អ្នកជំនាញ៖ មនុស្សស្រី​ងាយ​ប្រឈម​ជំងឺ​​ធ្លាក់​ទឹក​ចិត្ត​ច្រើន​ជាង​បុរស​២​ដង

  • 2019-01-09 09:47:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រ្តី​ប្រឈម​មុខ​ខ្លាំង​ជាង​បុរស​ពីរ​ដង​ដែល​ងាយ​នឹង​កើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។ តួលេខ​ពី​មន្ទីរ​ពេទ្យ​សម្រាក​ព្យាបាល​ផ្លូវ​ចិត្ត​សាន់​រ៉ាយ បាន​រក​ឃើញ​ថា អ្នក​មក​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ គឺ​ស្រ្តី​ច្រើន​ជាង​បុរស​ពីរ​ដង​ ដែល​មាន​វ័យ​ចន្លោះ​ពី​ ២០ រហូត​ដល់ ៤០ ឆ្នាំ បាន​ប្រឈម​នឹង​កើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។

 

តើ​ហេតុ​អ្វី​បាន​ជា​ស្រ្តី​ប្រឈម​នឹង​ការ​កើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ច្រើន​ជាង​បុរស? តើ​អ្វី​ទៅ​ជា​ជំងឺ​ធ្លាក់​ទឹក​ចិត្ត? តើ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​នឹង​ប៉ះពាល់​អ្វី​ខ្លះ? ដើម្បី​ស្រាយ​ចម្ងល់​ទាំង​នេះ Sabay បាន​ជួប​សម្ភាសន៍​ជាមួយ សាស្រ្តាចារ្យ​ វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា និង ជា​នាយក​មន្ទីរ​ពេទ្យ​សម្រាក​ព្យាបាល​ផ្លូវ​ចិត្ត​សាន់​រ៉ាយ ដែល​លោក​វេជ្ជបណ្ឌិត​នឹង​បក​ស្រាយ​ដូច​ខាង​ក្រោម៖

 

 

Yem-Sobotra

 

 

Sabay៖ លោក​វេជ្ជ​បណ្ឌិត​អាច​ពន្យល់​បាន​ទេ តើ​អ្វី​ទៅ​ជា​ជំងឺ​ធ្លាក់​ចិត្ត?

 

វេជ្ជបណ្ឌិត៖ ប្រសិន​បើ​យើង​មាន​អារម្មណ៍​ឡើង​ចុះ​ៗ (មិននឹងនរ) ក្នុង​រយៈពេល​ ពីរ ឬ បី​ថ្ងៃ ហើយ​ប្រតិកម្ម​នេះ​បាត់​ទៅ​វិញ​ គឺមិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​នោះ​ទេ វា​គ្រាន់​តែ​ជា​ប្រតិកម្ម​​ធម្មតា​របស់​មនុស្ស​យើង​ឆ្លើយ​តប​នឹង​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ជុំវិញ​ខ្លួន​យើង។ និយាយ​ដល់​ជំងឺ​ផ្លូវ​ចិត្ត​ គឺ​វា​ប្រតិកម្ម​លើស​ពី​​ធម្មតា​ ទឹក​ចិត្ត​ធ្លាក់​ចុះ​ខ្លាំង​ ដែល​ត្រូវ​សង្គ្រោះ​បន្ទាន់​ផ្លូវ​ចិត្ត​ ដែល​បុគ្គល​ខ្លះ​ប៉ះពាល់​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​​ឈាន​ដល់​ចង់​សម្លាប់​ខ្លួន​ និង អ្នក​ដទៃ ដែល​យើង​ឃើញ​នៅ​លើ​បណ្ដាញ​សារព័ត៌មាន​សព្វថ្ងៃ​កើត​មាន។

 

 

Sabay៖ តើ​មូល​ហេតុ​អ្វី​បាន​ជា​កើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត?

