នេហាមួយដើរដល់បញ្ចប់នោះគឺ “ពួកខ្ញុំអត់សមគ្នា”។ នៅពេលជម្លោះផ្ទុះចេញម្ដង ធ្វើឲ្យឈានដល់ការបែកគ្នា ភាគច្រើនគឺបណ្ដាលមកពីអំនួតធំៗពេករបស់ភាគីម្ខាងៗ។ អ្នកទាំងអស់គ្នាត្រូវដឹងថា ដើម្បីរកបានស្នេហាមួយនៅកណ្ដាលហ្វូងមនុស្សជិត៨ពាន់លាននាក់នេះគឺមិនងាយឡើយ។ តែបើថ្ងៃមួយ អ្នកទាំង២មានអារម្មណ៍ថាធុញ ហើយថាអត់សមគ្នា មិនព្រមសម្របសម្រួលគ្នានោះ បែកគ្នាគឺជារឿងយូរ និងឆាប់តែប៉ុណ្ណោះ។
នៅពេលដែលដាក់ចិត្តស្រលាញ់គ្នាហើយ គឺគ្មានឡើយពាក្យថា សមឬមិនសម ត្រូវសួរទៅវិញថា អាចសម្របតាមគ្នាបានឬអត់ទើបត្រូវ។ សម្របយ៉ាងម៉េចកុំឲ្យមើលទៅអយុត្តិធម៌ពេកគឺបាន ហើយនរណាក៏គេអាចទទួលយកគ្នាបាន។
ស្រលាញ់យូរខែឆ្នាំ ធ្វើម៉េចមិនដឹងថាគេល្អមិនល្អត្រឹមណានោះ តែអ្វីដែលសំខាន់នោះគឺដឹងឮហើយនៅ តែផ្ដល់មតិទៅមក ដើម្បីឲ្យគេបានកែតម្រូវទើបហៅថាស្នេហ៍ពិត។ មិនមែនឃើញទើសភ្នែកតែបន្តិច ហើយក៏ប្រកែកគ្នាផាំង ហើយដើរចេញពីគ្នានោះឡើយ នេះគេហៅថាស្នេហាបែបក្មេងបៀមដៃ។
មនុស្សជាច្រើនតែងរអ៊ូថា ហេតុអ្វីថាស្នេហាខ្លួនចេះតែមិនរលូន មានរឿងរកាំរកូសមិនឈប់ ហើយប្រៀបធៀបជាមួយស្នេហាអ្នកដទៃ ដែលមានតែភាពរលូន។ តាមការពិត ភាពរលូនដែលអ្នកឃើញនោះគ្រាន់តែជាផ្ទៃខាងក្រៅប៉ុណ្ណោះ នៅខាងក្នុងអ្នកមិនបានឃើញទេ។ មូលហេតុគឺមកពី មានរឿងអី គឺពួកគេពិគ្រោះគ្នា ដើម្បីរកដំណោះស្រាយដោយសន្តិវិធី ហើយមិនលក់មុខឲ្យអ្នកក្រៅឃើញតែប៉ុណ្ណោះ។
សរុបមកវិញ គ្មានគូស្នេហ៍ណាកើតមកគឺសមគ្នាទាំងអស់ឡើយ តែតាមពេលវេលា សួរថាអ្នកចង់សម្របតាមគ្នាឬអត់តែប៉ុណ្ណោះ៕
ចុចអាន៖មនុស្សប្រុសប៉ុន្មានប្រភេទនេះហាមស្រីៗយកខ្លួនក្បែរដាច់ខាត