ការ​បិទ​ធ្មេញ​ឱ្យ​ស​២​ប្រភេទ​ដែល​អ្នក​គួរ​ដឹង មុន​សម្រេច​ចិត្ត​ទៅ​ធ្វើ ទើប​មិន​ស្ដាយ​ក្រោយ

  • 2019-01-29 02:47:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្មេញ​ និង​ស្នាម​ញញឹម​គឺ​ជា​សម្រស់​ដែល​គួរ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​បំផុត​របស់​មនុស្ស។ បើ​ធ្មេញ​ស្អាត អ្នក​អាច​សើច ឬ​ញញឹម និង​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​អ្នក​ដទៃ​បាន​ដោយ​មាន​ទំនុក​ចិត្ត តែ​បើ​ធ្មេញ​មិន​ស្អាត ឬ​ពណ៌​លឿង នោះ​ការ​ទាក់​ទង​ក៏​ពិបាក​ទៅ​តាម​នោះ​ដែរ។ បច្ចុប្បន្ន​ មាន​​បច្ចេកវិទ្យា​ទំនើបៗ​ក្នុង​ការ​ធ្វើ​ឱ្យ​ធ្មេញ​សដែល​ងាយ​ស្រួល និង​ចំណាយ​ពេល​ឆាប់ តែ​ទទួល​បាន​លទ្ធផល​គាប់​ចិត្ត។

​ពាក់ព័ន្ធ​នឹង​​ភាព​ពេញ​និយម​នៃ​ការ​បិទ​ធ្មេញ​ឱ្យ​ស​នេះ វេជ្ជបណ្ឌិត ជាង ម៉េងជូ ដែលជា​ទន្តបណ្ឌិតឯកទេសព្យាបាលទូទៅ នៅ​មន្ទីរព្យាបាលធ្មេញបស្ចឹមបាន​ឱ្យ​កញ្ញា​ដឹង​ថា "ការ​បិទ​ធ្មេញ​ឱ្យ​ស ឬពាក្យ​បច្ចេកទេស​ទន្តសាស្ត្រ​ហៅ​ថា ដេន​ថល​វើ​នៀ (Dental Veneer)​ គឺ​ជា​បន្ទះ​ស្ដើង​ដែល​គេ​បិទ​ផ្ទាល់​ជាប់​ទៅ​នឹង​ផ្ទៃ​ខាង​មុខ​ធ្មេញ​ដើម្បី​បង្កើត​ភាព​ស្រស់​ស្អាត ហើយវើនៀ​​នេះ​គឺ​ជា​​ដំណោះស្រាយ​ល្អ​បំផុត​​សម្រាប់​ធ្មេញ​ដែល​ត្រូវ​ការ​កែ​តម្រូវ​តិច​តួច។"

វេជ្ជបណ្ឌិត ជាង ម៉េងជូ

អ្នក​ស្រី​ទន្ត​បណ្ឌិត​បាន​ឱ្យ​ដឹង​បន្ថែម​ថា គោល​បំណង​របស់​វើ​នៀ គឺ​ធ្វើ​ឱ្យ​ស្នាម​ញញឹម​របស់​អ្នក​ស្រស់​ស្អាត​តាម​រយៈ​ការ​ជួសជុល​ធ្មេញ​ដែល​មាន​បញ្ហា​ដូចជា ស្នាម​ប្រឡាក់ ធ្មេញ​ឆែប ធ្មេញ​បាក់ ធ្មេញ​មិន​សូវ​ត្រង់ ឬ​ដើម្បី​បំពេញ​ចន្លោះ​ធ្មេញ​ពីរ​ដែល​មាន​គម្លាត (Ugly duckling space)។

ជា​ទូទៅ វើនៀ​មាន​ពីរ​ប្រភេទ គឺ កំប៉ូស៊ីត​វើនៀ (Composite Veneer) និងប៉ូសឺឡែន​វើនៀ (Porcelain Veneer)។ យើង​នឹង​មក​ដឹង​ពី​លក្ខណៈ​នៃ​វើនៀទាំង​ពីរ​ប្រភេទ​ដូច​ដែល​​អ្នក​ស្រី​ទន្តបណ្ឌិត​បង្ហាញ​នៅ​ខាង​ក្រោម៖

១. កំប៉ូស៊ីត​វើនៀ (Composite Veneer)

វា​​ត្រូវ​បាន​ផលិត​ភ្លាម​ៗ​ដោយ​ទន្ដបណ្ឌិត​សម្រាប់​បិទ​ផ្ទាល់​ធ្មេញ។ ករណី​នេះ​អ្នក​ជំងឺ​គ្រាន់​តែ​មក​ម្ដង​ជា​ការ​ស្រេច និង​ត្រលប់​ទៅ​វិញ​ជាមួយ​​ស្នាម​ញញឹម​គួរ​ជា​ទី​ពេញ​ចិត្ដ។ យ៉ាង​ណា​មិញ Composite Veneer ក៏​មាន​ចំណុច​​អវិជ្ជមាន​ផង​ដែរ។ ទោះ​វា​មាន​​តម្លៃ​ថោក តែ​វា​ងាយ​សឹក ងាយ​បែក ងាយ​ប្ដូរ​ពណ៌ ងាយ​ជាប់​ពណ៌​ពី​ចំណី​អាហារ​ ទាម​ទារ​ការ​ប៉ូលា​ឱ្យ​បាន​ញឹក​ញាប់ ហើយ​អាច​ប្រើ​បាន​តែ ៤-៦ ឆ្នាំ​ប៉ុណ្ណោះ។

ការ​ប្រើ​ Composite Veneer នេះ​ បើ​សិន​​ថែ​រក្សា​ពុំ​បាន​ល្អទេ​ រយៈ​ពេល​ប្រើ​នឹង​កាត់​បន្ថយ ហើយ​វា​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ក្លិន​មាត់ រលោក​អញ្ចាញ ឬ​ហើម​អញ្ចាញ​ធ្មេញ។ សំខាន់​ជាង​នេះ​ទៅ​ទៀត ​បើ​ការ​បិទ​ធ្មេញ​ដោយ​ប្រើ​ ​Composite ​ធ្វើ​ឡើង​មិន​ត្រឹម​ត្រូវ​តាម​បច្ចេកទេស​ដោយ​ពុំ​បាន​ឆាប​ធ្មេញ​បិទ​លើ​អញ្ចាញ​ធ្មេញ​នោះ នឹង​ធ្វើ​ឱ្យ​មាន​កំណក​កំបោរ​​នៅ​មុខ​តំណ​ធ្មេញ​បិទ សណ្ដក​ឆ្អឹង ពុក​ធ្មេញ និង​ពុក​ឫស​ធ្មេញ​ផង​ដែរ។

២​. ប៉ូសឺ​ឡែន​វើនៀ (Porcelain Veneer)

វា​មាន​គោលដៅ​ធ្វើ​ឱ្យ​ស្នាម​ញញឹម​ស្រស់​ស្អាត​គួរ​ជា​ទី​ពេញ​ចិត្ត​ដូច​ Composite ដែរ​ តែ​អ្វី​ដែល​ខុស​គ្នា​នោះ​គឺ Porcelain Veneer ​ត្រូវ​បាន​ផលិត​ដោយ​មន្ទីរ​ពិសោធន៍​ផលិត​គ្រាប់​ធ្មេញ​ត្រឹម​ត្រូវ ​ហើយ​អ្នក​ជំងឺ​ត្រូវ​​ចំណាយ​ពេល​មក​ពីរ​ដង​តាម​ការ​ណាត់​របស់​ទន្ដ​បណ្ឌិត។

​ទោះ​បី​ Porcelain Veneer ​មាន​តម្លៃ​លើស​​ Composite Veneer ​តែ​វា​ស្អាត​ដូច​ធ្មេញ​ធម្មជាតិ គុណភាព​ខ្ពស់ រឹង​មាំ​ខ្លាំង មិន​ងាយ​បែក មិន​ងាយ​សឹក មិន​ប្ដូរ​ពណ៌​ និង​ប្រើ​បាន​យូរ​រហូត​ដល់​ ១០ ​ឆ្នាំ ​បើ​ប្រើ​បាន​ល្អ និង​ធ្វើ​ឡើង​តាម​បច្ចេកទេស​ត្រឹមត្រូវ។

​ចុង​ក្រោយ វេជ្ជបណ្ឌិត ជាង ម៉េងជូ បាន​ផ្ដាំ​ផ្ញើចំពោះ​អ្នក​មាន​បញ្ហា​សង្កៀត​ធ្មេញ​ថា​ឱ្យ​ចាំបាច់​ត្រូវ​ប្រើ ​ឬ​ពាក់​ប្រដាប់​ការ​ពារ​ធ្មេញ​ដែល​ហៅ​ថា Night Guard ​ទោះ​បី​ជា​អ្នក​ប្រើ​ Composite ឬ​ Porcelain Veneer ក៏​ដោយ៕

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម