ភាព​ខុស​គ្នា​រវាង​មនុស្ស​ប្រុស​ និង​មនុស្ស​ស្រី​ក្នុង​ទំនាក់ទំនង​ស្នេហា

  • 2019-01-07 06:19:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធម្មជាតិ​នៃ​បុរស ​និង​នារី​គឺ​ខុស​គ្នា ដូច្នេះ​ទើប​ពេល​ដែល​មាន​ស្នេហា​មាន​ការ​មិន​យល់​ពី​គ្នា​ច្រើន។ ពេល​ខ្លះ​មនុស្ស​ប្រុស​គិត​បែប​នេះ មនុស្ស​ស្រី​គិត​បែប​នោះ​ហើយ​ធ្វើ​ការ​សន្និដ្ឋាន​ទាំង​មិន​បាន​ដឹង​ពី​ការ​ពិត។​ខាង​ក្រោម​នេះ​កញ្ញា នឹង​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា ៖

១. ការ​និយាយ

មនុស្ស​ប្រុស​មិន​សូវ​និយាយ​ច្រើន​ដូច​មនុស្ស​ស្រី​ទេ។ ភាគ​ច្រើន​​គេ​ស្ងៀមស្ងាត់ ហើយ​មិន​សូវ​រអ៊ូ​ច្រើន​ទោះ​មាន​រឿង​អី​មិន​ពេញ​ចិត្ត​ក៏​ដោយ។ រឿង​ខ្លះ​ទៀត​គឺ​​គេ​ឲ្យ​វា​កន្លង​ហួស​ ដោយ​មិន​ប្រកាន់។ ដោយឡែក​មនុស្ស​ស្រី​វិញ​គឺ​ចូលចិត្ត​និយាយ​ច្រើន ទោះ​រឿង​តូចតាច​យ៉ាង​ក៏​នាង​និយាយ​ឲ្យ​ខាង​ប្រុស​ស្ដាប់​ដែរ ហើយ​អាច​ថា​មនុស្ស​ស្រី​គឺ​រអ៊ូ​ច្រើន​ពេល​មាន​រឿង​អី​កើតឡើង។

២. អារម្មណ៍

បុរស​គឺ​មាន​អារម្មណ៍​នឹងធឹង​ជាង​មនុស្ស​ស្រី។ គេមិន​សូវ​រំភើប​ខ្លាំង ហើយ​ក៏​មិន​សូវ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ប៉ុន្មាន​ដែរ​បើ​រឿង​នោះ​តិច​តួច។ ភាគ​ច្រើន​គឺ​គេមិន​សូវ​អន់​ចិត្ត​ ឬ​គិត​អី​ច្រើន​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​មើល​ទៅ​មិន​សូវ​ផ្អែមល្ហែម ឬ​រឹងៗ​ដូច​គល់ឈើ​ជា​ដើម។ ប៉ុន្តែ​មនុស្ស​ស្រី​គឺ​ឆាប់​រំភើប ឆាប់​ខឹង ឆាប់​អន់ចិត្ត ឆាប់​ងរង៉ក់​ណាស់ នាង​ត្រូវ​ការ​ការ​លួងលោម​ច្រើន ការ​ផ្អែមល្ហែម​ច្រើន។​ម្យ៉ាង​ទៀត​នាង​គិត​ច្រើន​ជាង​បុរស​ទោះបី​រឿង​នោះ​តិចតួច​ក៏​ដោយ។

៣. ការ​មើល​ឃើញ

ភាគ​ច្រើន​មនុស្ស​ស្រី​តែង​គិត​ថា​មនុស្ស​ប្រុស​មើល​ឃើញ​ស្រី​ដែល​សិចស៊ី តែងខ្លួន​ឆើតឆាយ​ស្អាត ប៉ុន្តែ​ការ​ពិត​មនុស្ស​ប្រុស​មិន​បាន​មើល​ឃើញ​នារី​បែប​នោះ​ស្អាត​ឡើយ។ គាត់​ការពិត​មើល​ឃើញ​នារី​ដែល​សាមញ្ញៗ​ស្អាត​ច្រើន​ជាង ហើយ​គាត់​ចូលចិត្ត​ និងចាប់អារម្មណ៍​ភាព​ធម្មតា​ទាំង​នោះ។ ចំណែក​មនុស្ស​ស្រី​មើល​ឃើញ​ថា​ខ្លួន​ឯង​តែង​ខ្លួន​សាមញ្ញ​មិន​ស្អាត ហើយ​តែង​ព្យាយាម​តែងខ្លួន​ច្រើនដើម្បី​ឲ្យ​មនុស្ស​ប្រុស​ចាប់​អារម្មណ៍​ទៅ​វិញ។

រូបតំណាង

៤. ពេល​ខឹង

បុរស​ពេល​ខឹង​ភាគ​ច្រើន​គឺ​មិន​សូវ​និយាយ​តែ​ម្ដង គឺ​គាត់​ដើរ​ចេញ​ទៅ​រក​កន្លែង​ដែល​ស្ងាត់​ដើម្បី​រំងាប់​កំហឹង​សិន សឹម​មក​និយាយ​ដោះស្រាយ​គ្នា​តាម​ក្រោយ។ នេះ​មិន​មែន​គាត់​មិន​ខ្វល់ខ្វាយ​នោះ​ទេ តែ​គាត់​មិន​ចង់​និយាយ​ច្រើន​ពេល​ខឹង ព្រោះ​អាច​មាន​រឿង​កាន់​តែ​ធំ។ រីឯ​មនុស្ស​ស្រី​ឲ្យ​តែ​ពេល​ខឹង​គឺចង់​តែ​ឲ្យ​មនុស្ស​ប្រុស​លួង​ភ្លាមៗ ហើយ​មិន​និយាយ​រក​ហេតុផល​សិន​ទេ គឺ​ខឹង​ដាច់ក្បាល​ដាច់​កន្ទុយ​តែ​ម្ដង ដល់​បាត់​ខឹង​ទៅ​ដឹង​ថា​ខុស ឬ​ធ្វើ​បែប​នេះ បែប​នោះ​មិន​ត្រូវ។

៥. ការ​ស្រឡាញ់

ដោយសារ​តែ​មនុស្ស​ភាគ​ច្រើន​មិន​សូវ​ចូលចិត្ត​បង្ហាញ​អារម្មណ៍​ទើប​មនុស្ស​ស្រី​គិត​ថា​គាត់​មិន​សូវ​ជា​ស្រឡាញ់​ខ្លួន តែ​ការពិត​គាត់​ស្រឡាញ់​ គាត់​បារម្ភ​ណាស់។ គាត់​យក​ចិត្ត​ទុកដាក់​លើ​នារី​ដែល​គាត់​ស្រឡាញ់​ច្រើន​ជាង​នាង​មើល​ឃើញ​ទៅ​ទៀត។ ចំណែក​ខាង​ភាគី​នារី​វិញ​គឺ​ចូលចិត្ត​បង្ហាញ ទាំង​កាយវិការ និង​អារម្មណ៍។ នាង​ខ្វល់ខ្វាយ​គ្រប់រឿង រហូត​ពេល​ខ្លះ​ហាមឃាត់​នេះ ហាម​ឃាត់​នោះ ឬ​សួរ​ច្រើន​រហូត​ដល់​ធ្វើ​ឲ្យ​មនុស្ស​ប្រុសមាន​អារម្មណ៍​ថា​មាន​សម្ពាធ​។

រូបតំណាង

ទាំង​នេះ​មិន​អាច​ប្រកែក​បាន​ទេ ព្រោះ​វា​ជា​ធម្មជាតិ​នៃ​មនុស្ស​ប្រុស​ និង​មនុស្ស​ស្រី។ ដូច្នេះ​អ្វី​ដែល​សំខាន់​គឺ​ការ​យល់​ពី​គ្នា​ទៅ​វិញ​ទៅមក៕

ចុចអាន៖កុំ​បន្ត​តែ​ម្ខាង​ទៀត! បើ​គេ​ស្រឡាញ់​អ្នក គេ​នឹង​ព្យាយាម​ និង​ផ្ដល់ក្ដីសង្ឃឹមឲ្យអ្នក

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម