ប្រៀបធៀបរឿងក្របី ស្វា និងឆ្កែ ជីវិត​មនុស្ស​បែង​ចែក​ជា​២០​ឆ្នាំ ៤០​ឆ្នាំ ១០ឆ្នាំ និង​១០​ឆ្នាំ

  • 2019-01-02 03:16:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​​ដើម​ឡើយ ព្រះ​ជា​ម្ចាស់​បាន​បង្កើត​ក្របី​មុន​សភាវៈ​ឯ​ទៀត​នៅ​លើ​ផែន​ដី។

ព្រះ​ជា​ម្ចាស់​បាន​ប្រាប់​ទៅ​ក្របី​ថា "ចូរ​ឯង​ភ្ជួរ​រាស់​ដី​ជា​រៀង​រាល់​ថ្ងៃ​ ចាប់​តាំង​ពី​ព្រះ​អាទិត្យ​រះ​ រហូត​ដល់​អស្ដង្គត​​ តែ​ត្រូវ​ស៊ី​តែ​ស្មៅ​មួយ​មុខ​ប៉ុណ្ណោះ​​សម្រាប់​រស់​ឱ្យ​ដល់​អាយុ​៦០​ឆ្នាំ"

ក្របី​តប​ថា៖ "ទូល​បង្គំ​ត្រូវ​​ធ្វើ​ការ​ធ្ងន់ ហូរ​ញើស​ដល់​ស្លាប់​ខ្លួន​មិន​ខាន ហើយ​អាច​ស៊ី​ត្រឹម​តែ​ស្មៅ យ៉ាង​យូរ​រស់​បាន​ត្រឹម​តែ​៤០​ឆ្នាំ​ប៉ុណ្ណឹង ​ហើយ​ត្រូវ​សុំ​ពេល​យប់​ដើម្បី​សម្រាក​ក្រាប​ទូល"

ព្រះ​ជា​ម្ចាស់​ក៏​យល់​ព្រម។

ថ្ងៃ​បន្ទាប់ ព្រះ​ជា​ម្ចាស់​ក៏​បង្កើត​សត្វ​ស្វា។

​ព្រះ​បាន​ប្រាប់​ទៅ​ស្វា​ថា៖ "ឯង​ត្រូវ​តែ​ឱ្យ​សត្វ​ដទៃ​​​សប្បាយ ក្អាកក្អាយ​ ដាំ​ដូង​ធ្វើ​មុខ​ក្រមិចក្រមើម​ឱ្យ​គេ​សើច​រាល់​ថ្ងៃ ហើយ​ស៊ី​ផ្លែ​ចេក​ឱ្យ​បាន​២០​ឆ្នាំ"

ស្វា​ក៏​តប​វិញ៖ "ដាំ​ដូង ធ្វើ​ក្រមិចក្រមើម​ឱ្យ​គេ​សើច​សប្បាយ​គឺ​ជា​ការងារ​ធ្ងន់​ណាស់! ហើយ​ស៊ី​តែ​ផ្លែ​ចេក​រស់​បាន​យ៉ាង​ច្រើន​១០​ឆ្នាំ​ប៉ុណ្ណោះ​ ព្រះ​អង្គ"

ព្រះ​ជា​ម្ចាស់​ក៏​យល់​ព្រម។

ស្អែក​ឡើង ព្រះ​បង្កើត​ឱ្យ​មាន​សត្វ​ឆ្កែ និង​បាន​និយាយ​ទៅ​កាន់​ឆ្កែ​នោះ​ថា៖ "ឯង​ត្រូវ​ដេក​នៅ​មុខ​ផ្ទះ យាម​ផ្ទះ ស៊ី​សំណល់​សល់​ពី​ម្ចាស់​ឱ្យ​បាន​២៥​ឆ្នាំ"