វេជ្ជបណ្ឌិត៖ មាន​មូលហេតុ​ ៤ សំខាន់​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត

 

១. កត្តា​សង្គម៖ គឺ​បណ្ដាល​មក​ពី​ការ​អស់​សង្ឃឹម ឬ បរាជ័យ​អ្វី​មួយ​នៅ​ក្នុង​ការងារ មុខរបរ ស្នេហា និង គ្រួសារ​ជាដើម។ ទន្ទឹម​នឹង​នេះ ការ​រត់​ដេញ​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ គឺ​មានន័យ​ថា ការ​ចង់​បាន​របស់​ទំនើប​​ តែ​ពុំ​បាន​ដូច​បំណង​ធ្វើ​ឲ្យ​អស់​សង្ឃឹម និង វិបត្តិ​សង្គ្រាម​ដែល​នាំ​ឲ្យ​បាត់​បង់​សមាជិក​គ្រួសារ​ជាដើម។

 

២. កត្តាគីមី (ជីវសាស្ដ្រ)៖ នរណាៗ​ក៏​ប្រឈម​នឹង​កា​រប្រើប្រាស់​សារធាតុ​គីមី ដូចជា សុរា គ្រឿង​ញៀន ថ្នាំ​សម្រក​ទម្ងន់​ (មិន​មាន​ប្រភព​ច្បាស់​លាស់) និង ថ្នាំ​បាញ់​សម្លាប់​សត្វល្អិត​ជាដើម ដែល​ភាយ​មក​ប៉ះពាល់​ខ្លួន​និង​ដង្ហើម​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ និង ការ​គិត​ជាដើម។ ទន្ទឹម​នឹង​នេះ ចំណី​អាហារ​មួយ​ចំនួន​មាន​សារធាតុ​គីមី​ច្រើន​ ឧទាហរណ៍​ ជង្គង់​មាន់....។

 

៣. កត្តាចិត្តសាស្រ្ដ​៖ មនុស្ស​មួយ​ចំនួន​មាន​សតិ​រឹងមាំ​ ខ្លះ​មាន​សតិ​ទន់​ជ្រាយ ​ដែល​ងាយ​នឹង​ទទួល​អារម្មណ៍​ពី​មជ្ឈដ្ឋាន​នានា ពី​ការ​ស្ដី​បន្ទោស​ជាដើម។ កត្តាចិត្តសាស្រ្ដ​ គឺ​សំដៅ​ដល់​ការ​អប់រំ​តាំង​ពី​នៅ​តូចៗ ដែល​គ្រួសារ​ខ្លះ​បាន​បណ្ដុះបណ្ដាល​ស្មារតី​ឲ្យ​ក្មេង​មាន​ភាព​រឹង​មាំ ឯ​គ្រួសារ​ខ្លះ​ទោះ​មាន​ក៏​ដោយ​បាន​បណ្ដុះបណ្ដាល​ឲ្យ​ក្មេង​មាន​សភាព​ទន់​ជ្រាយ ដែល​ពួកគេ​ទទួល​បាន​ការ​លើក​សរសើរ​តិច​ជាង​ការ​លើក​ទឹក​ចិត្ត​ ហើយ​ក្មេង​នោះ​ពេល​ធំ​ឡើង​ឆាប់​អស់​សង្ឃឹម​ ឬ ឆាប់​បន្ទោស​ខ្លួន​ឯង​ នៅ​ពេល​មាន​ការ​ស្ដី​បន្ទោស​ណា​មួយ​កើត​មាន​ឡើង​ជាដើម។

 

៤. កត្តា​រាងកាយ៖ អ្នក​មាន​ជំងឺ​រំារ៉ៃ ទឹក​នោម​ផ្អែម និង ជំងឺ​មហារីក​ ជាដើម ដែល​ក្រុម​អ្នក​មាន​ជំងឺ​ផ្នែក​រាង​កាយ​នេះ ប៉ះពាល់​ដល់​អារម្មណ៍​ធ្ងន់ធ្ងរ​ ហើយ​ឆាប់​អស់​សង្ឃឹម​ និង បាក់​ទឹក​ចិត្ត​ ហើយ​យូរៗ​ទៅ ក្លាយ​ទៅ​ជា​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។

 

Yem-Sobotra-1

Sabay៖ តើ​មនុស្ស​ ឬ​មាន​ក្រុម​ណា​មួយ​ ​អាច​គេច​ផុត​ពី​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​បាន​ទេ?

 

វេជ្ជបណ្ឌិត៖ មិន​អាច​បាន​នោះទេ ហើយ​ការ​ធ្លាក់​ទឹក​ចិត្ត និង ជំងឺ​ធ្លាក់​ទឹក​ចិត្ត​អាច​កើត​មាន​ស្ទើរ​គ្រប់​គ្នា។

 

Sabay៖ សព្វថ្ងៃ​នេះ គេ​សង្កេត​ឃើញ​នៅ​បណ្ដាញ​សារព័ត៌មាន និង បណ្ដាញ​សង្គម​នានា គេ​សង្កេត​ឃើញ​ថា មាន​មនុស្ស​ជាច្រើន​បាន​បង្ហោះ​រូបភាព​ពិបាក​ចិត្ត ឬ សម្លាប់​ខ្លួន​តាម​វិធី​ផ្សេងៗ តើ​ពួកគេ​ភាគច្រើន​ស្ថិត​ក្នុង​ប្រភេទ​ណាមួយ​នៃ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត?

 

វេជ្ជបណ្ឌិត៖ កត្តា​សង្គម​ គឺជា មូលហេតុ​ចម្បង​ ដែល​នាំ​ឲ្យ​ពួកគេ​ឈាន​ដល់​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ព្រោះ​កត្តា​សង្គម​បូក​រួម​ទាំង​រឿង​ស្នេហា គ្រួសារ សង្គម និង បញ្ហា​បរាជ័យ​រកស៊ី​ និង ការ​ចាញ់​បញ្ឆោត​ពី​មនុស្ស​ទុក​ចិត្ត ជាដើម ហើយ​ក្រុម​នេះ​បាន​ធ្លាក់​ទៅ​ក្នុង​សញ្ញាណ​ធ្លាក់​ទឹក​ចិត្ត និង​ ជំងឺ​ផ្លូវ​ចិត្ត ហើយ​ឈាន​ទៅ​សម្លាប់​ខ្លួន។

 

ចង់​ដឹង​លម្អិត​ចុច​ទស្សនា៖ 

 

 

Sabay៖ ជំងឺ​ធ្លាក់​ទឹក​ចិត្ត​មាន​រោគសញ្ញា​ដូច​ម្ដេច​ដែរ?

 

វេជ្ជបណ្ឌិត៖ ជំងឺ​ធ្លាក់​ទឹក​ចិត្ត​មាន​រោគសញ្ញា៖

 

១. អាកប្បកិរិយា៖ ការ​ផ្លាស់ប្ដូរ​ទម្លាប់​ និង ចរិត គឺ​មាន​ការ​ថយ​ចុះ​ជា​លំដាប់​ ដែល​លែង​ចង់​ធ្វើ​អ្វី​ទាំង​អស់

២. ដំណេក៖ ការ​គេង​មិន​លក់​ សុបិន្ដ​ច្រើន​

៣. លែង​ចង់​ចូលរួម​សង្គម៖ ចាប់​ផ្ដើម​ចង់​នៅ​ម្នាក់​ឯង មិន​ចង់​ចូលរួម​សង្គម​

៤. ស្ដីបន្ទោស៖ ចាប់​ផ្ដើម​តូច​ចិត្ត​ ហើយ​បន្ទោស​ខ្លួន​ជានិច្ច

៥. ចង់​ធ្វើ​អត្តឃាត៖ ដំណាក់​កាល​ទី ១ ផ្ដើម​គិត​ចង់​សម្លាប់​ខ្លួន ដំណាក់​កាល​ទី ២ គិត​ថា សម្លាប់​ខ្លួន​ដោយ​វិធី​ណា និង ការ​ប្ដេជ្ញា​សម្លាប់​ខ្លួន។

 

 

Sabay៖ តើ​ជំងឺ​ផ្លូវ​ចិត្ត​ប៉ះពាល់​អ្វី​ខ្លះ?

