ខ្ជិល​ទិញ​ដី​ផ្ទះ​ដូច​តារា​ផ្សេង នាង​ចាំង​គីម​ទិញ​មន្ទីរ​ពេទ្យ​តែ​ម្ដង

  • 2019-01-08 03:55:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Lee Young Ae បាន​សម្រេច​ចិត្ត​ទិញ​មន្ទីរពេទ្យ​ដែល​នាង​ធ្លាប់​សម្រាល​កូន​ភ្លោះ​នោះ ឲ្យ​ក្លាយ​ជា​កម្មសិទ្ធិ​ខ្លួន​ឯង​ផ្ទាល់​តែ​ម្ដង។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា​មុន​នេះ បណ្ដាញ​ព័ត៌មាន Mydaily របស់​កូរ៉េ​បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​ជើង​ចាស់​កូរ៉េ Lee Young Ae បាន​ទិញ​ផ្ដាច់​មន្ទីរ​ពេទ្យ​ពហុ​ជំនាញ និង​សម្ភព​លំដាប់​ខ្ពស់ Cheil ហើយ។ នាយក​នៃ​មន្ទីរពេទ្យ​បាន​ឲ្យ​ដឹង​ថា តារា​ស្រី​រូប​នេះ​នឹង​ឡើង​កាន់​តំណែង​នា​ពេល​ឆាប់​ៗ ហើយ​ពួក​គេ​ក៏​មាន​គម្រោង​ជួសជុល និង​សាងសង់​អគារ​បន្ថែម​ផង​ដែរ។

ទោះ​បី​ជា​តួលេខ​ពិត​ប្រាកដ​មិន​ត្រូវ​បាន​បង្ហើប​ក្ដី តែ​ប្រភព​ជា​ច្រើន​ជឿជាក់​ថា តម្លៃ​នៃ​ពេទ្យ​លំដាប់​កំពូល​នេះ គឺ​មិន​ក្រោម​១០០​លាន​ដុល្លារ​នោះ​ឡើយ។ តួ​រឿង "ជីវិត​នាង​ចាំង​គីម" សម្រេច​ទិញ​មន្ទីរពេទ្យ​នេះ ក្រោយ​ពេល​នាង​បាន​សម្រាល​កូន​ភ្លោះ​នៅ​ទី​នេះ ហើយ​គិត​ថា​ពេទ្យ​នេះ​មាន​សេវាកម្ម​ល្អ។ គួរ​បញ្ជាក់​ផង​ដែរ​ថា មន្ទីរពេទ្យ Cheil ត្រូវ​បាន​បើក​ដំបូង​នៅ​ឆ្នាំ​១៩៦៣ ហើយ​តែង​ស្ថិត​ក្នុង​ពេទ្យ​លំដាប់​កំពូល​ជា​និច្ច​ខាង​ផ្នែក​សម្ភព​សម្រាល​កូន។

គួរ​រំលឹក​ផង​ដែរ​ថា ក្នុង​ចំណោម​តារា​កូរ៉េ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ Lee Young Ae គឺ​មាន​វត្តមាន​នៅ​ក្នុង Top ១០ ដោយ​ទ្រព្យ​សរុប​របស់​តារា​វ័យ ៤៨​ឆ្នាំ គឺ​មាន​ប្រមាណ​២០០០​លាន​ដុល្លារ៕

ចុចអាន៖រៀបការ​នឹង​គ្នា​តែ​៤​ឆ្នាំ​សោះ ទ្រព្យ​រួម Yang Mi និង Harwick Lau ឡើង​ដល់ ១ ពាន់​លាន​ដុល្លារ

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម