មិនគួរប្រហែស បើឃើញសញ្ញា១០យ៉ាងនេះ ប្រែប្រួលលើរាងកាយរបស់អ្នក
- 2019-02-11 07:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគួរប្រហែស បើឃើញសញ្ញា១០យ៉ាងនេះ ប្រែប្រួលលើរាងកាយរបស់អ្នក
ពីមួយថ្ងៃទៅមួយថ្ងៃ រូបរាងកាយរបស់មនុស្សតែងមានការប្រែប្រួលបន្តិចម្តងៗ។ មានសញ្ញាមួយចំនួន បានកើតមាននៅលើដងខ្លួន ដែលអ្នកគិតថាមិនអី ប៉ុន្តែវាអាចបង្កទៅជាគ្រោះថ្នាក់ធំ បើអ្នកធ្វេសប្រហែសតែបន្តិច។ ដើម្បីការពារកុំឲ្យហួសពេលពិបាកព្យាបាល បើឃើញរាងកាយលេចចេញសញ្ញា១០យ៉ាងនេះ មិនត្រូវបណ្តែតបណ្តោយយូរ គួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ឲ្យបានទាន់ពេលវេលា។
១. មាត់ស្ងួតឬប្រេះខ្លាំង
ពេលស្បែកបបូរមាត់មានសភាពស្ងួតឬប្រេះខ្លាំង វាជាសញ្ញានៃអាឡែរហ្ស៊ី។ អ្នកត្រូវយកចិត្តទុកដាក់ពីផលិតផលគ្រឿងសម្អាងដែលកំពុងតែប្រើប្រាស់ របបអាហារ ឬការប្រើថ្នាំពេទ្យជាដើម។ មាត់ប្រេះបែកក្រហែង បញ្ជាក់ថា រាងកាយអ្នកខ្វះ វីតាមីនB A និងE។ បើអ្នកស្ងួតទាំងមាត់ ទាំងភ្នែក និងមានបញ្ហារំលាយអាហារ គួរទៅជួបវេជ្ជបណ្ឌិត ជាបន្ទាន់ ដើម្បីដឹងកាន់តែច្បាស់។
២. ជ្រុះរោមចិញ្ចើម
រោមចិញ្ចើមក្រាស់ មិនមែនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងអាចឆ្លុះបង្ហាញពីសុខភាពរបស់អ្នកផងដែរ។ នៅសុខៗស្រាប់តែរោមចិញ្ចើមប្រែទៅជាជ្រុះច្រើនខុសពីធម្មតា ក៏មិនត្រូវទុកបណ្តោយយូរដែរ។ អ្នកអាចនឹងលើសឬខ្វះកម្រិតដែលមាននៅក្នុងក្រពេញទីរ៉ូអ៊ីត។
៣. ក្រចកផុយឆាប់បាក់ ឬរសកដូចមុខរណា
អ្នកច្បាស់ជាដឹងហើយថា ក្រចកដែលរឹងមាំសុខភាពល្អ មានសភាពបែបណា។ បើក្រចករបស់អ្នក ផ្លាស់ប្តូរពណ៌ ឬរូបរាង មិនគួរប្រហែសដាច់ខាត។ ក្រចកស្តើងឆាប់បាក់ និងមានពណ៌ស្លេក មានន័យថា អ្នកអាចកើតជំងឺស្លេកស្លាំង ខ្វះជាតិដែក ហើយបើក្រចកលឿងវិញ មានន័យថា ថ្លើម ក្រពះ មានដំណើរមិនល្អ ឬឆ្លងរោគជាដើម។ ក្រចកដែលមានស្នាមអុជស ឬស្នាមឆ្នូត ជាសញ្ញាខ្វះជាតិស័ង្កសី ស្ពាន់ អ៊ីយ៉ូដ។ ចំណែកឯក្រចករសកដូចមុខរណា បញ្ជាក់ថា ខ្វះជាតិវីតាមីន កាល់ស្យូម ជាតិដែក និងបេតាការ៉ូទីន ក្នុងរាងកាយ។
៤. បបូរមាត់ស្លាំងនិងលេចចេញត្រេមាត់បែកស្វាយ
បើត្រេបបូរមាត់ខាងក្រោម ទៅជាហើម និងមានពងបែកតូចៗ គឺអ្នកអាចប្រតិកម្មជាមួយនឹង កាំរស្មី Ultraviolet ។ អ្វីដែលត្រូវធ្វើ គឺមិនគួរនៅក្រោមកម្តៅថ្ងៃយូរពេក និងលាបផលិតផលការពារកម្តៅថ្ងៃផង។ ជាពិសេស ត្រូវប្រុងប្រយ័ត្នជាមួយនឹង ការប្រើក្រែមលាបមាត់ និងថ្នាំដុសធ្មេញជាដើម។
៥. មុខក្រហម
មុខក្រហមអាចបណ្តាលមកពី បរិយាកាសប្រែប្រួល ការម៉ាស្សា និងការផឹកភេសជ្ជៈមានជាតិអាកុល។ យ៉ាងណាមិញ ចំពោះស្តី្រអាយុលើសពី៤០ឆ្នាំវិញ កម្រិតអ័រម៉ូនមានការថយចុះ ប្រឈមនឹងការអស់រដូវ ជាហេតុធ្វើហើយស្បែកមុខឡើងក្រហម។
៦. កែងជើងប្រេះ
កែងជើងស្ងួតប្រេះ បណ្តាលមកពីខ្វះវីតាមីនA និងE ។ វាក៏អាចបណ្តាលមកពីការឆ្លងមេរោគផ្សិតចូលទៅក្នុងក្រពេញផងដែរ។
៧. បាតដៃ ឬស្បែកលើដងខ្លួនស្ងួតប្រេះ
ពេលចូលដល់ខែរងា អ្នកតែងប្រើឡេផ្តល់សំណើម ខំផឹកទឹកច្រើន និងញ៉ាំអាហារដែលមានវីតាមីនច្រើន ដើម្បីការពារបញ្ហាស្ងួតប្រេះ តែបើព្យាយាមហើយ នៅមិនអាចទប់ស្កាត់បានទេ អ្នកគួរទៅជួបពេទ្យសើស្បែក ព្រោះស្បែកស្ងួតគ្មានសំណើម ក៏ជាសញ្ញាមួយនៃអ្នកកើតជំងឺទឹកនោមផ្អែម និងបញ្ហាផលិតអ័រម៉ូននៃក្រពេញទីរ៉ូអ៊ីត។
៨. ជើងប្រែទ្រង់ទ្រាយ
ឆ្អឹងជើងមានសភាពកោងទៅក្នុងជាងមុន ឬជើងប្រែប្រួលទ្រង់ទ្រាយ ភាគច្រើនកើតមានចំពោះស្រីៗ ដោយសារតែការពាក់ស្បែកជើងកែងខ្ពស់រាល់ថ្ងៃ ធ្វើឲ្យជើងមិនអាចឈរបានយូរ ឈឺចាប់ ខូចរូបរាងជាដើម។
៩. ស្នាមសនៅលើធ្មេញ
ស្នាមសដុំៗដែលលេចចេញនៅលើធ្មេញ បណ្តាលមកពី អ្នកផឹកទឹកដែលមានសារធាតុហ្វ្លូរីន (fluorine ) ច្រើនពេក។ អ្នកដែលមានស្នាមដូចក្នុងរូបនេះ យូរៗទៅអាចបំផ្លាញកោសិកាធ្មេញ និងធ្វើឲ្យធ្មេញឆាប់ពុក។
១០. ជ្រុះសក់ខ្លាំង
ជាមធ្យម សក់ជ្រុះប្រមាណ១០០សរសៃក្នុងមួយថ្ងៃ ប៉ុន្តែបើអ្នកសង្កេតឃើញថា សក់ជ្រុះខ្លាំងសឹងតែមួយក្តាប់ គួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ព្រោះជ្រុះសក់ខ្លាំងអាចកើតជំងឺផ្សេងៗដែលអ្នកមិនបានចាប់អារម្មណ៍។
****ហេតុនេះហើយ ត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា បើអ្នកមានសញ្ញាណាមួយក្នុងចំណោមសញ្ញាទាំង១០ដែលបានរៀបរាប់ខាងលើ សូមកុំបង្អែបង្អង់យូរឲ្យសោះ៕**
ចុចអានបន្ត៖ កំហុស ៦ យ៉ាង ដែលអ្នកធ្វើរាល់ថ្ងៃដូចកំពុងបំផ្លាញសក់ខ្លួនឯង