 

វេជ្ជបណ្ឌិត៖ ជំងឺ​ផ្លូវ​ចិត្ត​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​បុគ្គល​ផង សង្គម សេដ្ឋកិច្ច និង ប្រទេស​ជាតិ។ បុគ្គល​ដែល​ធ្លាក់​ចូល​ដល់​ជំងឺ​ផ្លូវ​ចិត្ត​ គឺ​លែង​ចង់​ធ្វើ​អ្វី​ទាំង​អស់ ហើយ​ពួកគេ​ លែង​ចង់​ញុំា គេង ហើយ​បែរ​ជា​ចង់​ផឹក​ស្រា ហើយ​ក៏​ប៉ះពាល់​សុខភាព និង ឈាន​ដល់​ចង់​សម្លាប់​ខ្លួន។ ដូច្នេះ គេ​ត្រូវ​ចំណាយ​មនុស្ស​មើល​ថែ និង ថវិកា បាត់​បង់​កម្លាំង​ពលកម្ម​ក្នុង​គ្រួសារ​ផង និង សង្គម​ផង។

 

Sabay៖ តើ​ក្រុម​ណា​ងាយ​ប្រឈម​មុខ​ខ្ពស់​ជាង​គេ​​?

 

**វេជ្ជបណ្ឌិត៖**ជំងឺ​ធ្លាក់​ទឹក​ចិត្ត​កើត​មាន​គ្រប់វ័យ គ្រប់​ក្រុម ប៉ុន្ដែ យុវវ័យ​​កើត​មាន​ច្រើន​​ជាង​គេ គឺ​អាយុ​ចន្លោះ​ពី ២០-៤០ ឆ្នាំ ហើយ ស្រ្តី​ប្រឈម​មុខ​ខ្ពស់​ជាង​បុរស​រហូត​ដល់​ទៅ​ពីរ​ដង ។ ត្បិត​មិនមាន​របាយការណ៍​សិក្សា​ជាក់លាក់ ប៉ុន្ដែ ផ្អែក​តាម​មន្ទីរពេទ្យ​ដែល​ខ្ញុំ​ទទួល​បាន​អ្នក​មក​ប្រឹក្សា និង ព្យាបាល​ជំងឺ គឺ​ភាគច្រើន​ជាស្រ្តី។

 

Sabay៖ ហេតុ​អ្វី​ស្រ្តី​ងាយ​នឹង​កើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ជាង​បុរស?

 

វេជ្ជបណ្ឌិត៖ មូលហេតុ​ចម្បង​បណ្ដាល​មក​ពីប្រពៃណី ​វប្បធម៌ ដែល​បាន​ដាក់​គំនៀប​រួច​ជាស្រេច​លើ​ស្រ្តី និង កត្តា​អ័រម៉ូន ជាដើម។ ខ្ញុំ​លើក​ឧទាហរណ៍​មួយ​ខ្លី នៅ​ពេល​មាន​បញ្ហា​ស្រ្តេស្ដ​ ស្រ្តី​ចង់​ដើរ​លេង​យប់ ប៉ុន្ដែ ស្រ្តី​ទាំង​នោះ​មិន​អាច​ដើរ​លេង​បាន​នោះទេ ប្រសិន​បើ​ហ៊ាន​ដើរ​នឹង​រង​ការ​រិះគន់​ពី​សង្គម​គ្រួសារ​ផង និង សង្គម​ជាតិ​ផង ដែល​គេ​ចោទ​ថា ស្រ្តី​ដើរ​លេង​យប់​មិន​ល្អ​ ជាដើម។

 

Sabay៖ ដើម្បី​ការពារ និង ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច?

