សកម្មភាព​ថ្ងៃ​ Orientation ជំនាន់​ទី​៣​នៃ​ក្លឹប B-YooH សម្រាប់​លើក​ទឹក​ចិត្ត និង​បង្កើន​សមត្ថភាព​ស្ត្រី​

  • 2019-02-18 05:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្លឹប​ BE YOUR OWN HEROត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​ស្រី គង់ សូរីតា សហគ្រិន​វ័យ​ក្មេង​ និង​គ្រប់​គ្រង​ក្រុមហ៊ុន​ជា​ច្រើន​នា​ពេល​បច្ចុប្បន្ន។ មិន​តែ​ប៉ុណ្ណោះ អ្នក​ស្រី​ជា​ស្រ្តី​ម្នាក់​មាន​ឥទ្ធិពល​បំផុត​ក្នុង​ការ​ធ្វើ​ជា​គំរូ​ដល់​ស្រី្ត​វ័យ​ក្មេង​ជំនាន់​ក្រោយៗ ព្រោះ​អ្នក​ស្រី​មាន​បទ​ពិសោធន៍ ក្នុង​ការងារ​ជា​សហគ្រិន និង​សង្គម​ជា​ច្រើន។

​BE YOUR OWN HEROត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០១៨ ក្នុង​គោល​បំណង​ធំ​បំផុត​គឺ​លើក​កម្ពស់​ភាព​ជា​ស្ត្រី លើក​ទឹក​ចិត្ត​ឲ្យ​ពួកគាត់​មាន​ភាព​ក្លាហាន ក្នុង​ការ​បញ្ចេញ​​សំឡេង​របស់​ស្ត្រី និង​ជា​ពិសេស​ស្ថាបនា​ពួក​គេ ​ឲ្យ​ក្លាយ​ជា​អ្នក​ដឹកនាំ​នៅ​កម្ពុជា​នា​ពេល​អនាគត។ លើស​ពី​នេះ​ ក្លឹប BE YOUR OWN HERO មាន​ទស្សនវិស័យ​អភិវឌ្ឍ​ ប្រែ​ក្លាយ​ក្មេង​ស្រី​ឲ្យ​ទៅ​ជា​បុគ្គល​ឆ្នើម ឬ​អ្នក​ដឹក​នាំ​នាពេល​អនាគត។ ​វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើ​ឡើង​ជា​រៀងរាល់​ជំនាន់​ដោយ​ឥត​គិត​ថ្លៃ​ឡើយ ក្នុង​មួយ​ជំនាន់​មាន​រយៈ​ពេល​បី​ខែ ។

BE YOUR OWN HERO បាន​រៀបចំ​សកម្មភាព​មួយ​ចំនួន ដើម្បី​សម្រេច​គោល​បំណង​របស់​ខ្លួន​គឺ៖

-លើក​កម្ពស់​សក្តានុពល​នៃ​ស្រ្តី​វ័យ​ក្មេង​ឲ្យ​ក្លាយ​ជា​ស្ត្រី​មាន​ភាព​ជា​មេ​ដឹកនាំ​នា​ពេល​អនាគត។

-ក្លឹប BE YOUR OWN HERO បាន​បង្កើន​ជំនាញ​ទាំង​ផ្នែក​ទន់ និង​ជំនាញ​ផ្នែក​រឹង ដល់​ពួកគេ​តាម​រយៈ​ការ​ចែករំលែក និង​រៀន​សូត្រ​ពី​គ្នា​រវាង​គ្រូ​បង្វឹក និង​សមាជិក។

-ក្លឹប BE YOUR OWN HERO នឹង​រៀបចំ​សិក្ខាសាលា វគ្គ​បណ្តុះបណ្តាល និង​សកម្មភាព​ផ្សេងៗ ដើម្បី​ដុស​ខាត់​ភាព​ខ្សោយ​របស់​ពួកគេ​ឲ្យ​ក្លាយ​ជា​ភាព​ឆ្នើម និង​ជំរុញ​ពួកគេ​ឲ្យ​កាន់​តែ​មាន ភាព​រីកចម្រើន​ទ្វេ​ឡើង។

សូម​បញ្ជាក់​ផង​​ដែរ​ថា៖ កាល​ពី​​ថ្ងៃ​ទី ១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ក្លឹប​ BE YOUR OWN HERO បាន​បើក​ថ្ងៃ Orientation Day របស់​ខ្លួន​ជំនាន់​ទី​បី​ដែល​មាន​ស្ត្រី​វ័យ​ក្មេង​ជាង​៦០​នាក់​ចូលរួម ដើម្បី​ស្វែង​យល់​ពី​ក្លឹប BE YOUR OWN HERO ឲ្យ​បាន​ស៊ី​ជម្រៅ​ និង​ឈាន​ទៅ​ដល់​ការ​ចូល​សម្ភាសន៍​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ខាង​មុខ​នេះ​ដើម្បី​បាន​ក្លាយ​ជា​សមាជិក​ជំនាន់​ទី​បី​នៃ BE YOUR OWN HERO៕

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម