លង់ស្រឡាញ់គេ​ម្នាក់​ឯង តែ​មិនហ៊ាននឹងចាប់ផ្ដើម គួរសាក​វិធីនេះ

  • 2019-01-10 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​ប្រុស​ឬ​ក៏​ស្រី​នោះ​ទេ​ពេល​ខ្លះ​ដឹង​ខ្លួន​ថា​ចាប់​អារម្មណ៍​គេ​ដែរ​តែ​ចេះ​តែ​ខ្លាច​ហើយ​មិន​ហ៊ាន​និយាយ​ជាមួយ​គេ​ឡើយ រហូត​ដល់​គេច​មុខ​ក៏​មាន​ដែរ។ មែនទែន​ទៅ​ត្រូវ​ដឹង​ថា​បើ​ចេះ​តែ​គេច​បែប​នេះ​តើ​ពេល​ណា​បាន​ស្គាល់​គ្នា​ទៅ? ខាង​ក្រោម​នេះ​ជា​វិធីសាស្ត្រ​ខ្លះ​សម្រាប់​ជួយ​អ្នក​នៅ​ពេល​ពិបាក​និយាយ​ជាមួយ​មនុស្ស​ដែល​អ្នក​ចាប់​អារម្មណ៍ ៖​

១. កុំ​គេច​ពី​គេ

ពេល​ខ្លះ​បើ​ចៃដន្យ​ដើរ​ជួប​គេ អ្នក​មិន​ត្រូវ​គេច​ឬ​ធ្វើ​មិន​ឃើញ​នោះ​ទេ គួរ​តែ​បើក​ភ្នែក​មើល​មុខ​គេ​ឲ្យ​មាន​ភាព​ជឿជាក់​បំផុត។ កែវ​ភ្នែក​គឺ​ជា​អាវុធ​ដ៏​សំខាន់​បំផុត​ដែល​អាច​ទាក់ទាញ​ចិត្ត​មនុស្ស​បាន​យ៉ាង​ងាយ។

រូបតំណាង

**២. ញញឹម**

ទោះ​ញញឹម​ចោល​ក៏​វា​មិន​ខាត​ដែរ ព្រោះ​ភាព​រីករាយ​អាច​ឲ្យ​អ្នក​ជុំវិញ​យើង​អារម្មណ៍​ល្អ​បាន។ បើ​ជួប​គេ​ញញឹម​ដាក់​គេ​ទៅ ទោះ​មិន​បាន​និយាយ​អី​ក៏​ដោយ​ក៏​វា​ជា​ភាព​ទាក់ទាញ​មួយ​ដែរ មិន​មែន​ឃើញ​គេ​ធ្វើ​មុខ​មាំ មុខ​ស្មើ​នោះ​ទេ ព្រោះ​នៅ​ពេល​ដែល​អ្នក​រួសរាយ​រាក់ទាក់​អ្នក​ណា​ក៏​ចង់​មក​និយាយ​ជាមួយដែរ។

៣. បង្កើត​ឱកាស​ខ្លួន​ឯង

ពេល​ខ្លះ​កុំ​ចាំ​តែ​ភាព​ចៃដន្យ​ពេក បើ​អាច​បង្កើត​ឱកាស​ខ្លួន​ឯង​បាន​គួរ​តែ​ព្យាយាម។ ឧទាហរណ៍​ដូច​ជា រក​វិធី​បាន​ឃើញ​មុខ​គេ ឬចូល​ជិត​គេ​ជាដើម ដើម្បី​ឲ្យ​គាត់​កាន់​តែ​ស្គាល់​អ្នក។ ម្យ៉ាង​ទៀត​បើ​អ្នក​អាច​ស្គាល់​មិត្តភក្តិ​គេ​កាន់​តែ​ល្អ ព្រោះ​រឹត​តែ​ជួយ​ឲ្យ​អ្នក​ចូលកាន់​តែ​កៀក​គេ។

៤. ធ្វើ​ខ្លួន​ឲ្យ​ស្រស់ស្រាយ

គ្មាន​អ្នក​ណា​ចង់​នៅ​ជិត​មនុស្ស​ដែល​មើលទៅ​ស្មុគស្មាញ គួរ​ឲ្យ​ធុញ​នោះ​ទេ ដូច្នេះ​អ្នក​ត្រូវ​​ធ្វើ​ខ្លួន​ឲ្យ​ធូរស្រាល ស្រស់ស្រាយ​ជានិច្ច។ មួយវិញ​ទៀត​រឿង​រៀបចំខ្លួន​ក៏​ត្រូវ​តែ​ស្អាត​បាត​ដែរ មិន​ត្រូវ​រយីរយាក​ខ្លាំង​ពេក​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​បាត់​បង់​ការ​ទាក់ទាញ។

៥. និយាយ​ជាមួយ​គេតែ​ចំណុច​សំខាន់

ដោយសារ​តែ​អ្នក​មិន​សូវ​ហ៊ាន​និយាយ​ច្រើន​នោះ វិធី​នេះ​គឺ​ល្អ​បំផុត។ បើ​អ្នក​ និង​គេ​ជា​អ្នក​ធ្វើ​ការ​ជាមួយ​គ្នា​នោះ គួរ​តែ​រក​អី​សួរ​ទាក់ទង​ពី​ការងារ។ បើ​គេជា​សិស្ស​ច្បង​អ្នក គួរ​តែ​សួរគេ​ទាក់ទង​នឹង​ការ​រៀន​សូត្រ​ជាដើម។ ម្យ៉ាង​ទៀត​ត្រូវ​មើល​ពីចំណង់​ចំណូល​ចិត្ត​គេហើយ​និយាយ​ឲ្យ​ចំគោលដៅ។ បើ​គាត់ចូលចិត្ត​ជិះកង់ គួរ​​តែ​សួរ​ឬ​និយាយ​ពី​ការ​ជិះ​កង់តែ​ម្ដង ។​​

រូបតំណាង

ពេល​ខ្លះ​ពឹង​លើភាព​ចៃដន្យ ឬ​និស្ស័យ​ពេក​ក៏​ពិបាក​ដែរ​ព្រោះ​អាច​នឹង​យឺត​ពេល​ ឬ​បាត់បង់​ឱកាស​ដែរ​ម្ដងក៏មាន៕

ចុចអាន៖អារម្មណ៍ ៥​យ៉ាង​ដែល​អ្នក​មិន​គួរបង្ហាញតាម Facebook បន្ទាប់​ពី​បែក​បាក់​គ្នា​

អត្ថបទ៖ ផេង ផលធិតា