 

វេជ្ជបណ្ឌិត៖ ដូច​ខ្ញុំ​ជម្រាប​ខាង​លើ​អីចឹង! ប្រសិន​បើ​ទទួល​អារម្មណ៍​ឡើង​ចុះ​ពីរ​-បី​ថ្ងៃ ហើយ​បាត់​ទៅ​វិញ​នោះ​មិន​ស្ថិត​នៅ​ក្នុង​ជំងឺ​ផ្លូវ​ចិត្ត​ទេ។ ប៉ុន្ដែ ប្រសិន​បើ​អារម្មណ៍​ធុញថប់​ និង ស្មុគស្មាញ​ចាប់​ពី​ ១ សប្ដាហ៍​ឡើង​ទៅ​គឺ​គួរ​តែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​​គ្រូពេទ្យ​ជំនាញ ហើយ​គ្រូ​ពេទ្យ​ជំនាញ​នឹង​ផ្ដល់​ប្រឹក្សា​បី​ដំណាក់​កាល៖

 

ទី ១. ទើប​ធ្លាក់​ចូល​ដំណាក់​កាល​ដំបូង គ្រូពេទ្យ​គ្រាន់​តែ​ផ្ដល់​យោបល់​ ហើយ​នឹង​ផ្ដល់​ដំបូន្មាន​ដូចជា ហាត់​ប្រាណ ឬ ស្វែង​រក​បញ្ហា ហើយ​ឲ្យ​វិធី​ដោះស្រាយ​រួច​ជាស្រេច។

ទី ២. គ្រូ​ពេទ្យ​និង​ផ្ដល់​ប្រឹក្សា​ ហើយ​ឲ្យ​លេប​ថ្នាំ និង តាម​ដាន​ត្រួត​ពិនិត្យ​សុខភាព

ទី ៣. ប្រសិន​បើ​ធ្ងន់​ធ្ងរ គឺ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ព្រោះ​ដំណាក់​កាល​នេះ មនុស្ស​ឈាន​ដល់​ចង់​សម្លាប់​ខ្លួន និង បាត់​បង់​ស្មារតី​ ដោយ​អន្លើៗ។ ដូច្នេះ វិធី​ព្យាបាល​ដ៏​ល្អ គឺ​គួរ​តែ​ទៅ​រក​គ្រូពេទ្យ​ជំនាញ​ពីគ្រោះ​យោបល់​ ប្រសិន​បើ​ទទួល​អារម្មណ៍​ឡើង​ចុះៗ ចាប់​ពី​១ សប្ដាហ៍​ឡើង​ទៅ។

 

ផ្អែក​តាម​របាយការណ៍​ពី​មន្ទីរពេទ្យ​​សម្រាក​​ព្យាបាល​ផ្លូវ​ចិត្ត​សាន់​រ៉ាយបាន​ឲ្យ​ដឹង​ថា មន្ទីរពេទ្យ​ទទួល​បាន​អ្នក​មក​ពិគ្រោះ​ និង ព្យាបាល​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ សរុប​ចំនួន ១៤ ៤០០ នាក់​ក្នុង​ ១ ឆ្នាំ ហើយ​ក្រុម​អ្នក​មក​ទទួល​សេវា​​ទាំង​នេះ គឺ​មាន​អាយុ​ចន្លោះ​ពី ២០-៤០ ឆ្នាំ។ តួលេខ​នេះ បង្ហាញ​ដែរ​ថា ស្រ្តី​ប្រឈម​មុខ​ខ្លាំង​ជាង​បុរស ងាយ​នឹង​កើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម