មនុស្ស​ស្រីក្លាយ​ជា​រឹង​មាំ​ គឺ​មក​ពី​ភាព​ដាច់​ចិត្ត​របស់​មនុស្ស​ប្រុស

  • 2019-02-18 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​អ្នក​ណា​ស្រាប់​តែ​រឹង​មាំ​ឡើង​នោះ​ទេ មក​ពី​ឆ្លងកាត់​ភាព​ឈឺចាប់ ត្រូវ​បាន​គេ​ធ្វើ​អាក្រក់​ដាក់ ទើប​មនុស្ស​ស្រី​ងើប​ឈរ​ឡើង​ប្រឈម​មុខ​នឹង​ព្យុះភ្លៀង​ដោយ​ខ្លួន​ឯង។

គេ​ថា កាន់​តែ​ធំ មនុស្ស​ស្រី​កាន់​តែ​ចាស់​ទុំ តែ​តាម​ខ្ញុំ អាយុ​មិន​អាច​កំណត់​ភាព​ចាស់​ទុំ​បាន​ទេ។ ព្រោះ​អ្នក​ខ្លះ ចាស់​តែ​ខ្លួន​តែ​ចរិត​នៅ​តែ​ដូច​កូន​ក្មេង មិន​ចេះ​គិត​វែង​ឆ្ងាយ។ មាន​តែ​ការ​ឆ្លងកាត​ទុក្ខ​លំបាក ភាព​ឈឺចាប់​ទេ ទើប​មនុស្ស​ស្រី​រឹង​មាំ និង​ក្លាហាន​ពិត​ប្រាកដ។

មនុស្ស​ស្រី​កើត​មក អ្នក​ណា​ក៏​ប្រាថ្នា​ចង់​បាន​ស្នេហា​ដូច​ចិត្ត មាន​សុភមង្គល​កាន់​ដៃ​គ្នា​ដល់​ចាស់​សក់​ស្កូវ។ តែ​នៅ​ពេល​ដួល​ម្ដង​ហើយ ទើប​គេ​ដឹង​ថា ជីវិត​មិន​មាន​ពណ៌​ស៊ីជម្ពូ​ដូច​ដែល​គេ​បាន​គិត​នោះ​ទេ គឺ​មាន​ពណ៌​ច្រើន​ទៀត។ កុំ​គិត​ថា​មនុស្ស​ស្រី​ស្អាត​​ហើយ​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ឲ្យ​សោះ ព្រោះ​ចិត្ត​ដាច់​របស់​បុរស​មិន​លើក​លែង​អ្នក​ណា​ទាំង​អស់។ តែ​កុំ​បន្ទោស​គេ​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ ហើយ​ត្រូវ​អរគុណ​គេ​ដែល​ឲ្យ​យើង​ជួប​គេ។ អរគុណ​គេ​ដែល​បាន​បង្រៀន​យើង​​ឲ្យ​ស្គាល់​ថា​អ្វី​ជា​ការ​ឆោត​ល្ងង់។ នៅ​ពេល​នោះ អ្នក​នឹង​រឹង​មាំ​ដោយ​ឯកឯង មិន​ត្រូវ​ការ​ពឹង​ផ្អែក​លើ​អ្នក​ណា ហើយ​ពេល​នោះ អ្នក​ចាប់​ផ្ដើម​ស្រលាញ់​ខ្លួន​ឯង​ជាង​មុន ដោយ​មិន​ចាំ​បាច់​ទៅ​លន់​តួ​មនោសញ្ចេតនា​របស់​អ្នក​ដទៃ​។

គេ​ថា​​មនុស្ស​ស្រី​រឹង​មាំ​ដោយ​សារ​ចិត្ត​ដាច់​របស់​បុរស​គឺ​មិន​ខុស​មែន។ មនុស្ស​ប្រុស​កាន់​តែ​អាក្រក់ មនុស្ស​ស្រី​ក្រោយ​រង​ទុក្ខ​ហើយ កាន់​តែ​មោះមុត មាន​ឆន្ទៈ​ជាង​មុន គ្មាន​អ្វី​អាច​ផ្ដួល​បាន។ បុរស​ម្នាក់​ឆ្លង​កាត់​ជីវិត​អ្នក នឹង​បន្សល់​ឲ្យ​អ្នក​មេរៀន​មួយ។

ដូច​នេះ​ហើយ យើង​ត្រូវ​ចេះ​បម្លែង​ភាព​ឈឺចាប់​នោះ ទៅ​ជា​កម្លាំង​ដើម្បី​ការពារ​ខ្លួន​ឯង។ ហើយ​ចាប់​ពី​ពេល​នេះ​ទៅ កុំ​ស្រលាញ់​អ្នក​ណា​ជ្រុល​ពេក​ទៀត​ឲ្យ​សោះ។ កុំ​អនុញ្ញាត​ឲ្យ​គេ​មាន​សិទ្ធិ​ជិះជាន់​លើ​មនោសញ្ចេតនា​របស់​យើង។

យើង​អាច​កើត​មក​មិន​សូវ​ឆ្លាត មិន​សូវ​ពូកែ តែ​ក្រោយ​ការ​ដុះ​ខាត់ ជឿជាក់​ថា នឹង​ភ្លឺស្វាង​ជាង​មុន។ ម្ល៉េះ​ហើយ ទោះ​ឈឺ​ក៏​ត្រូវ​ក្រោយ​ឈរ​ហើយ​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា ឈឺ​ប៉ណ្ណឹង​មិន​ស្លាប់​ទេ ថែម​ទាំង​មាំមួន​ជាង​មុន​ទៀត​ផង៕

ចុចអានបន្ត៖ ៥ប្រយោគ​ចេញ​ពី​មាត់​មនុស្ស​ប្រុស​ មាន​ន័យ​ថា​គេ​ហត់នឿយ​ជាមួយ​អ្នក​ហើយ

ប្រភព៖ Guu ប្រែសម្រួល៖ Caramel