ឆ្កែ​ក៏​ឆ្លើយ​តប៖ "យាម​ផ្ទះ​ ស្រែក​ព្រូស​រាល់​ថ្ងៃ ​ហើយ​សម្រាក​បាន​តែ​ពេល​យប់​រស់​បាន​យ៉ាង​យូរ​ត្រឹម​១០​ឆ្នាំ​ទេ​ក្រាប​ទូល"

ព្រះ​ជា​ម្ចាស់​ក៏​យល់​ព្រម​នឹង​សំណើ​នេះ​។

​ថ្ងៃ​បន្ទាប់​មក​ទៀត ទ្រង់​ក៏​បង្កើត​មនុស្ស ហើយ​បាន​និយាយ​ថា៖ "ចូរ​ឯង​​ដេក​ហើយ​ស៊ី លេង​តាម​សប្បាយ​ មិន​បាច់​ធ្វើ​ការ​អ្វី​ទាំង​អស់ ហើយ​រស់​ឱ្យ​បាន​២០​ឆ្នាំចុះ"

មនុស្ស​ក៏​ឆ្លើយ​វិញ​ថា៖ "ជីវិត​រស់​ស្រួល​បែប​នេះ ត្រឹម​២០​ឆ្នាំ​ដូច​ជា​ឆាប់​ពេក​ហើយ​ព្រះ​អង្គ"

ព្រះ​ជា​ម្ចាស់​មិន​បាន​តប​ថា​យ៉ាង​ណា​ តែ​មនុស្ស​ក៏​និយាយ​បន្ត "សូម​ទ្រង់​យក​សត្វ​ទាំង​នេះ​ទៅ​វិញ​ចុះ ទាំង​ក្របី​ដែល​រស់​បាន​៤០​ឆ្នាំ ស្វា​រស់​បាន​១០​ឆ្នាំ និង​ឆ្កែ​រស់​បាន​១០​ឆ្នាំ សូម​ទ្រង់​ផ្ដល់​អាយុ​របស់​សត្វ​ទាំង​នេះ​មក​ទូល​បង្គំ​ទាំង​អស់​មក ទូល​បង្គំ​នឹង​រស់​បាន​៨០​ឆ្នាំ។

ព្រះ​ជា​ម្ចាស់​ងក់​ព្រះ​សិរ​យល់​ព្រម។

ហេតុ​នេះ​ហើយ ទើប​មនុស្ស​យើង​អាច​រស់​ដោយ​ស្រណុក​ស្រួល​ខ្លួន មិន​ត្រូវ​ប្រើ​ខួរ​ក្បាល​ខ្វល់​ខ្វាយ​ពី​អ្វី​ទាំង​អស់ គិត​តែ​ពី​សប្បាយ មាន​ស៊ី​ស្រាប់ មាន​កន្លែង​ដេក​ស្រាប់​រយៈ​ពេល​២០​ឆ្នាំ។

បន្ត​មក​ទៀត​ត្រូវ​ធ្វើ​ការ​ធ្ងន់​ដូច​ក្របី​​៤០​ឆ្នាំ​ដើម្បី​រក​លុយ​ចិញ្ចឹម​គ្រួសារ

និង​​១០​ឆ្នាំ​ទៀត​​ ពេល​ខ្លួន​ក្លាយ​ជា​ជីដូន​ជី​តា​គេ អាច​ប្រលែង​លេង​ជាមួយ​ចៅៗ​បាន យ៉ាង​ក្អាកក្អាយ​ដូច​សត្វ​ស្វា

ចំណែក​១០​ឆ្នាំ​ចុងក្រោយ​គឺ​​បាន​ត្រឹម​អង្គុយ​មួយ​កន្លែង​នៅ​មុខ​ផ្ទះ​ដូច​សត្វ​ឆ្កែ​ មិន​អាច​ដើរ​ហើរ ឬ​ធ្វើ​សកម្មភាព​បាន​ដូច​ពី​មុន​ទៀត​ឡើយ៕

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម