គំនិត​មាន​តម្លៃ​ពី​ភរិយា​​លោក​អូបាម៉ា​ផ្ដាំ​ផ្ញើ​នារីៗ​ដើម្បី​បាន​ជីវិត​គូ​យូរ​អង្វែង

  • 2019-02-01 04:52:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រៀបការ​តាំង​ពី​ឆ្នាំ​១៩៩២ ដោយ​ទទួល​បាន​ចំណង​ដៃ​កូន​ស្រី​២​នាក់ លោក​និង​អ្នក​ស្រី​អូបាម៉ា​នៅ​តែ​មាន​ភាព​​ផ្អែមល្ហែម ស្និទ្ធស្នាល​រហូត​ទទួល​បាន​ការ​​កោត​សរសើរ​ថា​ជា​ស្វាមី​ភរិយា​គំរូ​ដែល​តែង​តែ​បង្ហាញ​​ក្ដី​ស្រលាញ់​ចំពោះ​គ្នា​មិន​ថា​នៅ​ទី​សាធារណៈ​ ឬ​កន្លែង​ណា​ឡើយ។

ក្រៅ​ពី​ទទួល​បាន​ងារ​ជា​ស្ត្រី​ទី​មួយ​ អ្នក​ស្រី Michelle Obama ​​ក៏​ជា​និមិត្តរូប​សម្រាប់​នារីៗ​ជា​ច្រើន​លើ​សាកល​លោក​ផង​ដែរ។ អ្នក​ស្រី​បាន​ធ្វើ​ការងារ​សង្គម​ជា​ច្រើន ដូច​ជា​ការ​លើក​ស្ទួយ​វិស័យ​អប់​រំ ភាព​ក្រីក្រ ​អាហារូបត្ថម្ភ សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត និង​​ការ​ញ៉ាំ​អាហារ​ដែល​មាន​ប្រយោជន៍​ជា​ដើម។ ​ថ្ងៃ​នេះ យើង​នឹង​ងាក​មក​មើល​លើ​រឿង​ឯកជន​របស់​គូ​ស្វាមី​ភរិយា​គំរូ​មួយ​គូ​នេះ ដោយ​អ្នក​ស្រី​អូបាម៉ា​បាន​ចែក​រំលែក​គំនិត​មាន​តម្លៃ​មួយ​ចំនួន​សម្រាប់​នារីៗ​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ឱ្យ​ជីវិត​គូ​ស្ថិតស្ថេរ​បាន​យូរ។

១-ចំណង​អាពាហ៍ពិពាហ៍​នឹង​មិន​អាច​គង់វង្ស​បាន​ទេ បើ​មាន​ម្នាក់​ខំ​ប្រឹង​សាង ឯ​ម្នាក់​ទៀត​ខំ​ប្រឹង​​បំផ្លាញ​នោះ។ ត្រូវ​ចាំ​ថា ​​ចង់​រក្សា​ចំណង​អាពាហ៍ពិពាហ៍​គឺ​ទាល់​តែ​​​ប្រឹង​សង់​វា​ឱ្យ​រឹង​មាំ​ទាំង​ពីរ​នាក់​តែ​ម្ដង។

២-មិត្តភ័ក្ដិ​គឺ​ជា​មនុស្ស​ដែល​អាច​មាន​ឥទ្ធិពល​លើ​ស្នេហា​របស់​អ្នក។ ពួក​គេ​អាច​ជា​អ្នក​ដែល​ជួយ​ឱ្យ​ជីវិត​គូ​របស់​អ្នក​បាន​រឹង​មាំ ក៏​អាច​ជា​មនុស្ស​ដែល​ធ្វើ​ឱ្យ​ស្នេហា​របស់​អ្នក​រលាយ​បាន​ដែរ។ ដូច្នេះ​គួរ​ជ្រើស​រើស​រាប់​អាន​មិត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ។

៣-ជីវិត​អាពាហ៍ពិពាហ៍​មួយ​ជោគជ័យ​ មិន​មែន​ទាល់​តែ​ការ​ហើយ​មាន​ផ្ទះ​ធំ ទ្រនំ​ខ្ពស់ មាន​​លុយ​ចាយ​រាប់​លាន ​មាន​ឡាន​ជិះ​ហ៊ឺហា ឬ​រៀប​ការ​នៅ​អាយុ​​ក្មេង​នោះ​ទេ។ របស់​ទាំង​នេះ​អាច​រក​បាន​នៅ​ពេល​ក្រោយ តែ​បើ​ស្នេហា​របស់​អ្នក​បែក​បាក់​ហើយ អ្វី​ៗ​អស់​ទាំង​នេះ​ក៏​លែង​មាន​តម្លៃ​ដែរ។ ជីវិត​គូ​ស្រករ​ដែល​ហៅ​ថា​ "ជោគ​ជ័យ" គឺ​​ទាមទារ​ឱ្យ​មាន​ភាព​ស្មោះត្រង់ ការ​តាំង​ចិត្ត​ដើរ​ជាមួយ​គ្នា​លើ​ផ្លូវ​ដ៏​យូរ​អង្វែង និង​គ្មាន​ភាព​អាត្មានិយម។

៤-ពាក្យ​ពេចន៍​ទៅ​កាន់​បុរស​ទាំង​ឡាយ៖ "ប្រុស​ណា​ក៏​ស្រលាញ់​ស្រី​ស្អាត​ដែរ ប៉ុន្តែ​មាន​តែ​បុរស​ពិត​ប្រាកដ​ទេ​ដែល​អាច​ធ្វើ​ឱ្យ​ប្រពន្ធ​របស់​ខ្លួន​ស្អាត និង​ឱ្យ​គេ​សរសើរ​នាង​បាន។" ត្រូវ​ចាំ​ថា ផ្កា​អាច​រីក​ស្រស់​ស្អាត​បាន​ទាល់​តែ​មាន​ការ​ស្រោច​ជ្រំ​ដី​ដាក់​ជី​ជា​ប្រចាំ មិន​មែន​អង្គុយ​មើល​ផ្កា​រាល់​ថ្ងៃ ហើយ​រំពឹង​ឱ្យ​វា​រីក​ស្អាត​រហូត​នោះ​ទេ។ គ្មាន​អ្វី​ស្ថិត​ស្ថេរ​ឡើយ​នៅ​លើ​លោក​នេះ វា​ត្រូវ​ការ​ពេល​វេលា​និង​ការ​យក​ចិត្ត​ទុក​ដាក់​ទើប​អ្វី​ៗ​អាច​ល្អ​ដូច​ដែល​អ្នក​ចង់​បាន។

៥-ទង្វើ​របស់​អ្នក​ទាំង​ពីរ​គឺ​ជា​រូបភាព​ដែល​ដក់​ជាប់​ក្នុង​ខួរ​ក្បាល​កូនៗ។ អ្វី​ៗ​ដែល​អ្នក​ធ្វើ​នៅ​ពេល​នេះ ពួក​គេ​នឹង​ចាំ​ជាប់ ហើយ​កំណត់​ទស្សនៈ​របស់​ពួក​គេ​ក្នុង​រឿង​ស្នេហា និង​ការ​តាំង​ចិត្ត​លើ​អនាគត​ជីវិត​គូ​របស់​ពួក​គេ​ដែរ។ ឧទាហរណ៍ បើ​គេ​មាន​ឪពុក​ម្ដាយ​ដែល​តែង​បង្ហាញ​ក្ដី​ស្រលាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក គ្មាន​អំពើ​ហិង្សា ពេល​ធំ​ឡើង​ពួក​គេ​ក៏​នឹង​ធ្វើ​ខ្លួន​ឱ្យ​ដូច​ប៉ា​ម៉ាក់​គេ​ដែរ។

៦-គ្មាន​អ្វី​ដែល​អាច​លង​បន្លាច​ចិត្ត​ប្រពន្ធ​ គួរ​ឱ្យ​ខ្លាច​ជាង​ការ​ដែល​មាន​គំនិត ឬ​ចិត្ត​សង្ស័យ​ថា ស្រី​ម្នាក់​ផ្សេង​ទៀត​អាច​ទទួល​បាន​តំណែង​មួយ​ក្នុង​ចិត្ត​ស្វាមី​របស់​ខ្លួន។ ដូច្នេះ​សូម​ស្វាមី​ទាំង​ឡាយ​កុំ​ធ្វើ​អ្វី​ឱ្យ​ប្រពន្ធ​កើត​ចិត្ត​សង្ស័យ ឬ​ភ័យ​ខ្លាច​បែប​នេះ ព្រោះ​មិន​យូរ​មិន​ឆាប់​វា​នឹង​អាច​បំផ្លាញ​ស្នេហា​របស់​អ្នក​នៅ​ថ្ងៃ​ណា​មួយ​ដោយ​មិន​ដឹង​ខ្លួន៕

ចុចអាន៖ ល្អ​មែន​ទែន! ១២​​ឃ្លា​ទុក​​ប្រដៅ​កូន​ចៅ​​របស់​ភរិយា​ប្រធានាធិបតី​ចិន (​ពិសេស​ចំណុច​ទី​៧)

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម