​​ហេតុ​អ្វី​​ពេល​​​លួច​​​ស្រលាញ់​​គេ ​​​រំភើប​តែ​ម្នាក់​ឯង​​​​ ខូច​​ចិត្ត​ក៏​តែ​ម្នាក់​ឯង​?

  • 2018-12-19 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​ពេល​លួច​​ស្រលាញ់​​នរណា​ម្នាក់​​​ ឲ្យ​តែ​​បាន​ជួប​មុខ​​គេ​ម្តងៗ​ អ្វី​ៗ​​​ហាក់​​ដូច​ជា​​ស្រស់បំព្រង​​ខុស​​ពី​​ធម្មតា​។ ក្នុង​ចិត្ត​​​​នឹក​​ស្រមៃ​​ថា បើ​​ថ្ងៃ​ណា​មួយ​​​​អ្នក​ទាំង​ពីរ​បាន​​គ្នា​ជា​គូ​​ពិត​មែន​ ​អ្នក​ច្បាស់​ជា​​​ធ្វើ​ឲ្យ​​​ស្នេហា​​មួយ​នេះ​ផ្អែម​ល្ហែម​​​ដូច​ក្នុង​​​រឿង​ភាគ ​មិន​​ឈ្លោះ​ប្រកែក​ មិន​​​ខឹង​​ប្រចណ្ឌ​ផ្តេសផ្តាស ប៉ុន្តែ​​​​អ្វី​ៗ​ត្រឹម​​ជា​ក្តី​ស្រមៃ​​​ដែល​គ្មាន​​ថ្ងៃ​​​​ក្លាយ​ជា​ការ​​​ពិត​​។ ភាគ​ច្រើន​​អ្នក​លួច​​​ស្រលាញ់​គេ​ ​គឺ​កើត​ចេញ​​​ពី​អារម្មណ៍​​តែ​ម្ខាង ​​​​​​​​​ឯ​ម្ខាង​ទៀត​​មិន​ដឹង​​ខ្លួន​ទាល់​តែ​សោះ​ក៏​​មាន​។ នេះ​អាច​មក​ពី​អ្នក​​​គិត​​​​​​​ផ្សេង​ធ្វើ​​ផ្សិង​នៅ​ចំពោះ​មុខ​​គេ ខ្វះ​​​​​​ភាព​​ក្លាហាន​​​​​​​មិន​​​​ហ៊ាន​​​​​​បញ្ចេញ​​។

ពេល​បាន​​និយាយ​ជាមួយ​​គ្នា​​​ បេះ​ដូង​លោត​ញាប់​ កែវ​​ភ្នែក​ស្រស់​​ថ្លា ហើយ​ក៏​បន្ត​​​តាម​ដាន​គេ​នៅ​​ក្នុង​​បណ្តាញ​សង្គម​​​​ឥត​ឈប់ឈរ ដោយ​សារ​តែ​​​ខួរ​ក្បាល​​​​បាន​ផ្តិត​ជាប់​រូប​​របស់​គេ បើ​មិន​​បាន​ឃើញ​មួយ​ថ្ងៃ​គឺ​​នៅ​មិន​សុខ​ឡើយ។ អារម្មណ៍​​បែប​នេះ​​ពិបាក​​ទប់​ទល់​ជាមួយ​​​ខ្លាំង​ណាស់ ជួន​កាល​​វា​បាន​ធ្វើ​ឲ្យ​អ្នក​​បាត់​បង់​ភាព​ជា​​ខ្លួន​ឯង មាន​រឿង​​លាក់​បាំង​ក្នុង​ចិត្ត​អន្ទះសា​ចង់​ឲ្យ​គេ​ដឹង​​តែ​​មិន​យល់​ថា​​គួរ​ធ្វើ​បែប​ណា​ ពេល​​​ខ្លះ​​​រវល់​​តែ​​គិត​ខ្វល់​ពី​គេ​ រហូត​​​មិន​អាច​​ផ្តោត​​ចិត្ត​ធ្វើ​រឿង​អ្វី​​ផ្សេង។

​អ្នក​​តែង​​​ខ្លាច​មនុស្ស​​ដែល​អ្នក​​កំពុង​តែ​លួច​ស្រលាញ់​​ ទៅ​​​​​ចាប់​ចិត្ត​លើ​​នរណា​ផ្សេង​​​ដែល​ល្អ​ជាង​អ្នក ស្អាត​ជាង​អ្នក មាន​ជាង​អ្នក​ ពូកែ​ជាងអ្នក​។​ សូម្បី​តែ​​​​​ពេល​​​គេ​នៅ​ជិត​គ្នា​​​ស្និទ្ធស្នាល​​ដូច​​មិត្តភ័ក្តិ​ ក៏​អ្នក​លួច​​ច្រណែន​​​ឈឺ​​​​ចាប់​ ខ្លាច​​ថ្ងៃ​ណា​មួយ​​ម្ចាស់​​​​គ្រង​បេះដូង​របស់​គេ​​ជា​​នរណា​ផ្សេង​មិន​មែន​អ្នក។

ភាព​ស្ងប់​​ស្ងាត់​របស់​អ្នក ​បាន​ធ្វើ​ឲ្យ​គេ​មិន​​អាច​​កត់​​​សម្គាល់​ដឹង​​ថា​ អ្នក​កំពុង​តែ​លួច​ស្រលាញ់​​​នោះ​ទេ។ ទី​​​​បញ្ចប់​​​​អ្នក​​​​ស្រលាញ់​គេ​តែ​ម្នាក់​ឯង ឈឺ​​​ចាប់​​ក៏​​គ្មាន​នរណា​ដឹង ហើយ​​​ចាប់​​ផ្តើម​​បន្ទោស​​ខ្លួន​ឯង បន្ទោស​​និស្ស័យ​ដែល​មិន​អាច​នាំ​អ្នក​​ឲ្យ​ជួប​គ្នា។

បើ​​​​សិន​ជា​ម្នាក់​នោះ​​ ជ្រើស​រើស​​​​​នរណា​ផ្សេង​មិន​មែន​អ្នក ក៏​​មិន​គួរ​ទម្លាក់​កំហុស​​បន្ទោស​​​គុំ​​ខឹង​អី​​ដែរ ចាត់​ទុក​​ថា​​ព្រហ្មលិខិត​ពិត​ជា​មិន​អាច​​​កំណត់​​ឲ្យ​​អ្នក​​ទាំង​ពីរ​ជា​គូ​នឹង​គ្នា​​ ហើយ​​ព្យាយាម​​បើក​​ចិត្ត​​សម្លឹង​មើល​​អ្នក​ផ្សេង នោះ​​អ្នក​​​​នឹង​បាន​ដឹង​ថា លើ​​លោក​នេះ​មិន​ខ្វះ​ទេ​មនុស្ស​ល្អ​​ស័ក្តិសម​ជាមួយ​អ្នក៕​​​​​​​​​​​​​​​​​​​​​​​​

ចុចអានបន្ត៖ កុំ​ស្រលាញ់​មនុស្ស​ប្រុស​ដែល​មិន​ព្យាយាម​ធ្វើ​អ្វី​សោះ ដើម្បី​បាន​​បេះដូង​អ្នក

ប្រភព៖ Mensxp ប្រែ​សម្រួល៖ ដេត ឈុនអ៉ី