ក្រោយ Fan Bingbing ដល់​វេន​ប្អូន​ប្រុស​​នាង ដេក​ស៊ី​លុយ​ឈ្នះ​បណ្ដឹង​ម្ដង

  • 2019-01-06 03:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​ត្រូវ​គេ​បរិហាកេរ្ត៍​ថា​ជា​កូន​ឥត​ខាន់​ស្លា​របស់​បង​ស្រី​ខ្លួន​ឯង​ផ្ទាល់ តារា​ចម្រៀង​ប្រុស​វ័យ​ក្មេង Fan Chengcheng ត្រូវ​បាន​គេ​សង​ជំងឺ​ចិត្ត​រាប់​ពាន់​ដុល្លារ។ កាល​ពី​ថ្ងៃ​ទី ២​ខែ​មករា​មុន​នេះ បណ្ដាញ​ព័ត៌មាន Apple Daily បាន​រាយការណ៍​ថា តុលាការ​ទីក្រុង​ប៉េកាំង បាន​សម្រេច​ឲ្យ​តារា​ចម្រៀង​ប្រុស​កំពុង​ឡើង​កូដ​ឈ្នះ​រឿង​ក្ដី អ្នក​កាសែត​ម្នាក់​ថា​លោក​ជា​កូន​ប្រុស​របស់ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Fan Bingbing។ ទោះ​បី​ជា​នៅ​ពេល​កាត់​ក្ដី​នេះ ទាំង​ជន​ជាប់ចោទ និង​ដើម​ចោទ​គ្មាន​មុខ​នៅ​តុលាការ​ក៏​ដោយ តែ​ពួក​គេ​បានបញ្ជូន​តំណាង​រៀង​ៗ​ខ្លួន​ឲ្យ​មាន​វត្តមាន​នៅ​តុលាការ។

ជាក់ស្ដែង កាល​ពី​ខែ​មេសា​ឆ្នាំ​ទៅ អ្នក​កាសែត​ខាង​លើ​បាន​ចុះផ្សាយ​ថា តារា​ចម្រៀង​វ័យ​១៩​ឆ្នាំ​នេះ តាម​ការ​ពិត​គឺ​ជា​កូន​ប្រុស​របស់ Fan Bingbing នោះ​ទេ មិន​មែន​ជា​ប្អូន​ឡើយ។ ក្រោយ​ព័ត៌មាន​នេះ​ចុះ​ផ្សាយ Fan Chengcheng បាន​ដាក់​ពាក្យ​បណ្ដឹង​ពី​បទ​បរិហាកេរ្ត៍​លោក។ លទ្ធផល​បញ្ចប់ តុលាការ​បាន​សម្រេច​ឲ្យ តារា​កើត​ឆ្នាំ​២០០០​ឈ្នះ​ក្ដី ហើយ​​អ្នក​កាសែត​ខាង​លើ​ត្រូវ​ធ្វើ​ការ​សូម​ទោស​ជា​សាធារណៈ ហើយ​សង​​ថ្លៃ​ជំងឺ​ចិត្ត​ចំនួន​៨៧០០​ដុល្លារ។ តាម​នោះ​ដែរ ក្រោយ​ពេល Fan Bingbing នៅ​តែ​ផ្ទះ​ក៏​មាន​ចំណូល​រាប់​ម៉ឺន​ដុល្លារ ដោយ​សារ​ឈ្នះ​ក្ដី រឿង​គេ​យក​រូប​ខ្លួន​ទៅ​ប្រើ​គ្មាន​ការ​អនុញ្ញាត​នោះ នៅ​ពេល​នេះ​ក៏​ប្រមូល​លុយ​រាប់​ពាន់​ដុល្លារ​ពី​ការ​ឈ្នះ​បណ្ដឹង​ដូច​គ្នា៕

ចុចអានបន្ត៖ Yang Mi ​តាំង​ពី​សម្រាល​ដល់​កូន​អាយុ​៣​ឆ្នាំ ទៅ​មើល​ថែ​កូន​បាន​តែ​៣៧​ថ្ងៃ​គត់

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម