ចូល​ដល់ ២០១៩​ ហើយ នៅ​ម្នាក់​ឯង​ដល់​ពេល​ណា​ទៀត? បើ​អាច​សាក​ចាប់​ផ្ដើម​​​សិន​ក៏​ល្អ

  • 2019-01-02 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆ្នាំ​មុន​មិន​មាន​ស្នេហា​អ្នក​គិត​ថា​វា​មិន​ជា​បញ្ហា​នោះ​ទេ តែ​នេះ​ដាច់​ឆ្នាំ​ចូល​ឆ្នាំ​ថ្មី​ហើយ​ណា គួរ​តែ​ចាប់​ផ្ដើម​មាន​មនុស្ស​ល្អ​ម្នាក់​ហើយ។

ឆ្នាំ​ចាស់​កន្លង​ផុត​ទៅ ដោយ​បន្សល់​នូវ​រឿង​រ៉ាវ​ជា​ច្រើន តែ​ឆ្នាំ​ថ្មី​ក៏​ចូល​មក​អ្នក​ក៏​ត្រូវ​តែ​ទទួល​វា​ឲ្យ​បាន​ល្អ​ និង​កក់​ក្ដៅ​បំផុត។ គ្មាន​ស្នេហា​អ្នក​ក៏​គិត​ថា​គ្មាន​អី​ជា​រឿង​ពិបាក​ចិត្ត​នោះ​ទេ ព្រោះ​អ្នក​នៅ​តែ​រីករាយ​ជាមួយ​ជីវិត​បាន​យ៉ាង​ប្រសើរ​ ដោយ​គ្មាន​សម្ពាធ គ្មាន​រឿង​ត្រូវ​លំបាក​ចិត្ត​ឡើយ។ នោះ​ប្រហែល​មក​ពី​អ្នក​មិន​ទាន់​ជួប​មនុស្ស​ម្នាក់​ដែល​ធ្វើ​ឲ្យ​អ្នក​ចង់​មាន​ជីវិត​គូ ឬ​អាច​មក​ពី​អ្នក​រាងចាល​នឹង​ស្នេហា​កន្លង​មក​ដោយ​មិន​ចង់​ចាប់​ផ្ដើម​ជាមួយ​អ្នក​ណា​ទាំង​អស់។

ឆ្នាំ​ថ្មី​ហើយ​ដូច្នេះ​គួរ​តែ​ជម្រះ​រឿង​ចាស់​ៗ​ចោល​ឲ្យ​អស់ ហើយ​កុំ​ព្យាយាម​យក​អតីតកាល​មក​លាយ​ឡំ​ទៀត។ អ្នក​គួរ​តែ​រៀន​បើ​បេះ​ដូង​សារ​ជា​ថ្មី ឬ​ក៏​ចាប់​យក​ឱកាស​ជាមួយ​មនុស្ស​ដែល​អ្នក​លួច​ស្រឡាញ់​ឲ្យ​បាន​ក្នុង​ឆ្នាំ​ថ្មី​នេះ។

ការ​ពិត​ទៅ​មាន​ស្នេហា​គឺ​ជា​ពេល​ដែល​ស្រស់​បំព្រង​បំផុត ជា​ពេល​ដែល​រីករាយ​បំផុត​ឲ្យ​តែ​អ្នក​ស្រឡាញ់​មនុស្ស​ដែល​គេ​ស្រឡាញ់​អ្នក​វិញ​ដូច​គ្នា។ មនុស្ស​ពីរ​អ្នក​ដែល​ស្រឡាញ់​គ្នា គេ​នឹង​មិន​ធ្វើ​ឲ្យ​ម្នាក់​ណា​រង​របួស​ចិត្ត​នោះ​ទេ គេ​នឹង​ព្យាយាម​ស្វែង​រក​ភាព​រីករាយ​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក។

មិន​ចាប់​បាច់​អី​ច្រើន​នោះ​ទេ ជីវិត​ដែល​មាន​គូ​គ្រាន់​តែ​បើ​ភ្នែក​មក​ឃើញ​សារ​ពី​គេ ឬ​ឮ​សំឡេង​គេ​ក៏​មាន​អារម្មណ៍​ល្អ​ដែរ។ ជួប​គ្នា​មាន​អារម្មណ៍​ថា​ហេតុ​អី​ពេល​វេលា​ដើរលឿន​បែប​នេះ មិន​ទាន់​នៅ​ជាមួយ​គ្នា​ឆ្អែត​ផង? នេះ​ហើយ​ជា​ឥទ្ធិពល​នៃ​ស្នេហា​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​កែប្រែ​ខ្លួន​ឯង​ដើម្បី​មនុស្ស​ម្នាក់​ទៀត​ដោយ​មិន​បាច់​ឲ្យ​អ្នក​ណា​មក​ប្រាប់ គឺ​កែប្រែ​ដោយ​ខ្លួន​ឯង​តែ​ម្ដង។

ជីវិត​មាន​ដៃគូ​ល្អ​គឺ​ជីវិត​ដែល​មាន​កម្លាំង​ចិត្ត គ្មាន​សម្ពាធ​ គ្មាន​ភាព​ឯកា និង​គ្មាន​អារម្មណ៍​ចង់​រស់​នៅ​ម្នាក់​ឯង​ឡើយ ព្រោះ​គ្រប់​ពេល​គឺ​ចង់​មាន​ម្នាក់​នោះ​មក​ធ្វើ​រឿង​ល្អ​ៗ​ជាមួយ​គ្នា។

ម្នាក់​ឯង​ជា​រឿង​ល្អ​ តែ​ជីវិត​នេះ​នៅ​តែ​ត្រូវ​ការ​ក្ដី​ស្រឡាញ់ ដូច្នេះ​ឆ្នាំ​ថ្មី​ហើយ​គួរ​តែ​មាន​ក្ដីស្រឡាញ់​ដ៏​កក់​ក្ដៅ​មួយ៕

ចុចអាន៖ស្រលាញ់​គ្នា​ត្រូវ​តែ​ឲ្យ password Facebook គ្នា? ឬ​ក៏​មក​ពី​ទំនុក​ចិត្ត​មិន​ទាន់​គ្រប់​គ្រាន់

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម