ចង់​ស្រណុក​ខ្លួន និង​មាន​សុភមង្គល​ គួរ​តែ​កាត់​បន្ថយ​រឿង​អត់​ប្រយោជន៍​ទាំង​នេះ

  • 2019-02-21 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់គ្នា​តែងតែ​ប្រាថ្នា​ចង់​បាន​សុភមង្គល សេចក្ដីសុខ និង​ភាព​ស្រណុក​ធូរធារ ប៉ុន្តែ​ពេល​ខ្លះ​វា​គ្រាន់​តែ​ជា​ការ​ប្រាថ្នា​ដែល​គ្មាន​សកម្មភាព​អី​គាំទ្រ​នោះ​ទេ។ បើ​អ្នក​គ្រាន់​តែ​ចង់​បាន​បែប​នេះ ហើយ​នៅ​តែ​មាន​ទម្លាប់​ខ្ជះខ្ជាយ​ ឥត​ប្រយោជន៍​ទៀត នោះ​វា​គ្រាន់​តែ​ជា​សុបិន​មិន​អាច​ក្លាយ​ជា​ការ​ពិត​ឡើយ។

ខាង​ក្រោម​នេះ​ជា​រឿង​ដែល​អ្នក​គួរ​តែ​កាត់​បន្ថយ​ដើម្បី​ស្វែង​រក​សុភមង្គល និង​ភាព​សុខ​ស្រួល​ដល់​ខ្លួន៖

១. ចំណាយ​ពេល​ឥតប្រយោជន៍

មាន​មនុស្ស​ច្រើន​ណាស់​ដែល​បាន​ប្រើ​ពេល​ ២៤​ម៉ោង​ទាំង​គ្មាន​បាន​ការ​អី​សោះ ដោយ​គ្រាន់​តែ​ដេក ក្រោក​ញ៉ាំ​អី ផឹក​កា​ហ្វេ លេង​ហ្កេម ហើយ​ក៏​ដល់​ម៉ោង​ដេក​ទៅ​វិញ។ នេះ​ពិត​ជា​ខ្ជះខ្ជាយ​ពេក​ហើយ អ្នក​គួរ​តែ​រក​អ្វី​ដែល​មាន​ប្រយោជន៍​ធ្វើ​ ឬ​ក៏​ការងារ​ដែល​បន្ថែម​ចំណូល​ដល់​អ្នក​វិញ។ លើស​ពី​នេះ​ការ​ចំណាយ​ពេល​ដោយ​គ្មាន​ន័យ​បែប​នេះ​អាច​ឲ្យ​អ្នក​មាន​អារម្មណ៍​ធុញ​ថប់​នឹង​ជីវិត ដោយ​គិត​ថា​ជីវិត​គ្មាន​សេសសល់​អីសោះ។

២. ប្រៀបធៀប​ខ្លួន​ឯង​ទៅ​នឹង​គេ

មួយ​ថ្ងៃៗ​គ្មាន​គិត​អី​ក្រៅ​ពី​យក​ខ្លួន​ឯង​ទៅ​ប្រៀប​ជាមួយ​គេ រួច​ហើយ​មក​អង្គុយ​កើត​ទុក​មិន​សុខ​ចិត្ត ថា​ហេតុអី​គេ​ល្អ​ម្ល៉េះ? ម៉េច​ខ្លួន​ឯង​អន់​ម្ល៉េះ? បែប​នេះ​គឺ​អ្នក​មិន​ខុស​អី​ពី​យក​ភ្លើង​មក​ទុក​ក្នុង​ទ្រូង​ទេ ថ្ងៃ​ណា​ក៏​មិន​សប្បាយ​ចិត្ត​ដែរ។ លើស​ពី​នេះ​វា​មាន​តែ​ការ​អន់ថយ គ្មាន​ការ​រីកចម្រើន​ឡើយ ដូច្នេះ​អ្នក​គូរ​តែ​លះបង់​ចេញ ហើយ​ប្រឹង​អភិវឌ្ឍ​ខ្លួន​វិញ។

៣. ភាព​ខ្ជិល​ច្រអូស

ស្អី​ក៏​មិន​ចង់​ធ្វើ​ៗ ហើយ​តាំង​ស្រែក​ថា​ខំ​ដល់​ងាប់​ទៀត​ក៏​មិន​ដូច​គេ​ដែរ ប៉ុន្តែ​អ្នក​មិន​ដែល​គិត​ថា​ហេតុផល​ដែល​អ្នក​គ្មាន​ដូចគេ​នោះ មក​ពី​អ្នក​មិន​ប្រឹងប្រែង មិន​ឧស្សាហ៍​ដូច​គេ។ កុំ​ព្យាយាម​ឲ្យ​ភាព​ខ្ជិល​នោះ​មក​វាយ​លុក​ជីវិត​អ្នក ព្រោះ​អ្នក​នឹង​គ្មាន​សេចក្ដី​សុខ សុភមង្គល​បាន​ឡើយ។

៤. ក្រសោប​មនុស្ស​ខុស

មាន​មនុស្ស​មិន​តិច​ទេ​ដែល​ទ្រាំ​ឱប​ក្រសោប​មនុស្ស​ខុស ក៏​ព្រោះ​តែ​ចិត្ត​មិន​ដាច់ ឬ​ក៏​គ្មាន​ភាព​នឹងធឹង​ខ្លួន​ឯង។ មួយ​ថ្ងៃ​ក្ដី​ទុក្ខ​កើន​ឡើង​ជា​លំដាប់ ហើយ​តាំង​ថា​នេះ​ជា​វាសនា​ចារ​មក។ តែ​នេះ​មក​ពី​អ្នក​ជា​អ្នក​កំណត់​ជីវិត​អ្នក​បែប​ហ្នឹង បើ​អ្នក​ដឹង​ថា​គេ​ជា​មនុស្ស​មិន​ល្អ​ហើយ​គួរ​តែ​ចាកចេញ មិន​មែន​ទ្រាំ​ទឹកភ្នែក​ទឹក​សំបោរ​ទេ។

៥. មិន​ហ៊ាន ស្ទាក់ស្ទើរ

ការ​ដែល​មិន​ហ៊ាន​ និង​ស្ទាក់ស្ទើរ​គឺ​ជា​ចំណុច​ខ្សោយ​មួយ​ដែល​មិន​អាច​នាំ​អ្នក​ទៅ​រក​ភាព​ជោគជ័យ និង​មើល​ឃើញ​ពី​រសជាតិ​ជីវិត​នោះ​ទេ។ អ្នក​គួរ​តែ​បោះចោល​នូវ​ចំណុច​ខ្សោយ​នេះ ហើយ​រៀន​ធ្វើ​ខ្លួន​ឲ្យ​រឹង​មាំ​ និង​ប្រឡូក​អ្វី​ដែល​ថ្មី​ នោះ​ទើប​ជីវិត​មិន​ស៊ាំ​ដដែលៗ៕

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម