៦​សញ្ញា​បង្ហាញ​ថា អ្នក​ស៊ាំ​នឹង​ភាព​នៅ​លីវ​មែន​ទែន​ហើយ

  • 2019-01-21 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាយុ​មិន​មែន​ជា​តួលេខ​សម្រាប់​កំណត់​​ជីវិត​មនុស្ស​ពិត​ប្រាកដ​នោះ​ទេ។ មិន​ប្រាកដ​ថា​ អាយុ​ប៉ុណ្ណា​ដឹង​តែ​ត្រូវ​រៀបការ មាន​ប្ដី​ប្រពន្ធ បង្កើត​កូន​ចៅ​នោះ​ដែរ។ ដូច​មនុស្ស​មួយ​ចំនួន​អាយុ​ច្រើន​ហើយ​ក៏​នៅ​មិន​ទាន់​មាន​គូ​ស្រករ នេះ​មិន​មែន​បាន​ន័យ​ថា​គ្មាន​អ្នក​ណា​ស្រលាញ់​ទេ តែ​អាច​មក​ពី​ពួក​គេ​រីករាយ និង​ស៊ាំ​នឹង​ជីវិត​នៅ​លីវ​របស់​ពួក​គេ​ទៅ​វិញ។

ខាង​ក្រោម​នេះ​គឺ​ជា​សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា អ្នក​កំពុង​សប្បាយ​នឹង​ភាព​នៅ​លីវ​ដូច​រាល់​ថ្ងៃ មិន​បាច់​យក​ស្នេហា​មក​លូក​ឡំ​ក្នុង​ជីវិត​ទេ។

១. អ្នក​មិន​ដែល​ខ្វល់​ថា​ត្រូវ​ធ្វើ​ខ្លួន​ឱ្យ​ទាក់​ទាញ​អ្នក​ណា ពេល​ចេញ​ទៅ​ក្រៅ​ម្ដងៗ​ឡើយ

ការ​ចេញ​ទៅ​ក្រៅ​ជាមួយ​មិត្តភ័ក្ដិ​មិន​មែន​ជា​ប្រធានបទ​ដើម្បី​បង្កើត​ឱកាស​ឱ្យ​អ្នក​ណា​ចាប់​អារម្មណ៍​អ្នក​ឡើយ។ មិន​ថា​ទៅ​ទី​ណា​ទេ អ្នក​តែង​ធ្វើ​ខ្លួន​តាម​បែប​ដែល​ខ្លួន​ឯង​គិត​ថា​មាន​ផាសុកភាព​ ទោះ​មិន​ Makeup ឬ​ស្លៀក​ពាក់​សិច​ស៊ី​ក៏​ដោយ ឱ្យ​តែ​បាន​សប្បាយ​ជាមួយ​មិត្តភ័ក្ដិ​ទើប​ជា​រឿង​សំខាន់។

២. ទោះ​ទៅ​ណា​ជាមួយ​អ្នក​មាន​គូ ក៏​អត់​បញ្ហា

ពេល​អ្នក​គិត​ថា រឿង​គូ​ស្រករ​មិន​មែន​ជា​រឿង​សំខាន់​ ទោះ​ត្រូវ​ទៅ​ណា​ជាមួយ​មិត្តភ័ក្ដិ​ដែល​មាន​គូ​​ហើយ ក៏​អ្នក​មិន​មាន​អារម្មណ៍​ថា​ច្រណែន ឬ​បន្ទោស​ខ្លួន​ឯង​ដែល​មិន​ទាន់​មាន​គូ​នឹង​គេ​ដែរ។ ពោល​គឺ​អ្នក​អាច​ធ្វើ​ខ្លួន​ឱ្យ​សប្បាយ​ជាមួយ​ពួក​គេ​ដោយ​ពិត​ប្រាកដ មិន​មែន​សើច​តែ​មាត់ តែ​ចិត្ត​ឈឺ​ចាប់​នោះ​ទេ។

៣. អ្នក​សប្បាយ​ចិត្ត ពេល​ឃើញ​ពួក​ម៉ាក​មាន​សង្សារ ឬ​រៀបការ

រូបតំណាង

បើ​​​​នៅ​មាន​កូន​ចិត្ត​គិត​រឿង​អនាគត រឿង​ប្ដី​ប្រពន្ធ អ្នក​ប្រហែល​មាន​អារម្មណ៍​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ ពេល​ឃើញ​ពួក​ម៉ាក​មាន​សង្សារ​​ ឬ​រៀបការ​មុន​អ្នក​នោះ។ ប៉ុន្តែ​បើ​អ្នក​ដឹង​ខ្លួន​ថា អ្នក​ចេះ​រីករាយ​នឹង​ឃើញ​គេ​មាន​សុភមង្គល បាន​ន័យ​ថា​ អ្នក​កំពុង​ពេញ​​ចិត្ត​នឹង​ជីវិត​រាល់​ថ្ងៃ​របស់​អ្នក​ហើយ។

៤. អ្នក​មិន​ដែល​ចាត់​ទុក​បុរស​ណា​ដែល​អ្នក​បាន​ជួប​ថា​នឹង​ក្លាយ​ជា​សង្សារ​ទេ

​ត្រូវ​អត់? មនុស្ស​ស្រី​ភាគ​ច្រើន​តែង​ស្រមៃ​ថា​បុរស​ដែល​ខ្លួន​កំពុង​ជួប ឬ​នៅ​ចំពោះ​មុខ​នេះ​​បើ​អាច​ក្លាយ​ជា​សង្សារ មិន​ដឹង​សប្បាយ​ចិត្ត​យ៉ាង​ណា​ទេ។ ប៉ុន្តែ​មាន​មនុស្ស​ស្រី​មួយ​ចំនួន​ទៀត​ដែល​មិន​ដែល​យក​ខួរ​ក្បាល​ទៅ​គិត​រឿង​ហ្នឹង​សោះ ទោះ​សង្ហា​យ៉ាង​ណា​ក៏​តាម​តែ​គេ​ចុះ។ នេះ​មក​ពី​នាង​នៅ​លីវ​យូរ​ពេក​ រហូត​ដល់​មាន​អារម្មណ៍ថា រស់​នៅ​បែប​នេះ​ប្រសើរ និង​រីករាយ​ជាង។

៥. អ្នក​មាន​អារម្មណ៍​ថា ជីវិត​រាល់​ថ្ងៃ​នេះ​មាន​សេរីភាព​ពេញ​ទំហឹង

​ថ្ងៃ​សម្រាក ​ថ្ងៃ​ធ្វើការ ​ទៅ​ណា​មក​​ណា​មិន​បាច់​ត្រូវ​រាយការណ៍​អ្នក​ណា​ឡើយ។ ជីវិត​បែប​នេះ​ពិត​ជា​ស្រស់​ស្រាយ​បំផុត​ហើយ។ ទោះ​ចង់​នៅ​ផ្ទះ​ដេក​អាន​សៀវភៅ ស្ដាប់​ចម្រៀង​ក៏បាន រាំ​រឡូរឡា​ក៏​បាន ឬ​ធ្វើ​អ្វី​ក៏​បាន​ទាំង​អស់។ និយាយ​រួម​ អ្នក​មាន​អារម្មណ៍​ថា ពេល​វេលា​២៤​ម៉ោង​របស់​អ្នក​ គឺ​អ្នក​គឺ​ជា​អ្នក​គ្រប់​គ្រង​វា មិន​បាច់​បែង​ចែក​ឱ្យ​អ្នក​ណា​ឡើយ។

៦. អ្នក​លែង​ឈឺ​ចាប់ ឬ​ឈឺ​ក្បាល ពេល​ត្រូវ​គេ​សួរ​ថា "ម៉េច​អត់​ទាន់​យក​ប្ដី​ទៀត?”

សំណួរ​នេះ​បើ​ពី​មុន​ប្រហែល​គឺ​ជា​អាវុធ​ចាក់​ទម្លុះ​បេះដូង​ដ៏​តូច​ច្រមិច​របស់​អ្នក​ហើយ​មែន​ទេ? តែ​បើ​ពេល​អ្នក​ស៊ាំ​នឹង​ជីវិត​នៅ​លីវ​បែប​នេះ​ទៅ​ហើយ ទោះ​ចង់​អ្នក​ណា​មក​សួរ​មួយ​ថ្ងៃ​១០០​ដង ក៏​អត់​ឈឺ​ក្បាល​ទៅ​រក​នឹក​ចម្លើយ​ឆ្លើយ​ឱ្យ​ល្អ​មើល​ដែរ។ ដឹង​តែ​ម្យ៉ាង​គឺ អត់​ចង់​យក ម៉េច​ដែរ?

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម