មាន​តែ​អ្នក​អត់​គូ​ទេ ទើប​យល់​ពី​ទុក្ខ​សោក​ទាំង​នេះ ពេល​ខែ​ការ​មក​ដល់​ម្ដង​ៗ

  • 2019-01-23 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅ​ពី​ត្រូវ​អស់​លុយ​ហើយ ចុង​ខែ​ត្រូវ​ហូប​មី​នោះ ក្រុម​អ្នក​អត់​ទាន់​មាន​គូ​ទាំង​អស់​នៅ​មានភាព​ភ័យ​ខ្លាច​ជា​ច្រើន​ទៀត​រាល់​រដូវ​ការ​ចូល​មក​ម្ដង​ៗ។ អាច​និយាយ​បាន​ថា អំឡុង​ពេល​ចុង​ឆ្នាំ និង​ដើម​ឆ្នាំ​ដូច​នេះ គឺ​ពេញ​រដូវ​ការ​តែ​ម្ដង ដោយ​មិត្តភ័ក្ដិ​ជិត​ស្និទ្ធិ​ មិត្តភ័ក្ដិ​យូរ​ឆ្នាំ សាច់​ញាតិ​ជិត​ឆ្ងាយ​សុទ្ធ​តែ​ដឹក​ដៃ​នាំ​គ្នា​ចូល​រោងការ​ឲ្យ​រញ៉ៃ។ ប៉ុន្តែ​ពួក​គេ​មិន​ដឹង​ទេ​ថា ឲ្យ​តែ​ខែ​ការ​មក​ដល់​ ក្រុម​អ្នក​អត់​គូ​តែង​ភ័យ​ខ្លាច​ជា​និច្ច។ ខាង​ក្រោម​នេះ​គឺ​ជា​ទុក្ខ​លំបាក​​របស់​អ្នក​មិន​ទាន់​មាន​សង្សារ តែ​ត្រូវ​គេ​ហៅ​ការ​រហូត។

១. ដាច់​បាយ​ចុង​ខែ

សម្រាប់​អ្នក​ប្រាក់​ខែ​ច្រើន​មិន​ថា​អី​ទេ តែ​សម្រាប់​អ្នក​ដែល​រក​បាន​ត្រឹម​មួយ​រស់​ៗ​នោះ ប្រាកដ​ជា​ដាច់​បាយ​មិន​ខាន ប្រសិន​បើ​ញ៉ាំ​ការ​លើស​ពី ៣ ដង​ក្នុង ១ ខែ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ តម្លៃ​ចង​ដៃ​គឺ​អាស្រ័យ​លើ​កន្លែង​ការ​ទៀត។ ឧទាហរណ៍​ការ​នៅ​ផ្ទះ អាច​សេសសល់​បាន​ខ្លះ បើ​ការ​ហាង​ធំ​ៗ យើង​ចង​តិច​វា​អាក្រក់​មើល ដូច​នេះ​ត្រូវ​ចង​ច្រើន​បន្តិច។ ដល់​ចុង​ខែ ប្រាកដ​ជា​មាន​មី​កំដរ​យ៉ាង​ហោច​ណាស់​ក៏ ១ សប្ដាហ៍​ដែរ។

២. លុយ​ធ្វើ​ខ្លួន​ច្រើន​ជាង​លុយ​ចង​ដៃ​ទៀត

បើ​ជា​មនុស្ស​ប្រុស​នៅ​រាង​គ្រាន់​បើ​បន្តិច ដោយ​គ្រាន់​តែ​អស់​លុយ​ទិញ​ខោអាវ​ថ្មី ឬ​ស្លៀក​ខោអាវ​មានស្រាប់​ក៏​បាន​ឲ្យ​តែ​សមរម្យ។ បើ​មនុស្ស​ស្រី​វិញ ត្រូវ​ទិញ​ខោអាវ​ថ្មី ហើយ​អ្វី​ដែល​ចុះ​ជាង​គេ​នោះ​គឺ ធ្វើ​សក់​ផាត់​មុខ​តែ​ម្ដង។ បើ​ធ្វើ​នៅ​ហាង​មិន​សូវ​ជំនាញ​តម្លៃ​ថោក មក​ពី​ការ​វិញ​ប្រាកដ​ជា​រោល​មុខ​ដោយ​គ្រឿង​សំអាង​មិន​ត្រូវ តែ​បើ​ចូល​ហាង​ធំ​វិញ អាច​អស់​លុយ​ច្រើន​ជាង​លុយ​ចង​ការ​គេ​ទៀត។

៣. ចង់​កើត​ជំងឺ​បាក់​ទឹក​ចិត្ត ព្រោះ​ត្រូវ​គេ​សួរ​ថា​ពេល​ណា​បាន​ការ

រាល់​ពេល​សាច់ញាតិ​ការ​ម្ដង​ៗ គឺ​ជា​ពេល​ដែល​ក្រុម​គ្រួសារ​ជួប​ជុំ​គ្នា ហើយ​ក៏​ជា​វេទនា​បំផុត​សម្រាប់​អ្នក​អត់​គូ​ដែរ នៅ​ពេល​ត្រូវ​គេ​ជីក​សួរ​ថា​ពេល​ណា​បាន​ការ​បើ​ចាស់​ហើយ​ហ្នឹង? ចង់​ប្រាប់​ពួក​គាត់​ថា ឲ្យ​ការ​យ៉ាង​ម៉េច បើ​សង្សារ​មិន​ទាន់​មាន​ផង​ហ្នឹង តើ​ការ​ជាមួយ​អ្នក​ណា?

៤. មាន​អារម្មណ៍​ថា​​ឯកា​ពេល​មក​ផ្ទះ​វិញ

ក្រោយ​ជប់លៀង​សើច​សប្បាយ​ជាមួយ​ក្រុម​មិត្ត​ភ័ក្ដិ គឺ​ជា​អារម្មណ៍​​ឯកា​នៅ​ពេល​ត្រលប់​ទៅ​ផ្ទះ​វិញ ព្រោះ​ពេល​នេះ​មិត្តភ័ក្ដិ​គ្រប់​គ្នា​មាន​គូ​អស់​ហើយ ហើយ​មិន​យូរ​ប៉ុន្មាន​ពួក​គេ​នឹង​មាន​កូន គ្មាន​ពេល​ដើរ​លេង​ជាមួយ​យើង​ទៀត​ឡើយ។ នៅ​តែ​ខ្លួន​យើង​ប៉ុណ្ណោះ ដែល​នៅ​តែ​ទៅ​ណា​មក​ណា​តែ​ឯង​ៗ៕

ចុចអាន៖មនុស្ស​ប្រុស​យក​មនុស្ស​ស្រី​មក​លេង​សើច តើ​យុវភាព​របស់​នាង​អ្នក​ណា​អ្នក​សង?

ប្រភព៖ Spiceee អត្ថបទ៖Caramel