ក្រុមយុវជន​ជប៉ុន បាតុកម្ម លុប​បំបាត់​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់

  • 2019-02-13 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះបី​ជា​អាកាសធាតុ​របស់​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​កំពុង​តែ​ត្រជាក់​ដល់​កំពូល​ក៏​ដោយ ក៏នៅ​តែ​មិន​អាច​ហាម​ឃាត់​ឲ្យ​យុវជន​ជប៉ុន​ចេញ​មក​ក្រៅ​ដើម្បី​ធ្វើ​ការ​តវ៉ា​លុប​បំបាត់​បុណ្យនៃសេចក្ដី​ស្រលាញ់​បាន​ដែរ។

ចាប់​តាំង​ពី​ដើម​សប្ដាហ៍​នេះ​មក សមាជិក​ក្រុម Kakumeiteki Homote Domei (សមាគមន៍​បុរស​គ្មាន​ភាព​ទាក់ទាញ) បាន​ដើរ​បាតុកម្ម​នៅ​លើ​ផ្លូវ​ធំៗ ទីក្រុង​តូក្យូ​ដើម្បី​បដិសេធ​នឹង​ពិធី​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់ (Velentine’s Day)។ គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺ​ជា​ឆ្នាំ​ទី​១២​ហើយ ដែល​ក្រុម​មួយ​នេះ​ធ្វើ​ការ​បាតុកម្ម​ដូច​នេះ។

និយាយ​ពី​ការ​កើន​ឡើង​នៃ​មនុស្ស​ទិញ​សូកូឡា ជូន​ឲ្យ​ខ្លួន​ឯង ក្នុង​ថ្ងៃ​បុណ្យ​ខាង​លើ បុរស​ឈ្មោះ Akimoto មេក្រុម​ខាង​លើ បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​សមិទ្ធិផល​ច្បាស់​បំផុត​របស់​ក្រុម​ពួក​លោក។ “ពួក​យើង​ត្រូវ​លុប​ភាព​រ៉ូមេនទិក​ចោល! មិន​ត្រូវឲ្យ​ក្រុមហ៊ុន សូកូឡា​ពង្វក់​អ្នក​បាន​ឲ្យ​សោះ” ទាំង​នេះ​គឺ​ជា​អ្វី​ដែល​ពួក​គេ​សរសេរ​លើ​ប៉ាណូ​ហើយ​ដើរ​ពេញ​ផ្លូវ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រុម​បុរស​នេះ​ក៏​បដិសេធ ការ​បង្ហាញ​សកម្មភាព​មនោសញ្ចេតនា​នៅ​ទី​សាធារណៈ​របស់​គូស្នេហ៍​នានា​ផង​ដែរ៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម